ដោយ:គង់ហេង/កំពង់ចាម ៖ នីតិវិធីធ្វើសមាហរណកម្មច្របាច់បញ្ចូលគ្នាមន្រ្តីរាជការ តាមបណ្តាការិយាល័យចំនួន ១៣តាមបណ្តាស្រុកក្រុងនីមួយៗទាំង ១០ របស់ខេត្តកំពង់ចាមត្រូវបានបិទបញ្ចប់ហើយ បន្ទាប់ពីចំណាយពេលចំនួន ពីរ ថ្ងៃដើម្បីប្រកាសបង្កើតរចនាសម្ព័ន្ធថ្មី ឳ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុកក្រុងតែមួយវិញ។ ដោយលើកលែងតែការិយាល័យពន្ធដារ និងការិយាល័យសុខាភិបាលប៉ុណ្ណោះ គឺនៅបន្តរចនាសម្ព័ន្ធដដែល។
លោក អឿ វឿន នាយកទីចាត់ការធនធានមនុស្សសាលាខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២០ថា នីតិវិធីបន្តគណ:កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រធិបតេយ្យនៅថ្នាក់ក្រោមជាតិ( គ.ជ.អ.ប) នឹងរៀបចំបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់រចនាសម្ព័ន្ធនេះ។
លោកនាយកទីចាត់ការធនធានមនុស្សឳ្យដឹងទៀតថា ការបើកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយខាងលើ ដែលខាងលេខាធិការដ្ឋាន គ.ជ.អ.បជាអ្នករៀបចំគឺ នឹងប្រព្រឹត្តទៅចាប់ពីសប្តាហ៍ក្រោយនេះតទៅ។ ដែលនឹងចាប់ផ្តើមដំបូងពីថ្នាក់ខេត្ត ហើយបន្តទៅកាន់ថ្នាក់ក្រុងស្រុកទៀត។
គួរបញ្ជាក់ថា ខេត្តកំពង់ចាមបានចាប់ផ្តើមនីតិវិធីប្រកាសធ្វើសមាហរកម្មច្របាច់បញ្ចូលគ្នាមន្រ្តីរាជការតាមបណ្តាការិយាល័យស្រុកក្រុងទាំង ១០ របស់ខ្លួនចាប់រយ:ពេល ពីរ ថ្ងៃ គឺថ្ងៃទី ១១-១២ ខែកុម្ភ: ឆ្នាំ២០២០។ ដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានអញ្ជើញទៅកាន់ស្រុកស្រីសន្ធរ និងស្រុកកំពង់សៀមនៅថ្ងៃទី ១២ កុម្ភ:។ ចំណែកស្រុកក្រុងចំនួន ប្រាំបី ផ្សេងទៀតប្រគល់ជូនលោក លោកស្រីជាអភិបាលរងខេត្ត។
ជាលទ្ធផលទទួលបានមន្រ្តីរាជការត្រូវបានប្រកាសធ្វើសមាហរណកម្មច្របាច់បញ្ចូលគ្នាពី ការិយាល័យចំនួន ១៣ នៅក្នុងស្រុកក្រុងនីមួយៗ ឳ្យស្ថិតក្រោមរដ្ឋបាលស្រុកក្រុងតែមួយរបស់ខេត្តកំពង់ចាមចំនួន ១០ស្រុកក្រុង នោះ គឺមានមន្រ្តីរាជការសរុបចំនួន ៦០៧ នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ១៨៨នាក់៕B/