ដោយ៖តារារិទ្ធ(ភ្នំពេញ)៖អាជ្ញាធរកម្ពុជាបានរកឃើញថាមានភ្ញៀវទេសចរចំនួន២០នាក់ដែលស្ថិតនៅលើកប៉ាល់ Westerdam ដែលត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០២០ មានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូស ជាដើម តែមិនមានរោគសញ្ញាវីរុសកូរ៉ូណានោះទេ ។ ទោះបីជាយ៉ាងនេះក្ដី និងដើម្បីឲ្យដឹងច្បាស់នោះកំហាករបស់ពូកគេត្រូវបានមន្ដ្រីសុខាភិបាលនិងមន្ដ្រីអង្គការសុខាភិបាលពិភពលោក(WHO)យកទៅធ្វើតេស្ដទៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញតាមឧទ្ធម្ភាគចក្រភ្លាមៗ នៅវេលាថ្ងៃត្រង់ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

មន្ត្រីសាលាខេត្តព្រះសីហនុបានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកថា៖ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងកប៉ាល់និងមន្ដ្រីសុខាភិបាលរបស់យើងដែលបានចុះទៅពិនិត្យជាក់ស្ដែងទៅលើភ្ញៀវទេសចរនិងអ្នកបម្រើការងារនៅលើកប៉ាល់ទាំងជាង២០០០នាក់បានបង្ហាញថាមានតែមនុស្សប្រមាណ២០នាក់ប៉ុណ្ណោះដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច តែពាក់ព័ន្ធនឹងបញ្ហាក្រពះ ពោះវៀន និងរាករូសជាដើមមិនពាក់ព័ន្ធមេរោគកូរ៉ូណាទេ។

មន្ត្រីដដែលនេះបានឲ្យដឹងទៀតថា ទោះបីមានការបញ្ជាក់បែបនេះក៏ដោយ តែកំហាករបស់ពួកគេក៏ត្រូវបានដឹកយកទៅធ្វើតេស្ដនៅវិទ្យាស្ថានប៉ាស្ទ័រភ្លាមៗដើម្បីបញ្ជាក់ពីលទ្ធផលពិតប្រាកដ ។ ជាមួយគ្នានេះមន្ត្រីរូបនោះក៏បានប្រកាសអំពាវនាវនិងច្រានចោលព័ត៌មានឬក៏បណ្ដាញសង្គមមួយចំនួនដែលដាក់ ការសង្ស័យទៅលើវិរុសកូរ៉ូណាកើតមានលើក្រុមភ្ញៀវទេសចរខ្លះ នាំឲ្យមានការយល់ច្រឡំនិងចលាចលដល់សង្គម។ជាមួយគ្នានេះភ្ញៀវទេសចរទាំង២០ នាក់ក៏ត្រូវបានក្រុមមន្ត្រីដាក់ឲ្យស្ថិតនៅបន្ទប់ដាច់ដោយឡែកនៅលើកប៉ាល់ផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាននិងភាគីនាវាកំពុងសហការគ្នារៀបចំសម្រួលឯកសាររដ្ឋបាលចាំបាច់ឲ្យបានលឿនបំផុត ។ ក្រោយការពិនិត្យសុខភាពនៅលើនាវាផ្ទាល់ អ្នកដំណើរក៏មិនត្រូវបានតម្រូវឲ្យចេញដើរដោយសេរីនោះទេ។ ពោលគឺសម្រាប់តែទេសចរមួយចំនួនដែលបានទិញសំបុត្រយន្តហោះរួចមានប្រមាណ ៥០០នាក់ខណៈអាជ្ញាធរកម្ពុជារៀបចំសម្រួលដំណើរពួកគេទៅកាន់អាកាសយានដ្ឋាននិងឯកសារផ្សេងៗ ៕Ha
