ដោយៈសុផល/ភ្នំពេញ៖លោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានអំពាវនាវដល់សា្ថបត្យករនិងវិស្វករនៅកម្ពុជាឱ្យគិតគូសាងសង់សំណង់ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិខ្មែរ និងគិតគូរដល់បរិស្ថាន។
លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដូច្នេះនៅក្នុងពេលលោកអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់”លើកទី២”កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០នៅសណ្ឋគារសុខាភ្នំពេញ។នៅចំពោះមុខសា្ថបត្យករនិងវិស្វករ ចំនួន១.២៤៩រូបលោក ជា សុផារ៉ា បានថ្លែងថា៖ក្រសួងចង់ឱ្យមានការផ្សារភ្ជាប់នូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរទៅលើគ្រប់វិស័យសំណង់។ជាពិសេសត្រូវបញ្ជូលអត្តសញ្ញាណជាតិខ្មែរណាមួយទៅក្នុងការឌីហ្សាញក៏ដូចជាធ្វើឱ្យវិស័យសំណង់របស់កម្ពុជាមានភាពលេចធ្លោ។
លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីក៏បានណែនាំឱ្យ«សំណង់ទាំងអស់ត្រូវតែមានពណ៌បៃតង»ដែលជាការបង្ហាញពីសកម្មភាពនៃការចូលរួមថែរក្សាបរិស្ថានក៏ដូចជាអំពាវនាវឲ្យការដ្ឋានទាំងអស់កុំឱ្យមានការបង្ហូរទឹកកង្វក់ចេញទៅក្រៅ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីច្បាប់សំណង់ដែលច្បាប់នេះបានធ្វើការជ្រើសរើសរកដៃគូសម្រាប់ជួយគាំទ្រហើយដៃគូដែលមានភាពសក្តិសម។យើងជ្រើសរើសយកប្រទេសជប៉ុនដែលប្រទេសនេះចាត់ទុកថាជាប្រទេសមួយដែលមានស្តង់ដាត្រឹមត្រូវច្បាស់លាស់។គឺងាយស្រួលត្រង់ថាក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាមួយនឹងក្រសួងដីធ្លីគមនាគមន៍ទេសចរណ៍នៅប្រទេសជប៉ុនធ្លាប់បានចុះអនុស្សារណៈយោគយល់គ្នាកាលពីប៉ុន្មានឆ្នាំកន្លងមក។ដូច្នេះហើយទើបយើងរៀបចំតាក់តែងច្បាប់សំណង់នេះបានដោយជោគជ័យដោយមានការជួយគាំទ្រពីអ្នកជំនាញការរបស់ជប៉ុនផងដែរ។
លោកបានគូសបញ្ជាក់ថា៖«ច្បាប់សំណង់នេះមានគោលដៅធានាបាននូវសុវត្ថិភាពនិងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាងសង់និងធានាផលប្រយោជន៍ជាបុគ្គលនិងសាធារណៈដែលចាត់ទុកថាគោលដៅចម្បងរបស់ច្បាប់នេះ។គឺចង់ឱ្យសំណង់រក្សាបាននូវសុវត្ថិភាពមិនប៉ះពាល់ដល់សុខមាលភាពឬមានភាពមិនរឹងមាំដែលនាំឱ្យមានវិបត្តិដូចដែលធ្លាប់កើតមានកន្លងមកនោះទេ។
គោលដៅទី២នៃច្បាប់សំណង់គឺការសាងសង់ត្រូវស្ថិតនៅលើដីដែលមានកម្មសិទ្ធត្រូវអនុលោមទៅតាមផែនការប្រើប្រាស់ដីធ្លីប្លង់គោលក៏ដូចជាប្លង់នគរូបនីយកម្មដែលបានរៀបចំសំណង់ដែលបានសាងសង់ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង។រក្សាគំលាតឱ្យស្របទៅតាមបទដ្ឋាននគរូបនីយកម្មនិងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត»។
មុននឹងច្បាប់សំណង់នេះត្រូវបានរៀបចំតាក់តែងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំធ្វើប្លង់គោលប្លង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធឱ្យបានអស់ងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើសំណើសុំការសាងសង់សំណង់ដែលនេះបានផ្តល់ផលប្រយោជន៍ចំនួនពីរគឺយើងអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លីស្របតាមផែនការដែលបានរៀបចំ។
ពេលដែលសំណង់ត្រូវបានសាងសង់គឺយើងរក្សាគំលាតហើយដកចេញនូវហេដ្ឋារចនាសម្ព័ន្ធហើយនោះប្រជាពលរដ្ឋក៏មិនមានការភ័យខ្លាច។រីឯរដ្ឋក៏មិនតម្រូវឱ្យមានការដោះស្រាយឆ្លើយតបនូវផលប៉ះពាល់ដែលសំណង់បានសង់ហើយមិនគោរពទៅតាមប្លង់គោល។
ក្នុងគោលដៅនេះហើយនៅក្នុងច្បាប់សំណង់យើងបានរៀបចំយ៉ាងដូច្នេះដើម្បីធានានូវប្រក្រតីភាពនិងចូលរួមចំណែកក្នុងការសន្សំសំចៃថវិការបស់ជាតិហើយប្រជាពលរដ្ឋក៏មិនមានការភិតភ័យផងដែរ។យើងក៏បានដាក់នូវគោលដៅសំរាប់គាំទ្រដល់វិស័យអចលនទ្រព្យគាំទ្រដល់អ្នកវិនិយោគដែលពួកគាត់ត្រូវការភាពរឹងមាំនិងជំនឿជឿជាក់។
លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបានចាត់ទុកថាការជួបជុំគ្នានាពេលនេះគឺដើម្បីពង្រឹងច្បាប់សំណង់ដល់អ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់និងអ្នកត្រួតពិនិត្យបញ្ជាក់អំពីវិស័យសំណង់ឱ្យបានយល់ច្បាស់អំពីច្បាប់សំណង់ងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធិភាព។
ចំពោះគោលដៅដែលច្បាប់សំណង់នេះបានរៀបចំរួចនោះគឺការថែរក្សានូវបរិស្ថានល្អនិងកុំឱ្យសំណង់ដែលសាងសង់ឡើងនោះនាំឱ្យមានការប៉ះពាល់ដល់បរិស្ថាន។ដោយរាល់សំណង់ទាំងអស់ត្រូវតែមានផ្ទៃបៃតងហើយការបង្ហូរទឹកកខ្វក់ចេញទៅក្រៅគឺត្រូវសម្លាប់មេរោគមុននឹងបង្ហូរទៅកាន់ទឹកសាធារណះធ្វើយ៉ាងណាឱ្យទឹកកខ្វក់នេះកាត់បន្ថយបាននូវជាតិពុលដើម្បីលើកកម្ពស់ដល់សុខមាលភាពនិងកិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ៕S/
ចំណងជើងរូបថត៖លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាអំពាវនាវដល់សា្ថបត្យករនិងវិស្វករនៅកម្ពុជាឱ្យគិតគូសាងសង់សំណង់ផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិខ្មែរ