ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់អំពីកត្តាល្អប្រសើរ និងជាលទ្ធផលដ៏ប្រពៃបំផុតចំពោះការទទួលយកដំណោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ។ ភាពត្រូវរ៉ូវគ្នាតាមមធ្យោបាយសម្របសម្រួលទាំងនោះបានបង្ហាញនូវស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព និងគ្មានអ្នកចាញ់គ្មានអ្នកឈ្នះ។

ក្នុងឱកាសបើកសិក្ខាសាលាស្តីអំពីនីតិវិធីដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដីកាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកំពតឌីយ៉ាងម៉ង់ លោកទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ថាក្រសួងដែនដីមានបេសកកម្មការងារលើវិស័យសំណង់ ដីធ្លី លំនៅស្ថាន រៀបចំដែនដី ពិសេសការរកដំណោះស្រាយវិវាទដីធ្លីជាដើម។ មកដល់ពេលនេះ ក្រសួងដែនដីដោះស្រាយករណីវិវាទបាន៧.៩២៩ករណី លើសំណុំរឿងចំនួន៨.៧០០។ ដោយឡែក ដំណោះស្រាយតាមរយៈអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីអនុវត្តបាន១.៧៦៦ករណី លើសំណុំរឿង ចំនួន១.៨៩៨។ ក្នុងទូទាំងប្រទេសនៅមានវិវាទដីធ្លីសេសសល់មិនដល់៩០០ករណីនោះទេ។

លោករដ្ឋលេខាធិការបានបន្តថា ការជួបជុំគ្នានាថ្ងៃនេះជាផ្នែកសំខាន់មួយក្នុងកិច្ចពិភាក្សា និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលនៅសេសសល់ ក៏ដូចជាទប់ស្កាត់មិនឱ្យមានទំនាស់ដីធ្លីកើតឡើងបន្ថែមទៀត។ ផ្អែកតាមបទពិសោធន៍ និងដើម្បីឆ្លើយតបតាមការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល លោកសូមលើកទឹកចិត្តដល់អាជ្ញាធរឃុំសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ព្រោះ នេះជាមធ្យោបាយមួយដ៏ល្អប្រសើរបំផុត។ ភាពត្រូវរ៉ូវគ្នាតាមរយៈកិច្ចសម្របសម្រួលទាំងនោះបានបង្ហាញនូវស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព និងគ្មានអ្នកចាញ់គ្មានអ្នកឈ្មះ។ លោកទេព ធនបានបញ្ជាក់ថាប្រទេសជាច្រើនលើពិភពលោកក៏បានប្រើប្រាស់វិធីសាស្ត្រដូចគ្នានេះដែរ។ នៅពេលដែលការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធត្រូវបានបញ្ចប់ នោះទំនាស់ដីធ្លីនឹងត្រូវលុបបំបាត់ទាំងស្រុង៕B/