ដោយ:សុផានីតា/កោះកុង ៖ អនុប្រធានសាខាពន្ធដារប្រចាំខេត្តកោះកុង បានបង្ហាញ ថា នៅឆ្នាំ២០១៩កន្លងទៅ មន្រ្តីពន្ធដាររបស់លោកទទួលថវិកាជាង២.៩៣៨លានរៀលជាចំណូលចូលរដ្ឋដែលបានមកពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទ។

សន្ទះនៃចំនួនអ្នកចូលរួមបង់ពន្ធលើមធ្យោបាយដឹកជញ្ចូន និងយានជំនិះគ្រប់ប្រភេទនៅក្នុងខេត្តកោះកុង បានកើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០១៩កន្លងទៅ ពោលគឺទទួល២ពាន់៩៣៨លានរៀលលើសផែនការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារកំណត់រកចំណូលត្រឹមតែ១.៦០០លានរៀលប៉ុណ្ណោះ។

នេះជាការបញ្ជាក់របស់លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ។ លោកបានបន្ថែមទៀតថា តួលេខចំណូលដែលទទួលបានលើសពីការរំពឹងទុកនេះ បើធៀបនឹងឆ្នាំ២០១៨កើន១៨៣%។ រាល់ថវិកាប្រមូលបានបញ្ចូនទៅកាន់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផែនការអភិវឌ្ឍន៍ប្រទេសជាតិ។

អំឡុងពេលផ្តើមប្រតិបត្តិការចុះត្រួតពិនិត្យលើមធ្យោបាយ និងយានជំនិះគ្រប់ប្រភេទនៅចំណុចអូរស្រីស្រណោះ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្រុងខេមរភូមិន្ទ លោក ឡុង ស៊ីប៉ូ អះអាងពីមូលហេតុដែលធ្វើឱ្យចំណូលពន្ធលើមធ្យោបាយ និងយានជំនិះមានសន្ទះ កើនឡើង​យ៉ាងដូច្នេះ ក៏ព្រោះតែប្រជាពលរដ្ឋ និងមន្រ្តីមន្ទីរអង្គភាពរដ្ឋ មានការយល់ដឹងច្រើនពីកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយជាងមុន។

ទន្ទឹមនោះ លោក ឡុង ស៊ីប៉ូ ក៏សំណូមពរដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់មានយានយន្តជាប់កាតព្វកិច្ចបង់ពន្ធបន្តសហការថែមទៀត ដើម្បីបង្កើនចំណូលចូលរដ្ឋ និងជៀស វាងរងការផាកពិន័យនៅតាមដងផ្លូវសាធារណៈខាតបង់ថវិកា ពេលវេលា និងប៉ះពាល់ដល់អាជីវកម្មរកស៊ីទទួលទានប្រចាំថ្ងៃ។

គួរជម្រាបថា ជាយន្តការពង្រីកវិសាលភាពក្នុងការត្រួតពិនិត្យចំពោះយានយន្តដែលបានបង់ពន្ធពិតប្រាកដ និងមិនបានបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាពិនិត្យQR-Codeលើក្រដាសពន្ធតាមទូរស័ព្ទ ដោយធ្វើឱ្យអ្នកជាប់ពន្ធពុំអាចបិទបាំងព័ត៌មាន ឬគេចវេសបានឡើយ​។

ដំណើរការប្រតិបត្តិការចុះត្រួតពិនិត្យ និងផាកពិន័យដល់យានជំនិះមិនបានបង់ពន្ធ ផ្តើមអនុវត្តរៀងរាល់ឆ្នាំ ចាប់ពីខែកុម្ភៈដល់មីនា។ កន្លងទៅ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល ក៏បាន​អំពាវនាវ​ឲ្យ​មន្ត្រី​យោធាដែលជា​ឧ​ត្ត​ម​សេនិយ៍​​ទាំង​អស់ ដែលមាន​លុយ​​ទិញ​ឡាន​​ជិះ​ត្រូវ​ចូលរួម​បង់ពន្ធ​ឲ្យ​រដ្ឋផងដែរ។ ​ការអនុវត្ត​បង់ពន្ធ​ចំណូល​ចូល​រដ្ឋ ​គឺជា​ការបង្កើត​លទ្ធភាព​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការដំឡើង​ប្រាក់ខែ​ដល់​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល រួមទាំង​លទ្ធភាព​សម្រាប់​បង្កើន​ការ​វិនិ​យោគ​​​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស៕B/