ដោយសៅវ៉ាន់ឌី/ព្រះវិហារ៖ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោកW.PatrickMurphyនិងសហការីបានអញ្ជើញចុះមកបំពេញទស្សនកិច្ចសិក្សានិងស្វែងយល់ពីសក្តានុពលនៃខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។
អញ្ជើញទទួលជួបសំដែងការគួរសមវត្តមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងឱកាសនោះលោកគោស៊ុប៊ុនសឿតអភិបាលរងខេត្តព្រះវិហារនិងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។នៅក្នុងឱកាសនោះលោកគោស៊ុប៊ុនសឿតបានជម្រាបជូនលោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអំពីទីតាំងភូមិសាស្ត្រសក្តានុពលនិងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារផងដែរ។

លោកគោស៊ុប៊ុនសឿតបានជម្រាបជូនឯកអគ្គរដ្ឋទូតសហរដ្ឋអារិកអំពីសក្តានុពលនៃវិស័យធនធានធម្មជាតិនៅខេត្តព្រះវិហារ។ក្នុងនោះទីតាំងធនធានធម្មជាតិចំនួន៩កន្លែងត្រូវបានអភិរក្សការពារពិសេសនៅភ្នំត្នោតនិងភ្នំពកក្នុងស្រុកសង្គមថ្មីដែលមានជនជាតិអាមេរិកកាំងម្នាក់បានលះបង់ខ្ពស់ចូលរួមការពារនិងអភិរក្ស។

ជាមួយគ្នានោះលោកគោស៊ុបុនសឿតបានសំណូមពរឱ្យលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកជួយទៅលើវិស័យអប់រំវិស័យសុខាភិបាលនិងវិស័យវប្បធម៌នៅក្នុងខេត្ត។ពិសេសគឺសំណូមពរឱ្យបញ្ជូននិស្សិតស្ម័គ្រចិត្តមកបង្រៀនភាសាអង់គ្លេស ដល់សិស្សានុសិស្សនៅខេត្តព្រះវិហារ។

ជាការឆ្លើយតបលោកW.PatrickMurphyបានថ្លែងថាកន្លងមកសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់ជួយកម្ពុជាលើវិស័យអប់រំនិងវិស័យវប្បធម៌។ជាមួយគ្នានោះលោកសន្យាថានឹងជួយបញ្ជូនវត្ថុបុរាណរបស់ខ្មែរពីអាមេរិកមកកម្ពុជាវិញ។លោកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានថ្លែងសរសើរពីការរីកចម្រើននិងការអភិវឌ្ឍន៍គ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកក៏បានថ្លែងនូវអំណរគុណអាជ្ញាធរខេត្តព្រះវិហារដែលបានទទួលស្វាគមន៍លោកនិងសហការីយ៉ាងកក់ក្តៅ។លោកបន្តថាការមកធ្វើទស្សនកិច្ចនៅខេត្តព្រះវិហារគឺលោកបានទៅមើលប្រាសាទកោះកែរ ហើយថ្ងៃនេះនេះ(ទី១២កុម្ភៈ)លោក និងទៅមើលប្រាសាទព្រះវិហារបន្តទៀត៕S/
