តារាសម្តែង មាស សៀវប៉ាយ ក្រោយសន្លប់មិនដឹងខ្លួនពេលនេះ សម្រេចដឹកចេញទៅវៀតណាម

530
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្រោយសម្តែង មាស សៀវប៉ាយ បានជួបគ្រោះថ្នាក់ ចរាចរណ៍ សន្លប់ស្តូកស្តឹង ព្រោះតែបញ្ហាគ្រោះថ្នាក់ផ្នែកក្បាលធ្ងន់ធ្ងរ គិតមកដល់ រសៀល ថ្ងៃព្រហស្បតិ៍ ទី១៣ កុម្ភៈ នេះ ក្រុមគ្រួសាររបស់តារាសម្តែង មាសសៀវប៉ាយ និងមានការជ្រោមជ្រែងពីគ្រួសារតារាកម្ពុជា និងសម្រេចបញ្ជូន ទៅព្យាបាលនៅ ប្រទេស វៀតណាមហើយ។

ស្ថាបនិកគ្រួសារតារាកម្ពុជា ផាត់ តារារដ្ឋ និងសមាជិក ដែលជាអ្នកបំផុសអោយមាន ចលនាជួយដល់លោក មាស សៀវប៉ាយ ក្រោយគ្រោះថ្នាក់និយាយថា ទាំងឪពុក និង បងប្អូនរបស់លោក មាស សៀវប៉ាយ ស្ទាក់ស្ទើរមិនទទួលយកការព្យាបាល នៅក្នុង ប្រទេសវៀតណាមនោះទេ ដោយសារតែគ្រួសារទាំងមូលគឺមិនមានលទ្ធភាព ម្យ៉ាង ឪពុករបស់លោកក៏ឈឺមិនមានសុខភាពផង។

យ៉ាងណាមិញក្រោយការពន្យល់ និង សម្អាងលើកម្លាំងសប្បុរសធម៌ ក្រោមការ ជ្រោមជ្រែង របស់គ្រួសារតារាកម្ពុជា គ្រួសាររបស់លោកសម្រេចចិត្តបញ្ជូនចេញ។ លោកថា ការសម្របសម្រួលត្រូវបានចាត់ចែងរៀបរយអស់ហើយ ដោយគ្រួសារ ជន រងគ្រោះមានជំនួយក្នុងដៃពីខាងក្លិបQK និង ពីសប្បុរសជននានាប្រមាណ២ពាន់ដុល្លារ ក្នុងការចេញទៅ ខណៈដែលគ្រួសារតារាកម្ពុជា មានជំនួយប្រមាណជាង១ពាន់ដុល្លារ ផ្សេងទៀត ដើម្បីជួយពីក្រោយ។

លោកថា គ្រួសារតារាកម្ពុជា នឹងបន្តរ៉ៃអង្គាស និងបំផុសជួយដល់តារារូបនេះ អោយអស់លទ្ធភាព បន្ទាប់ពីលោកនៅតែមានសភាពមិនទាន់ដឹងខ្លួន ក្រោយចូល សម្រាកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។ លោកថា “មាស សៀវប៉ាយ ត្រូវបានបញ្ជូន ចេញទៅវៀតណាម ក្រោយរកបានជំនួយសរុបពីគ្រប់ទីប្រមាណជាង ៣ពាន់ដុល្លារ តែយើងមិនអាចទុកអោយសភាពជំងឺនេះ នៅតែធ្ងន់បែបនេះបានទេ យ៉ាងហោច ណាស់ប្រសិនបើគ្រួសារតារាកម្ពុជា អស់លទ្ធភាពក្នុងការអំពាវនាវ និងបំផុសពីកង្វះ ខាតនេះ បានចប់ចុងចប់ដើម ក៏អាចអោយមាស សៀវប៉ាយ ផ្ទាល់គាត់អស់ចិត្ត ចំពោះ ការជួយសង្គ្រោះដែរ”។ លោកថាកម្លាំងសាមគ្គី របស់សប្បុរសជននឹងជួយអោយ លោក មាស សៀវប៉ាយ ទទួលបានការជ្រោមជ្រែងរហូតជា ស្របគ្នា ដែលខាងមន្ទីរ ពេទ្យរុស្ស៊ី ក៏បានបញ្ជាក់ហើយថា លោកមិនមានឈាមកកនៅក្នុងលលាដ៍ ដែលតម្រូវ អោយវះកាត់នោះ។

សូមរំលឹកថា តារាសម្តែង មាស សៀវប៉ាយ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពី វេលាម៉ោង ប្រមាណជា៣យប់ ត្រូវនឹងព្រឹកថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០ តារាសម្ដែងលោក មាស សៀវប៉ាយ ដែលត្រូវគេដឹងធ្វើជាអ្នករត់តុនៅក្នុងក្លិបកន្សាន្ត មួយបន្ថែមពី លើការ សម្ដែង ព្រោះតែជីវភាព ត្រូវបានគេបង្ហោះថា បានជួបគ្រោះថ្នាក់ចរាចរ ដោយត្រូវម៉ូតូ បុកពេលចេញពីធ្វើការ ហើយសន្លប់មិនដឹងខ្លួន៕

ទីតាំងផ្សាយពាណិជ្ជកម្ម