ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រាយ បញ្ហាសំណង់មិនរៀបរយនៅតាមបឹង ប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយផលប៉ៈពាល់ជូន ប្រជាពលរដ្ឋហើយ កុំឱ្យពួកគេទៅរស់នៅកន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះ ស្រាយបញ្ហានេះច្រើនដងឬមិនចេះចប់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅចំនួន១៦៨នាក់នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះនៅសាលាខណ្ឌព្រែកព្នៅ។

ក្នុងឱកាសនោះលោកអភិបាលរាជធានីភ្នំពេញកោតសរសើរខណ្ឌព្រែកព្នៅដោះស្រាយបញ្ហាប្រឈមចំនួន២ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រសប្បាយរីករាយ។លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា កិត្តិយសទី១ដែលរដ្ឋបាល ខណ្ឌព្រែកព្នៅទទួលបានពីប្រជាពលរដ្ឋគឺ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាព ខណៈទី២ គឺការរៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ ពិសេសការរំដោះចរា ចរណ៍នៅតំបន់ផ្សារព្រែកព្នៅ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋដោយគ្មានការរំខាននិងប្រកបដោយសុត្ថិភាព។

លោកអភិបាលរាជធានីបន្តថា នេះជាការដោះស្រាយបញ្ហាចំពោះមុខជូនប្រជាពលរដ្ឋ ដែលធ្វើឲ្យខណ្ឌទទួលបានកិត្តិយស។ ប៉ុន្តែលោកអភិបាលនៅតែស្នើឲ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌបន្តដោះស្រាយបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នេះបន្តទៀត ដើម្បីនៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌព្រែកព្នៅនាឱកាសដែល លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៅរដ្ឋបាលខណ្ឌនេះគឺដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពពិសេសស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា៖ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាគណៈបញ្ជាការឯកភាពភាពរដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងអនុវត្តការងារ ពុះពាររាល់ការលំបាកនិងដាក់ចេញនូវវិធានការប្រទាក់ក្រឡានិងប្រើប្រាស់នូវកម្លាំងជំនាញ និងកម្លាំងសរុប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ យ៉ាងមានប្រសិទ្ធភាព ពិសេស ពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិសង្កាត់មានសុវត្ថិភាព ” ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខសាន្ត។ ក្នុងនោះជាការគួរគត់សម្គាល់គឺ សកម្មភាព លួចឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បានកាត់បន្ថយជាអតិបរមានៅមូលដ្ឋានខណ្ឌ និងបានជំរុញភ្នាក់ងារប្រមូលសំរាមតាមសង្កាត់សហការគ្នា ជាមួយសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីមូលដ្ឋានតាមបណ្តាសង្កាត់ ដើម្បីធ្វើការប្រមូលសំរាមមិនឲ្យមានការកកស្ទះយូរថ្ងៃ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថាននៅក្នុងមូលដ្ឋានឡើយ។

គួរបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលមានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដំណើរការទៅប្រកបដោយភាពរលូន ដោយទី១ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឲ្យចាក់គ្រឹះនៅមូលដ្ឋានតាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាងរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២ គឺលើកកម្ពស់និងប្រសិទ្ធភាពនៃការអភិវឌ តាមរយៈការនាំមកនូវការនិងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់វិម្ឈការនិងវិសហមជ្ឈការសំដៅផ្ទេរមុខងារ និងធនធានទៅឲ្យថ្នាក់ក្រោមជាតិដែលនៅមានលទ្ធភាពមានភាពម្ចាស់និងការទទួលខុសត្រូវក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីនិងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។និង ទី៣ ការលើកកម្ពស់និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានពាក់ព័ន្ធនឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕B/