ដោយគូលែន/សៀមរាប៖កាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០នេះក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានចុះកាត់ក្រីនិងដកហូតដើមឈើហានិភ័យមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល និងបរិវេណត្រពាំងសេស។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបាននិយាយថាការងារទាំងនេះគឺធ្វើឡើងដើម្បីអនុវត្តន៍ការងាររៀបចំសោភណ្ឌភាពនិងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យមានសោភណ្ឌស្រស់ស្អាតថែមមួយកម្រិតទៀត។ក្រុមការងារព្រៃឈើបានចុះដកហូតនូវប្រភេទដើមឈើមួយចំនួនមានដូចជាដើមពុទ្រាដើមអំពិលទឹកដើមដូងដើមស្វាយ។ល។
ទីកន្លែងនោះនឹងត្រូវដាំដើមឈើប្រណីតជំនួសវិញមានដូចជាឈើធ្នង់និងឈើគ្រញូង។ក្នុងការដាំជំនួសវិញនេះដែរក៏មានការចាក់ដីសម្រាប់ដាំស្មៅបន្ថែមនៅទីតាំងដែលគ្មានស្មៅដើម្បីឱ្យបរិវេណទាំងនោះមានភាពបៃតង៕S/
រូបភាព:ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាចុះដកហូតនិងកាត់ក្រីដើមឈើមួយចំនួននៅអង្គរវត្ត និងប្រាសាទព្រហ្មកិល៕អប្សរា