មនុស្សប្រមាណ១០.០០០នាក់នៅជិតរដ្ឋធានីវៀតណាម កំពុងត្រូវដាក់នៅដាច់ពីគេកាលលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ ក្រោយពីការឆ្លងកូរ៉ូណាវីរុស៦ករណីត្រូវបានរកឃើញនៅទីនោះ។
ការរាំងខ្ទប់មនុស្សស្ទើរមួយឃុំសុន ឡយ ក្នុងខេត្តវិញហ្វ៊ុក ចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុងហាណូយនេះជាការធ្វើចត្តាឡីស័កមនុស្សទ្រង់ទ្រាយធំលើកដំបូងនៅក្រៅប្រទេសចិន ចាប់តាំងពីវីរុសនេះបានលេចមុខឡើងដំបូងនៅចិនភាគកណ្តាលកាលពីចុងឆ្នាំមុន។
សេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា«ចាប់ពីត្រឹមថ្ងៃ១៣កុម្ភៈ ឆ្នាំ២០២០ យើងនឹងអនុវត្តការងារចត្តាឡីស័កតំបន់មានការឆ្លងវីរុសនៅក្នុងឃុំ សុន ឡយ។រយៈពេលនៃការធ្វើចត្តាឡីស័កនេះ២០ថ្ងៃ»។
សុន ឡយ ជាតំបន់ធ្វើកសិកម្ម ផ្សំឡើងដោយភូមិជាច្រើន។
ក្រសួងសុខាភិបាលកាលពីមុនបាននិយាយថាមនុស្ស៥នាក់នៅសុន ឡយ បានឆ្លងវីរុស និងកាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា មានការឆ្លង៦ករណី។
ប៉ូលិសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ដាក់ប៉ុស្តិ៍ត្រួតពិនិត្យការចេញចូលភូមិនៅឃុំសុន ឡយ ជាច្រើន នៅពេលបុគ្គលិកសុខាភិបាល ពាក់ម៉ាស់មុខនិងសម្លៀកបំពាក់ការពារ បាញ់ថ្នាំសម្លាប់មេរោគ។
អ្នកភូមិម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថាអាជ្ញាធរបានណែនាំអ្នកភូមិអោយចៀសវាងកន្លែងមានមនុស្សច្រើនៗ ហើយ«ការរស់នៅចាប់ផ្តើមប៉ះពាល់ ។ឥឡូវយើងមិនអាចចេញពីភូមិដូចធម្មតាបានទេ»។
សូមបញ្ជាក់ថា មនុស្សជាង១.៣៥០នាក់បានស្លាប់នៅចិនដោយសារកូរ៉ូណាវីរុសថ្មី និងជិត៦០.០០០នាក់ផ្សេងទៀតបានឆ្លងចាប់តាំងពីពេលវាបង្ហាញមុខឡើងដំបូងនៅក្រុងវូហាន កាលពីដើមខែមករា។ឥឡូវចិនធ្វើចត្តាឡីស័កនៅពេញខេត្តហ៊ូប៉ីនិងតំបន់មួយចំនួនទៀតដោយប៉ះពាលមនុស្សប្រមាណ៥៦លាននាក់។
វៀតណាមដែលមានព្រំប្រទល់ជាប់ចិនបានហាមឃាត់ជើងហោះហើរទាំងទៅនិងមកពីចិន តែនៅតែមានការឆ្លងវីរុសនេះ១៦ករណី រួមទាំងអ្នកនៅឃុំ សុន ឡយ ផង៕ប្រែសម្រួល៖វាសនា
ប៉ូលិសវៀតណាមឈរយាមនៅប៉ុស្តត្រួតពិនិត្យនៅច្រកចូលភូមិមួយក្នុងឃុំ សុន ឡយ