ដោយ​: តារា​រិ​ទ្ធ / ព្រះសីហនុ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​ទេសចរ​នៅលើ​នាវា​ទេសចរណ៍ Westerdam ដែល​កំពុង​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សី​ហន នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​

​នៅពេល​វត្តមាន​សម្តេច​អញ្ជើញ​ដល់​ សំឡេង​ស្វាគមន៍​ជា​ភាសាបរទេស​បាន​បន្លឺឡើង Welcome Priministe ជាមួយ​សំឡេ​ហ៊ោ និង​ការ​គ្រវី​ក្រ​មា បង្ហាញ​នូវ​ការស្វាគមន៍​ពីលើ​នាវាមកកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ការរំភើប​រីករាយ ។​

​សម្តេច​បាន​ស្វាគមន៍​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ត្រូវ​ចាក​ចេញពី​នាវាដើម្បី​ទៅកាន់​ព្រលាន​យន្តហោះ​កងកេង​ចំនួន​ជាង ១០០ នាក់ ជាមួយ​ពាក្យ Welcome និង​ការ​ចាប់ដៃ និង​ការជូន​នូវ​ផ្កាកុលាប​មួយទង ។​

​នៅ​ទីនោះ​ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ទៅកាន់​ជនរួម​ជាតិ​និង​អ្នកទេសចរ​បរទេស ដោយ​បង្ហាញ​ពី​សន្ដាន​ចិត្ត​មនុស្ស និងឋានៈ​ជា​សមាជិក​សហគមន៍​អន្តរជាតិ​ដែល​ត្រូវមានកាតព្វកិច្ច​ជួយសង្គ្រោះ​មនុស្ស​ដោយ​គ្មាន​ការរើសអើង ។ កម្ពុជា​បាន​អនុវត្ត​នូវ​ការគោរព​សិទ្ធិមនុស្ស ដែល​ការគោរព​សិទ្ធិមនុស្សនេះ​វា​ចេញ​សិ​ទ្ធិ​រស់រានមានជីវិតជាមុនសិន​៕ ​/Ha