ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ជម្លោះបន្តិចបន្តួចករណីសត្វមាន់ជុះអាចម៍ដាក់កន្លែងដេកក៏នាំឱ្យកម្មករសំណង់២នាក់ដែលដេកស្នាក់នៅនិងហូបចុកជាមួយគ្នាសោះបើកឆាកវាយប្រយុទ្ធគ្នា។ក្នុងនោះម្នាក់ចូលដេកគុកម្នាក់ទៀតស្លាប់។អំពើហឹង្សារឈានដល់ស្លាប់រស់នោះកើតឡើងនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១២ ខែ កុម្ភៈឆ្នាំ ២០២០។
លោកឧត្តមសេនីយ៍ត្រីសិទ្ធ ឡោះ ស្នងការរងទទួលព្រហ្មទ័ណ្ឌខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ កម្មករសំណង់ទាំង២នាក់នេះមកស្នាក់នៅស៊ីឈ្នួលធ្វើផ្ទះឱ្យម្ចាស់ឈ្មោះយុក សារ៉េត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិអូរសំព័រឃុំអូរសំព័រ ស្រុកម៉ាឡៃ ។នៅមុនពេលកើតហេតុនោះ ឈ្មោះសៀង វិនហៅខួចបានឈ្លោះប្រកែកគ្នាជាមួយឈ្មោះរតនាភេទប្រុសអាយុ៣៣ឆ្នាំពីរឿងឱ្យមាន់ជុះអាចម៍ដាក់កន្លែងដេកមិនចេះមើលផងទេ ។
ពេលនិយាយប្រកែកគ្នាតឹងសរសៃកដាក់គ្នាឈ្មោះសៀងវិនហៅខួចបានយកកូនកាំបិតបត់ស្ទុះទៅចាក់លើឈ្មោះរតនាចំទ្រូងក្រោមដោះខាងឆ្វេងលិចមួយចុងកាំបិតបណ្តាលឱ្យចុកណែននិងហូរឈាមហើយបានស្លាប់ទោះជាអ្នកស្រុកប្រញាប់ដឹកយកទៅសង្ក្រោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃក៏ដោយ ។
ខណៈនោះជនសង្ស័យឈ្មោះខួចបានរត់គេចខ្លួន។ប៉ុន្តែរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០សមត្ថកិច្ច១ក្រុមដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីសិទ្ធឡោះស្នងការរងនិងលោកវរសេនីយ៍ភឿម៉ាន់សឹង្ហនាយការិយាល័យព្រហ្មទណ្ឌកម្រឹតធ្ងន់បានឃាត់ខ្លួនជនសង្ស័យឈ្មោះសៀងវីនហៅខូចនេះនៅចំណុចមាត់អូរព្រំដែនកម្ពុជាថៃ ស្ថិតក្នុងភូមិអូរសំព័រឃុំអូរសំព័រស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។
ឃាតករដៃឆៅនេះត្រូវមន្ត្រីជំនាញកសាងសំនុំរឿងបញ្ជូនទៅតុលាកាដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕S/

រូបថត៖ឈ្លោះរឿងមាន់ជិះអាចម៍ដាក់កន្លែងដេកឈ្មោះសៀងវិនហៅខួចចាក់ឈ្មោះរតនាចំទ្រូងក្រោមដោះស្លាប់ នៅអូរសំព័រ (រូប ៖ ប.ជ័យ)
