​ក្រសួងការបរទេស​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែ​កុម្ភៈ​ថា​តៃវ៉ាន់​កំពុង​ពិចារណា​លើ​វិធានការ​តបត​វិញ ប្រសិនបើ​ហ្វីលីពីន​មិន​ដក​បម្រាម​​លើ​ពលរដ្ឋ​តៃវ៉ាន់​ដែល​មក​លេង​ប្រទេស​នេះ ដោយ​ការភ័យខ្លាច​ឆ្លង​វីរុស​។​

​ហ្វីលីពីន​ដែល​មាន​ពលរដ្ឋ​របស់​ខ្លួន​ជាង​១១៥.០០០​នាក់​ធ្វើ​ការងារ​នៅ​តៃវ៉ាន់​នោះ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​ខ្លួន​បាន​ដាក់បញ្ចូល​តៃវ៉ាន់​ជា​ផ្នែក​មួយ​​នៃ​បម្រាប​លើ​ប្រជាជន​មកពី​ប្រទេស​ចិន ចូល​មក​លេង​ប្រទេស​នេះ​។​

​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ដាច់ដោយឡែក​ពី​ប្រទេស​ចិន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាងថា​កោះ​នេះ​ជា​របស់​ខ្លួន ដូច្នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បញ្ចូល​ករណី​វីរុស​របស់​តៃវ៉ាន់​នៅក្នុង​ក្រុម​វីរុស​នៃ​ប្រទេស​ចិន ដែល​នាំ​ប្រទេស​មួយចំនួន​ដាក់​ការ​រឹតត្បិត​ដូចគ្នា​ចំពោះ​ប្រជាជន​តៃវ៉ាន់ ក៏​ដូចជា​ពលរដ្ឋ​ចិន​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​តៃប៉ិ​ថា​តៃវ៉ាន់​មាន​ផែនការ​ឆ្លើយតប ប្រសិនបើ​ហ្វីលីពីន​នៅ​តែ​រក្សា​បម្រាម​របស់ខ្លួន ​ប៉ុន្តែ​លោកស្រី​បាន​បដិសេធ​មិន​និយាយ​លម្អិត​ទេ​ដោយ​និយាយថា ការសម្រេចចិត្ត​បែប​ណាមួយ​នោះ ត្រូវ​បាន​រង់ចាំ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​៕​ប្រែ​សម្រួល​៖​សុខា​

ហ្វីលីពីន​បាន​ដាក់បញ្ចូល​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​បម្រាប​លើ​ប្រជាជន​មកពី​ប្រទេស​ចិន មកលេង​ប្រទេស​នេះ​