មេបញ្ជាការកំពូលអាម៉េរិកម្នាក់ព្រមានថា ការបញ្ចប់កិច្ចព្រមព្រៀងយោធាជាមួយហ្វីលីពីននឹងប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម

443
ចែករម្លែក

មេបញ្ជាការកំពូលរបស់អាម៉េរិកម្នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ បានព្រមានថា ការបញ្ចប់សន្ធិសញ្ញាសន្តិសុខជាមួយហ្វីលីពីននឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងភេរវកម្មនៅភាគខាងត្បូងនៃប្រទេសនេះ។

មន្ត្រីយោធាជាន់ខ្ពស់របស់វ៉ាស៊ីនតោនប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក លោកឧត្តមនាវីឯក ហ្វីលីព ដេវីដសុន (Philip Davidson) បាននិយាយថា លោកសង្ឃឹមថាការសម្រេចចិត្តរបស់ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែត ដើម្បីលុបចោលកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យកងកម្លាំងអាម៉េរិកមានមូលដ្ឋាននៅក្នុងប្រទេសនេះ នឹងត្រូវពិចារណាឡើងវិញ។

លោកដេវីតសុននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងស៊ីដនីថា របបក្រុងម៉ានីលបានផ្តល់ “សេចក្តីជូនដំណឹងរយៈពេល ១៨០ ថ្ងៃ ដូច្នេះយើងមានពេលវេលាខ្លះសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ ខ្ញុំសង្ឃឹមថាយើងអាចទទួលបានលទ្ធផលជោគជ័យ”។

លោកត្រាំបាននិយាយថាលោកនឹង “មិនអីទេ” ជាមួយនឹងការបញ្ចប់កិច្ចព្រមព្រៀងស្តីពីកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ច ព្រោះវានឹងជួយសន្សំលុយអាម៉េរិក “ច្រើនណាស់”។

ប៉ុន្តែលោកដេវីតសុនបានទទូចថាចំណាត់ការនេះនឹងរារាំងប្រតិបត្តិការយោធានៅកោះមីនដាណាវ ស្រុកកំណើតរបស់លោកឌុយទែត កន្លែងដែលអំពើហិង្សារបស់ក្រុមបំបែកខ្លួននិងក្រុមអ៊ីស្លាមជ្រុលនិយមបានសម្លាប់មនុស្សប្រហែល ១០០.០០០ នាក់។

លោកបានព្រមានថា “សមត្ថភាពរបស់យើងក្នុងការជួយហ្វីលីពីនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជ្រុលនិយមនៅភាគខាងត្បូង សមត្ថភាពរបស់យើងក្នុងការបង្វឹកនិងធ្វើប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីននិងជាមួយកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងត្រូវជួបការប្រឈម បើគ្មានកិច្ចព្រមព្រៀងស្តីពីកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ចទេនោះ”៕ ដោយ៖ កញ្ញាដាលីស

លោកឧត្តមនាវីឯក ហ្វីលីព ដេវីដសុន ថាការបញ្ចប់កិច្ចព្រមព្រៀងស្តីពីកងកម្លាំងអាម៉េរិកដែលមកធ្វើទស្សនកិច្ច នឹងរារាំងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម

ទីតាំងផ្សាយពាណិជ្ជកម្ម