ម​ន្ត្រីៈ សូមអ្នក​ពាក់ព័ន្ធ​រក​ឱ្យឃើញ​ហេតុអ្វី​ជនអនាថា​មិន​ចង់​ទទួលយក​សេវា​ដែល​ផ្តល់ឱ្យ​

​ដោយៈ មេសា​/​ភ្នំពេញៈ ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ងរ​វាង​ក្រ​សួ​សង្គមកិច្ច និង អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ ជា​ហូរហែ​មកនេះ លោក តូច ចាន់នី អគ្គនាយក នៃ អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ ក្រ​សួ​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ​ដែល​ធ្វើការ​លើ​វិស័យ​សង្គមកិច្ច ជាពិសេស​វិស័យ​ជនអនាថា ថា ក្រសួង​សង្គមកិច្ច ក៏ដូចជា​រាជរដ្ឋាភិបាល មាន​គោលបំណង​ច្បាស់លាស់​ក្នុង​ការជួយ​យិ​ត​យោង​ជនអនាថា​គ្រប់​ប្រភេទ ឱ្យ​រួច​ចាក​ផុតពី​ភាព​អនាថា ព្រោះ​ភាពជា​ជនអនាថា ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ផង ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ផង ហើយក៏​ធ្វើឱ្យ​ពួកគេ​ងាយ​ប្រឈម​នឹង​ភាព​រងគ្រោះ​ផ្សេងៗ​ផង ។ ប៉ុន្តែ​យើង​ឃើញថា ជនអនាថា​ទាំងឡាយ មិន​ចង់ ឬ មិន​ព្រម​ទទួលយក​តែម្តង នូវ​សេវា​ដែល​ផ្តល់ឱ្យ​ដោយ​រាជរដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ ។ ដូច្នេះ​សូមអ្នក​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​រួមគ្នា​រកឱ្យឃើញ​ថា ហេតុអ្វី​បានជា​ពួក​ជនអនាថា​មិន​ចង់​ទទួល​យកបែប​នោះ ហើយ​ត្រូវ​ដោះស្រាយ​យ៉ាងណា​ឱ្យមាន​ប្រសិទ្ធភាព


​សេវា​ផ្តល់ឱ្យ​ដោយ​រដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាល ដែល​លោក តូច ចាន់នី លើកឡើង ជាទូទៅ គឺជា​សេវា​ដែល​ផ្តល់ឱ្យ​នៅតាម​ម​ណ្ឌ ឬ នៅតាម​សហគមន៍​ខ្លះ​ដែរ ដែល​អាច​និយាយ​ម្យ៉ាង​ទៀតថា ដើម្បី ឱ្យ​ជនអនាថា​ទាំងនោះ​ទទួលបាន​សេវា គឺ​តម្រូវឱ្យ​ពួក​ជនអនាថា​ស្នាក់នៅ​ក្នុង​មណ្ឌល ដែល​គ្រង់​គ្រង​ដោយ​រដ្ឋ ឬ ដោយ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង អន្តរជាតិ ដែលជា​ដៃគូ ហើយ​នៅតាម​សហគមន៍ ក៏​ពួកគេ​ត្រូវគោរព​កាតព្វកិច្ច​មួយចំនួន ដូចជា​ត្រូវ​យកចិត្តទុកដាក់​រៀន​សូត្រ​យក​ជំនាញ​ជាដើម ។​


​ជា​ការពិតហើយ​ថា បើទោះបីជា​អ្នកពាក់ព័ន្ធ​ទាំងឡាយ បាន​ខិតខំ​ប្រឹង​បង្កើន​ជា​បន្តបន្ទាប់​ក្តី ក៏​គុណភាព នៃ សេវា ដែល​ផ្តល់ឱ្យ​ជនអនាថា ត្រូវបាន​ទទួលស្គាល់ថា នៅមានកម្រិត​នៅឡើយ ហើយ​កន្លងមក​ក៏ត្រូវ​បានដឹង​ឮជា​ទូទៅ​ដែរ​ថា មូល​ហេតុដែល​ជនអនាថា មិន​ចង់​រស់នៅក្នុង​មណ្ឌល ព្រោះ​នៅ​ទីនោះ មាន​វិន័យ​ច្បាស់លាស់​មួយចំនួន​ដែល​ពួកគេ​ត្រូវអនុវត្ត ធ្វើឱ្យ​ពួកគេ​មិនអាច​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​ដូចដែល​ពួកគេ​រស់នៅ​តាម​ចិញ្ចើមថ្នល់ ហើយ​ចំពោះ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​អ្វីដែល​កាន់តែ​ផ្ទុយ​ពី​ចំណង់​ចំណូ​លិ​ចិត្ត​របស់​ពួក​ជនអនាថា​ទាំងនោះ ពោលគឺ​ពួកគេ​មិន​ចូលចិត្ត​រៀនសូត្រ​ឡើយ ព្រោះ​ការសិក្សា​យកចំណេះ ឬ ជំនាញ តម្រូវឱ្យ​ពួកគេ​យកចិត្តទុកដាក់ ហើយ​នោះ​គឺជា​អ្វីដែល​ពួកគេ​មិន​ចូលចិត្ត ខណៈ​មួយផ្នែក​ទៀត​ត្រូវបាន​រកឃើញថា ការ​នៅ​ភាពជា​ជនអនាថា ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​រកលុយ​កាក់​បាន ដូចជា​តាមរយៈ​ការសុំ​ទាន និង​ច្រៀង​តាម​ចិញ្ចើមថ្នល់​ជាដើម រួចហើយ​ពួកគេ​ក៏​អាច​ចាយវាយ​លុយកាក់​ទាំងនោះ​យ៉ាង​សប្បាយ​តាម​ទំនើងចិត្ត ( ករណីខ្លះ​មាន​ជនខិលខូច​នៅ​ពីក្រោយ​ខ្នង ) ។​


​ដូច្នេះ ប្រហែលជា​អាច​និយាយថា ការរក​មូលហេតុ តាម​សំណូមពរ​របស់លោក តូច ចាន់នី វា​ទំនងជា​មិនមែនជា​អ្វីដែល​ពិបាក​ពេក​ទេ ប៉ុន្តែ​អ្វីដែល​ពិបាក​នោះ គឺ “ ត្រូវ​ដោះស្រាយ​យ៉ាងណា​ទើប​មាន​ប្រសិទ្ធភាព “ ព្រោះ​ដើម្បី​ធ្វើ​រឿងនេះ​បាន គឺ​ត្រូវ​ការបង្កើន​គុណភាព​សេវា និង ការចំណាយ​ច្រើន​ថែមទៀត ហើយ​ជាពិសេស​នោះ គឺថា​ត្រូវការ​នូវ​ការចូលរួម​ពី​មនុស្ស​ទូទៅ​ក្នុងសង្គម ពោលគឺ ដ៏​រាប​ណា ពួក​ជនអនាថា នៅតែ​អាច​រកលុយ​កាក់​បាន​ពី​ភាព​អនាថា​របស់​ពួកគេ នោះ​ពួកគេ​មុខជា​មិន​ងាយ​នឹង​បោះបង់​ទង្វើ​របស់​ពួកគេ ហើយ​ងាក​ទៅ​អត់ធ្មត់​ទទួលយក​សេវា​ដែល​ផ្តល់ឱ្យ​ណាស់ ។​


​ក្នុងន័យនេះ ការចូលរួម​ដ៏​សំខាន់បំផុត​របស់​មនុស្ស​គ្រប់គ្នា​ក្នុងសង្គម គឺ​គួរ​ពិចារណា​ឱ្យបាន​ដិតដល់​ថា គួរ ឬ មិនគួរ​ក្នុងការ​បរិច្ចាគ​ដាក់​ទាន​ដល់​ពួក​ជនអនាថា ហើយ​ចំណុច​នេះ វា​ពិតជា​ពិបាក​ណាស់ សម្រាប់​មនុស្ស​សង្គម​ខ្មែរ​ដែល​ឱ្យធ្វើជា​មនុស្ស​ចិត្តដាច់​បែប​នោះ ។ ទោះយ៉ាងណា ការពិចារណា​ឱ្យបាន​ច្បាស់លាស់​មុនពេល​ដាក់​ទាន​ដល់​ពួកគេ នៅតែ​ជា​គន្លឹះ​ដ៏​សំខាន់បំផុត​មួយ ពោលគឺ​ដ៏​រាប​ណា​មនុស្ស​ក្នុងសង្គម​នៅតែ​ដាក់​ទាន​ដល់​ពួកគេ​ដោយសារ​ចិត្ត​អាណិតអាសូរ​ចំពោះ​ពួកគេ នោះ​មានន័យថា​ជាការ​ចង ឬ ក៏​ជា​ដាក់​អន្ទាក់​ពួកគេ​ឱ្យ​ជាប់​នៅក្នុង​ភាព​អនាថា​តទៅទៀត ។​


​ក្នុងន័យនេះ សំណូមពរ​របស់លោក តូច ចាន់នី ខាងលើនេះ ទំនងជា​មិនមែន​ដោយសារ​រូបលោក​ផ្ទាល់ និង អ្នកពាក់ព័ន្ធ​ទាំងឡាយ​មិន​បានដឹង​ពីមុន​មកហើយ​នោះទេ ប៉ុន្តែ​ទំនងជា​ការ​ក្រើនរំឭក​ដល់​អ្នកពាក់ព័ន្ធ​ផង ក៏​ជាការ​ក្រើនរំឭក​ដល់​មនុស្ស​ក្នុងសង្គម​ឱ្យ​រួមគ្នា​គិតគូរ​បន្ថែមទៀត​ច្រើនជាង ព្រោះថា​ទាំង​រដ្ឋាភិបាល និង អង្គការ​សង្គម​ស៊ីវិល បាន​ខិត​ខ​ធ្វើ​រឿងនេះ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​លទ្ធផល​មិនសូវ​បានល្អ​សោះ ដែល​ប្រការនេះ​ទំនងជា​ខ្វះ​ការចូលរួម​ពី​មនុស្ស​ក្នុងសង្គម ។​


​រហូតមកដល់​ពេលនេះ គេ​នៅតែ​ពិបាក​គ្រប់គ្រង​ទិន្នន័យ​ជាក់លាក់ នៃ ជនអនាថា ព្រោះ​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់ ដូចជា​អ្នកខ្លះ សូម្បី​ទទួលបាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ផ្តល់​ដើមទុន​សម្រាប់​ប្រកបមុខរបរ​ហើយ​ក្តី មិនបាន​ប៉ុន្មាន​ផង ដោយ​គ្រាន់តែ​ជួប​ឧបសគ្គ​តិចតួច ពួកគេ​ក៏​បោះបង់​មុខរបរ​ទាំងនោះ​ចោល ដូចជា​អ្នកខ្លះ​លក់​រទេះ ឬ ធុង​ទឺ​ក​អំពៅ​ដែល​ក្រសួង ឬ អង្គការ​ផ្តល់ឱ្យ ហើយ​ទៅ​រស់នៅក្នុង​ភាពជា​ជនអនាថា​វិញ ។​


​ទោះយ៉ាងណា ត្រូវបាន​សង្កេតឃើញថា ជនអនាថា​គ្រប់​ប្រភេទ​នាពេល​បច្ចុប្បន្ននេះ បាន​ថយចុះ​គួរឱ្យកត់សម្គាល់ បើ​ធៀប​ទៅនឹង​ប្រមាណ​ជា ៥ ឆ្នាំមុន ហើយ​បើ​ធៀប​ទៅនឹង​កាលពី ១០ ឆ្នាំមុន​នោះ គឺ​កាន់តែ​ខុសគ្នា​ឆ្ងាយ ហើយ​នោះ​ដោយសារតែ​កិច្ចខិតខំ​របស់​អ្នកពាក់ព័ន្ធ​ទាំងឡាយ ដោយ​ប្រើ​ទាំង​មធ្យោបាយ​ទន់ភ្លន់ ដូចជា​អប់រំ​បណ្តុះបណ្តាល​ជាដើម និង មធ្យោបាយ​តឹងរឹង ដូចជា​ចាប់បញ្ជូន​ទៅក្នុង​មណ្ឌល​ជាដើម ។ ប៉ុន្តែ​ស្ថានភាព​នេះ នៅ​មិនទាន់​ជា​អ្វី​ដែលជា​ក្តី​ប្រាថ្នា​ចង់បាន​របស់​រដ្ឋាភិបាល និង អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ​ត្រូវការ​ប្រាថ្នា​ចង់បាន​នៅឡើយ ។


​សូមជម្រាបថា កាលពី​អំឡុង​ឆ្នាំ ២០១៩ ក្រសួង​សង្គមកិច្ច​គៀរគរ​អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ បាន​ប្រមាណ​ជា ១៣០ អង្គការ ដែលមាន​ថវិកា​ជិត ២០០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ធ្វើកា​រលើ​វិស័យ​សង្គមកិច្ច​រយៈពេល ៣ ឆ្នាំ ហើយ​នៅ​ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២០ នេះ មានការ​ចុះហត្ថលេខា​ជាមួយ​អង្គការ​ចំនួន ១១ ដែលមាន​ថវិកា​ជិត ១៣ លាន​ដុល្លារ​ផ្សេងទៀត សម្រាប់​អនុវត្ត​ការងា​រយៈពេល ៣ ឆ្នាំ វិស័យ​ប្រឆាំង​ការ​ជួញ​ដុ​រម​នុស្ស សុខុមាលភាព​កុមារ សុខុមាលភាព​ជនពិការ និង សុខុមាលភាព​សង្គម ៕Kh

លោក តូច ចាន់នី ស្នើ​ដល់​អ្នកពាក់ព័ន្ធ​រកឱ្យឃើញ​ថា​ហេតុអ្វី​បានជា​ជនអនាថា​មិន​ចង់​ទទួលយក​សេវា​ដែល​ផ្តល់ឱ្យ​ដោយ​រដ្ឋាភិបាល ឬ អង្គការក្រៅរដ្ឋាភិបាល ( រូបៈ មេសា​)
ការរក​លុយ​បាន​ពី​ការ​សុំទាន ជាដើម គឺជា​មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​ជនអនាថា មិនអាច​ដកខ្លួន​ចេញពី​ភាព​អនាថា ខណៈ​ជនអនាថា​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៀតផង ( រូបៈ អ៊ី​ន​ធឺ​ណេ​ត )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...