កម្ពុជាតូច​ហើយ​ក្រ តែមាន​ចិត្ត មាន​មនុស្សធម៌​!

502
ចែករម្លែក

​នាវា​ទេសចរណ៍​លំដាប់​អន្តរជាតិ​មួយគ្រឿង​របស់​សហរដ្ឋ​អាម៉េរិក ឈ្មោះ MS Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ នាវា​ខ្នាត​យក្ស​នេះ​បាន​តែលតោល​ក្នុង​សមុទ្រ​អស់ជាង​១០​ថ្ងៃ​ បន្ទាប់ពី​ប្រទេស​និង​កោះ​ចំនួន​ប្រាំ​បដិសេធ​មិន​ឲ្យ​ចូល ​ចត​ដោយសារ​ខ្លាច​ជំងឺ​កូ​រ៉ូ​ណា​ឬ ខូ​វីត​-១៩​។​

​នាវា​ទេសចរណ៍​នេះ​មាន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍ ចំនួន ១៤៥៥ នាក់ និង​មាន​បុគ្គលិកជា​កង​នាវិក​បម្រើការ​លើ​នាវា​នេះ ចំនួន ៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេសចិន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ សម្រាប់​ដំណើរ​ទេសចរ​តាម​បណ្តា​ប្រទេស​នានា​។ ប៉ុន្តែ​ត្រូវបានអាជ្ញាធរ​កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និង​កោះ​ហ្គាំ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ ព្រួយបារម្ភ​ពី​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ កូ​វីត​- ១៩ (Covid-19)​។​

​យ៉ាងណាក៏ដោយ​កាលពី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ​នេះចូល​ចត​នៅ​កំពង់ផែ​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។​

​អាជ្ញាធរ​កម្ពុជា បាន​សម្របសម្រួល​គ្រប់​នីតិវិធី​ទាំងអស់ ទាំង​ការត្រួតពិនិត្យ​សុខភាពនៅលើ​កប៉ាល់ ការមិន​យក​ថ្លៃវី​សា និង​សេវា​ផ្សេងៗ​។ ទាំងនេះ ជាការ​បង្ហាញ​ពី​ទឹកចិត្ត​ដ៏ប្រពៃ​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផ្នែក​កិច្ចការ​មនុស្សធម៌ និង​គ្មាន​ការរើសអើង​ពូជសាសន៍​ប្រទេស​ដទៃ​។

​កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ រដ្ឋមន្ត្រី​បី​ក្រសួង រួមមាន រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ម ប៊ុនហេង , រដ្ឋមន្ត្រី​ទេសចរណ៍ លោក ថោង ខុន និង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹកជញ្ជូន ព្រមទាំង​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​ការងារ​ត្រួតពិនិត្យ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខណៈដែល​ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវបាន​បញ្ជូន​ឡើងទៅ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់នៅលើ​នាវា​ទេសចរណ៍ Westerdam ដែល​ចត​នៅ​ចម្ងាយ​បី​គីឡូម៉ែត្រពី​កំពង់ផែ ខេត្ត​ព្រះសីហនុ​។​

​នៅ​រសៀល​ថ្ងៃទី​១៣​កុម្ភៈ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ក្នុង ចំណោមអ្នកទេសចរ និង​កង​នាវិក​ទាំងអស់​ជាង ២០០០​នាក់ គឺ​ក្រុមគ្រូពេទ្យរក​មិនឃើញ​អ្នក​ឆ្លងមេរោគ​ថ្មី កូ​វីត​-១៩ នេះឡើយ​។ ប៉ុន្តែ​មាន​អ្នកដំណើរ​ចំនួន ២០​នាក់ មាន​អា​ការមិន​ស្រួលខ្លួនបន្តិចបន្តួច​។​

​ទោះជា​យ៉ាងនេះ​ក្តី មន្ត្រី​ផ្នែក​សុខាភិបាល បាន​យក​សំណាក​ពី​អ្នកដំណើរ​ចំនួន ២០​នាក់ ដែលមាន​អា​ការមិន​ស្រួលខ្លួន​បន្តិចបន្តួច​នេះទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍ នៅ វិទ្យាស្ថានប៉ាស្ទ័រនៅ​ភ្នំពេញ ដើម្បី​ផ្ទៀងផ្ទាត់​បន្ថែម​។

​ចំណែក​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានផ្តល់​សម្ភាសន៍​ដល់​ក្រុមអ្នកកាសែត ថា អ្នកទេសចរ និង​កង​នាវិក​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​ចុះ​ពីលើ​នាវា​នេះ​ទេ លើកលែងតែអ្នក​ដែល​ត្រូវ​ឡើង​យន្តហោះ ធ្វើដំណើរ​បន្ត នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ប៉ុណ្ណោះ​។

​ចំពោះ​ការ​អនុ​ញ្ញ​ត​ឲ្យ​នាវា​ទេសចរណ៍​អាមេ៉រិកចូល​ចត​នៅ​កំពង់ផែ​កម្ពុជា​នេះ ត្រូវបានសម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច​ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជាគ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍​។ ផ្ទុយទៅវិញ កម្ពុជា​ត្រូវតែ​ចូលរួម​សង្គ្រោះក្នុង​កិច្ចការ​មនុស្សធម៌ ខណៈ​ពួកគេ​កំពុង​ជួប​គ្រោះអាសន្ន​។

​សម្តេច​តេ​ជោ បញ្ជាក់ថា យើង​ត្រូវ​សហការគ្នា ទាំង​អ្នក​ជាប់​នៅលើ​នាវា​ដើម្បី​ជួយ សង្គ្រោះ ដោយ​មិន​ខ្វល់​ពី​ជាតិ​សាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ​។ កិច្ចការ​នេះ​បង្ហាញ​ពីការងារ​មនុស្សធម៌​ដ៏​ប្រពៃ និង​សន្ដាន​ចិត្ត​របស់​កម្ពុជា សម្រាប់​មនុស្ស​លើ​ពិភពលោក ក្នុងការ​យកអាសាសម្រាប់​ជាតិ​សាសន៍​ដទៃ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា បើ​គេ​មិន​ទទួល​។ កម្ពុជា​ទទួល​។ កម្ពុជា ក៏​ចង់​បង្ហាញថា កម្ពុជា​មិនមែន​គ្រាន់តែ​សហការ​ជាមួយ​ចិន​នោះទេ គឺ​ធ្វើ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ព្រោះ​បញ្ហា​នេះ វា​ក្លាយជា​បញ្ហា​ប្រឈម​ជាស​កល​រួចទៅហើយ និង​ម្យ៉ាងទៀត​បញ្ហា​មនុស្សធម៌ក៏​គ្មាន​ព្រំដែន​ដែរ​។ យើង​ត្រូវតែ​ជួយ​ពួកគេ នៅពេលដែល​ពួកគេសុំឱ្យ​យើង​ជួយ យើង​ត្រូវតែ​ជួយ​គេ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។​

​ចំណែក​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក ប្រចាំ​កម្ពុជា ក៏បាន​កោតសរសើរ​ដល់​កម្ពុជា​ដែល​បានអនុញ្ញាត​ឲ្យ​នាវា Westerdam របស់​ក្រុមហ៊ុន​ទេសចរណ៍អាម៉េរិក ចូល​ចតនៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​១៣ ខែកុម្ភៈ​នេះ​។ ក្នុង​សារ​តាម Twitter លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​លើកឡើងថា អ្នកទេសចរ​នៅលើ​នាវា Westerdam ត្រូវបានធ្វ តេស្ត ហើយ​លទ្ធផល គឺ​មិនមាន​នរណាម្នាក់កើត​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា ទេ​។​
​ ​
ដោយឡែក អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​សរសេរ ក្នុង​គណនី Twitter ផ្លូវការ​របស់ខ្លួន​ថា «​វា​ជា​សកម្មភាព​មួយ បង្ហាញ​សាមគ្គីភាព ដែល​គួរ​ឲ្យ​ស្វាគមន៍ ក្នុងពេលដែល​ពិភពលោក​យើងមានឱកាស​ក្នុងការ​បញ្ឈប់​កូ​រ៉ូ​ណាវី​រុស COVID19 និង​បញ្ចៀស​រាល់​ភាពភ័យខ្លាច​»​។
​ ​
​ជាការ​ពិត នៅពេល​ជំងឺ COVID19 ផ្ទុះឡើង​នៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន មានការ​រិះគន់​លើរាជរដ្ឋាភិបាល​កម្ពុជា ពិសេស​លើស​ម្តេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែម្តង ដោយសារតែ​សម្តេចនៅតែ​បន្ត​បើក​ឲ្យ​មានការ​ហោះហើរ​រវាង​ក​ម្ពុ​ជា​-​ចិន ហើយ​បន្ត​ដំណើរការ​ជាធម្មតា​លើគ្រប់​វិស័យជាមួយ​ចិន​។ ជាងនេះទៅទៀត សម្តេច​តេ​ជោ ក៏​ប្រកាស​មិន​ជម្លៀស​ប្រជាជន និង​និស្សិត​កម្ពុជា ពិសេស​និស្សិត​កម្ពុជា ២៣​នាក់ ដែល​កំពុង​រៀននៅ​ទីក្រុង​វូ​ហាន ចេញពី​ប្រទេស​ចិន​ឡើយ​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន ថែមទាំង​បានប្រកាស​រួមសុខ​រួមទុក្ខ​ជាមួយ​មហាមិត្ត​ចិន​។ ដើម្បី​ជា​សក្ខីភាព សម្តេច​តេ​ជោ ហ៊ុន សែន​ក្នុងពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការនៅ​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា រួមទាំង​គណៈប្រតិភូ​អ្នកវិនិយោគ​កម្ពុជា​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចការងារ​ឥត​ព្រាងទុក នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថែម​ទៀតផង​។​
​ ​
ក្នុង​កាយវិការ​មនុស្ស​ធម៌ និង​ការទទួលខុសត្រូវ​ខ្ពស់ កម្ពុជា​បាន​ពិនិត្យ​ព្យាបាល​បុរស​ជនជាតិចិន អាយុ ៦០​ឆ្នាំ​នោះ នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ រហូតដល់​ជាសះស្បើយ​ហើយ​ត្រូវបានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ខណៈដែល​ក្រុមគ្រួសារ​របស់គាត់ បីនាក់​ទៀត ដែល​មិនមាន​កើត​ជំងឺ COVID19 ក៏​ត្រូវបាន​មើលថែទាំ​យ៉ាង​យកចិត្តទុកដាក់​។ បុរស​ជនជាតិ​ចិន​នោះ និង​ក្រុមគ្រួសារ​របស់គាត់ សរុប ៤​នាក់ បានធ្វើ​ដំណើរ​ចាក​ចេញពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​ប្រទេស​ចិន​វិញ កាលពី​យប់​ថ្ងៃទី​១១ ខែកុម្ភៈ ។​
​ ​
គេ​នៅ​ចាំបាន​ថា អំឡុងពេល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចិន កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ហើយ​សម្តេច​មិន​ព្រម​ផ្អាក​ជើងហោះហើរ​ពី​ចិន មក​កម្ពុជា ក៏ដូចជា​បន្ត​ស្វាគមន៍​ប្រជាជន​ចិន អ្នកទេសចរ និង​អ្នកវិនិយោគ​ចិន គឺ​សម្តេច​បានទទួល​រង​នូវ​ការរិះគន់​មិនតិច​ទេ​ថា សម្តេច ឱប​ជើង​ចិន ដោយ​មិន​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា​។ ក៏ប៉ុន្តែ​រហូតដល់ពេលនេះ មិនមាន​ជនជាតិ​កម្ពុ​ជាណា​ម្នាក់ឆ្លង​ជំងឺ​កូ​រ៉ូ​ណា សូម្បីតែ​សម្តេច និង​គណៈប្រតិភូ ដែល​បាន​ទៅ​ប្រទេស​ចិន ក៏​មិនមាន​បញ្ហា​សុខភាព​អ្វី​ឡើយ​។​

យ៉ាងណាក៏ដោយ ការរិះគន់​ទាំងនេះ សុទ្ធតែជា​ការយល់​ខុស​។ មូលហេតុ នៅពេលនេះ ក៏ដូចជា​ពេលកន្លងមក គឺ​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ក៏មាន​បុរស​អ្នកទេសចរ តាម​នាវា ជនជាតិហូ​ឡង់​ម្នាក់ នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​គេ​សង្ស័យថា កើត​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណា COVID19 ហើយ​គ្រូពេទ្យ​កម្ពុជា ក៏បាន​យកចិត្តទុកដាក់ ពិនិត្យ​ព្យាបាល​គាត់ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ព្រះសីហនុ រហូតដល់​លទ្ធផលធ្វើតេស្ត បង្ហាញថា បុរស​អ្នកទេសចរ​ហូ​ឡង់​នោះ មិនមាន​កើត​ជំងឺ COVID19 ទេ​។​
​ ​
​នៅពេលនេះ​ទៀត​កម្ពុជា​ក៏បាន​អនុញ្ញាត និង​បង្ហាញ​ការយកចិត្តទុកដាក់​ដ​ល់​អ្នក ទេសចរ នៅលើ​នាវា​ទេសចរណ៍ Westerdam របស់​អាម៉េរិក ដើម្បី​ចូល​ចត នៅ​ខេត្ត​ព្រះសីហនុ ខណៈដែល​ប្រទេស​ជាច្រើនបាន​បដិសេធ មិន​អនុញ្ញាត​ឲ្យ​ចូល​ចត ដោយ​ខ្លាច​ជំងឺ COVID19​។

​នេះជា​កាយវិការ​មនុស្សធម៌​ថ្មី​មួយទៀត​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ នោះ​គឺ​កម្ពុជា បានបង្ហាញ​ពិភពលោក​ថា កម្ពុជា​មិន​រើសអើង​ជាតិ​សាសន៍​ណា​ទេ​។ ផ្ទុយទៅវិញ កម្ពុជា បង្ហាញ​ទៅកាន់​ពិភពលោក​នូវ​កាយវិការ​មនុស្សធម៌​សុទ្ធ បើទោះបីជា​ថា នៅលើ​នាវា​នោះ មាន​អ្នក​សង្ស័យថា កើត​ជំងឺ​កូ​រ៉ូ​ណា ក៏​កម្ពុជាបាន​យកចិត្តទុកដាក់​ហើយ បើសិនជា​លទ្ធផល​ពិសោធន៍​បង្ហាញថាវិជ្ជមាន នោះ​កម្ពុជា​ក៏​កាន់តែ​យកចិត្តទុកដាក់ ព្យាបាល​អ្នកជំងឺ​នោះ រហូត​ជាសះស្បើយ ដូច​ករណី​ជនជាតិ​ចិន ដែល​កម្ពុជា​បាន​ពិនិត្យ ព្យាបាល​កាលពីពេល​ថ្មីៗ​នេះ​៕ ដោយៈ ម៉េង​ឆៃ​/Ha