ដោយៈ មេសា/សៀមរាបៈ ក្រោមកិច្ចចាត់ចែងសម្របសម្រួលរបស់អង្គការ GRET អ្នកសារព័ត៌មានក្នុងស្រុក ១ ក្រុម បានទៅដល់ព្រៃអភរិក្សសត្វឃ្មុំធម្មជាតិ ដែលស្ថិតនៅក្នុងភូមិ ត្បែងខាងលិច ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ។ ប្រជាសហគមន៍អភរិក្សសត្វឃ្មុំធម្មជាតិ នៅទីនោះ កំពុងបារម្ភខ្លាចបាត់បង់សត្វឃ្មុំធ្មជាតិ ដែលជាទ្រព្យសម្បត្តិរបស់ពួកគាត់ ហើយដែលពួកគាត់បានអាស្រ័យផលយ៉ាងកាក់កបតាំងពីដូនតាមក ។ ក្តីបារម្ភបែបនេះកើតឡើងដោយសារមានអ្នកខ្លះមកពីស្រុកឆ្ងាយបានយកឃ្មុំមិនត្រឹមត្រូវតាមបច្ចេកទេស គឺពួកគេបានយក ឃ្មុំ ទាំងសំបុក ឬ ទាំងកូនឃ្មុំ ពោលគឺពួកគេមិនមែនយកតែក្បាលទឹកឃ្មុំឡើយ ដែលការយកឃ្មុំបែបនេះ នាំឱ្យវិនាសហិនហោចបាត់បង់សត្វឃ្មុំ នៅថ្ងៃណាមួយជាមិនខាន ខណៈសត្វឃ្មុំធម្មជាតិ កំពុងប្រឈមនឹងបញ្ហាជាច្រើនស្រាប់ទៅហើយ ដូចជាការបាត់បង់ព្រៃឈើ បម្រែប្រមួលអាកាសធាតុ និង ការប្រើប្រាស់ថ្នាំគីមីពុលជាដើម ។
មូលហេតុនាំឱ្យវិនាសសត្វឃ្មុំ
តាមធម្មតា សត្វឃ្មុំ មានអាយុកាលត្រឹមតែ ១ ទៅ ២ ខែ ប៉ុណ្ណោះ ក៏ស្លាប់ទៅ ។ ហេតុនេះ ត្រូវការកូនឃ្មុំបន្តពូជតទៅទៀត ហើយប្រសិនបើយកឃ្មុំទាំងសំបុក ឬ ទាំងកូនឃ្មុំ នោះ នៅពេលដែលមេឃ្មុំស្លាប់ទៅ នឹងមិនមានឃ្មុំបន្តពូជទៀតឡើយ ។
កត្តាដែលនាំឱ្យវិនាសបាត់បង់សត្វឃ្មុំមួយទៀតនោះ គឺការបាត់បង់ព្រៃឈើ ព្រោះឃ្មុំត្រូវការលម្អង និង ទឹដមផ្កាឈើជាអាហារ និង សម្រាប់ចិញ្ចឹមកូនឃ្មុំក្នុងសំបុក ។ ដូច្នេះនៅពេលបាត់បង់ព្រៃឈើ ឃ្មុំក៏បាត់បង់អាហារ មិនអាចចិញ្ចឹមជីវិតខ្លួនវា និង កូនរបស់ពួកវាទៀតឡើយ ។
ប្រការដ៏គ្រោះថ្នាក់មួយទៀត គឺអ្នកខ្លះយកឃ្មុំនៅពេលយប់ ហើយប្រើភ្លើង ជាហេតុនាំឱ្យឆេះមេឃ្មុំស្លាប់ ខណៈអ្នកខ្លះបានយកថ្នាំបាញ់មូសទៅបាញ់ដាក់សំបុកឃ្មុំ ដើម្បី យកឃ្មុំ ដែលទង្វើបែបនេះ បណ្តាលឱ្យឃ្មុំពុលថ្នាំនោះស្លាប់ ។
មួយសោត ការប្រែប្រួលអាកាសធាតុ ក៏ជាកត្តានាំឱ្យបាត់បង់សត្វឃ្មុំដែរ ព្រោះឃ្មុំដឹងថា រដូវកាលណាមានផ្ការីកនៅទីណា ហើយក៏នាំគ្នាទៅក្រេបផ្កានៅទីនោះ ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុ ធ្វើឱ្យឈើរីកផ្កាយឺត ឬ រីកមុនរដូវកាល ហេតុនេះពេលឃ្មុំនាំគ្នាទៅក្រេបផ្កានៅទីនោះ អាចមិនទាន់មានផ្ការីក ឬ ក៏ហួសរដូវផ្ការីកទៅហើយ ដែលជាលទ្ធផល គឺឃ្មុំគ្មានលម្អងផ្កាជាអាហារ ។
ប្រការដ៏គ្រោះថ្នាក់បំផុតមួយទៀតដែលនាំឱ្យវិនាសបាត់បង់សត្វឃ្មុំធម្មជាតិដែរនោះ គឺការប្រើប្រាស់ថ្នាំគឺមីនៅក្នុងវិស័យកសិកម្ម ។ ការបាញ់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងវិស័យកសិកម្ម ពេលឃ្មុំទៅក្រេបផ្កាដំណាំទាំងនោះ ក៏ពុលស្លាប់យ៉ាងរង្គាល ។
ម្យ៉ាងទៀតរាល់គ្រាប់ពូជដំណាំជាច្រើនប្រភេទ ក៏សុទ្ធតែដាក់ថ្នាំការពារសត្វល្អិត នៅពេលយកគ្រាប់ពូជដំណាំទាំងនោះទៅដាំ ពេលដំណាំលូតលាស់ឡើង ក៏ស្រូបយកទាំងជាតិពុល នៃ ថ្នាំគីមីទាំងនោះទៅគ្រប់ផ្នែក នៃ ដំណាំទាំងនោះ ដោយរួមទាំងផ្ការបស់ពួកវាផង ។ ហេតុនេះ ពេលឃ្មុំទៅក្រេបផ្កាទាំងនោះ ក៏ពុលស្លាប់យ៉ាងរង្គាលដែរ ។
គុណប្រយោជន៍ នៃ សត្វឃ្មុំ
ឃ្មុំគឺជាសត្វស្លូតបូត មិនមែនជាសត្វចម្លងរោគ ហើយមានប្រយោជន៍យ៉ាងច្រើន ដែលក្នុងនោះ មានប្រយោជន៍ពីទឹកឃ្មុំ ប្រយោជន៍ក្នុងវិស័យកសិកម្ម និង ប្រយោជន៍ក្នុងការរក្សាព្រៃឈើ ។
លោក ពាង ឆុញ គឺជាប្រជាសហគមន៍ម្នាក់ នៃ តំបន់អភិរក្សសត្វឃ្មុំធម្មជាតិ ភូមិ ត្បែងខាងលិច ឃុំ ត្បែង ស្រុក បន្ទាយស្រី ខេត្ត សៀមរាប ដែលជាអ្នកប្រកបមុខរបរអភិរក្ស និង យកឃ្មុំនេះតាំងពីវ័យក្មេងមកម្ល៉េះ បានឱ្យដឹងថា កាលពីមុនក្នុង ១ ឆ្នាំ គាត់អាចប្រមូលទឹកឃ្មុំបានប្រមាណជា ៧០០ ទៅ ៨០០ លីត្រឯណោះ ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុង ១ ឆ្នាំ គាត់អាចប្រមូលទឹកឃ្មុំបានត្រឹមតែប្រមាណជា ៣០០ លីត្រប៉ុណ្ណោះ គឺដោយសារមានអ្នករកឃ្មុំច្រើន ម្យ៉ាងទៀតដោយសារមានអ្នកមកពីស្រុកផ្សេងដែលមិនយល់ដឹងអំពីរបៀបថែរក្សាឃ្មុំ ក៏យកឃ្មុំ ទាំងសំបុកឃ្មុំ ឬ កូនឃ្មុំ ជាហេតុនាំឱ្យឃ្មុំថយចុះ ។
ឥឡូវនេះចូរយើងគិតថា ក្នុង ១ ឆ្នាំ ប្រជាសហគមន៍អាចប្រមូលទឹកឃ្មុំបាន ៣០០ លីត្រ ក៏ជាការប្រសើរណាស់ដែរ ព្រោះថា ទឹកឃ្មុំ ១ លីត្រ គិតជាមធ្យមលក់ចេញក្នុងតម្លៃ ១០ ម៉ឺនរៀល ហេតុនេះ ក្នុង ១ ឆ្នាំ ប្រជាសហគមន៍អាចរកចំណូលពីទឹកឃ្មុំបាន ៣០ លានរៀល ឬ ប្រមាណជា ៧.៥០០ ដុល្លារដែរ ដែលចំនួននេះចាត់ទុកថាជាចំនួនដ៏សមរម្យណាស់ដែរ ។ នេះយើងមិនទាន់គិតដល់គុណប្រយោជន៍ នៃ ទឹកឃ្មុំ ដូចជាប្រើប្រាស់ជាឱសថបានច្រើនប្រការជាដើមផង ។
ចំពោះវិស័យកសិកម្មវិញ គឺថា ផ្កា នៃ បន្លែផ្លែឈើទាំងឡាយ មិនអាចក្លាយជាផ្លែបានឡើយ ដ៏រាបណាគ្មានជាតិលម្អងញី និង ឈ្មោល ផ្សំបញ្ចូលគ្នា ហើយផ្កា មិនអាចស្កាត់រកគ្នាបានឡើយ ហេតុនេះឃ្មុំគឺជាភ្នាក់ងារដ៏សំខាន់បំផុតមួយ ក្នុងការធ្វើឱ្យផ្កា ក្លាយជាផ្លែ គឺតាមរយៈឃ្មុំក្រេបពីផ្កាមួយទៅផ្កាមួយ ក៏បាននាំយកលម្អងផ្កាជាប់នឹងជើងរបស់វាទៅជាមួយផង ធ្វើឱ្យលម្អងញី និង ឈ្មោលបានលាយគ្នា ជាហេតុនាំឱ្យផ្កាទាំងនោះ អាចក្លាយជាផ្លែទៅបាន ដែលប្រការនេះបានសេចក្តីថា ប្រសិនបើគ្មានឃ្មុំ ( និង សត្វល្អិតផ្សេងទៀត ) ទេ ផ្កាក៏មិនអាចក្លាយជាផ្លែបានដែរ ពោលគឺផ្ការួចហើយ ក៏រុះរោយចោលទៅ ។ ដូច្នេះ បន្លែប្រភេទខ្លះដែលគេដាំដើម្បីយកផ្លែ ( ដូចជាត្រឡាច និង ល្ពៅ និង ត្រប់ ជាដើម ) គឺមិនមានផ្លែឡើយ ។
ត្រូវបានរកឃើញថា ប្រមាណជា ៣០ ភាគរយ នៃ បន្លែផ្លែឈើ គឺបានមកពីការបង្កាត់របស់សត្វឃ្មុំ ។
ចំណែកព្រៃឈើវិញក៏ដូច្នោះដែរ គឺថា ប្រសិនបើគ្មានឃ្មុំទេនោះ ផ្កាឈើទាំងនោះ មិនអាចក្លាយជាផ្លែបានឡើយ បើបែបនោះមែន ទី ១ មនុស្ស និង សត្វ នឹងមិនមានផ្លែឈើជាអាហារ ហើយទី ២ ឈើក៏នឹងដាច់ពូជ ព្រោះគ្មានផ្លែ ឬ គ្មានគ្រាប់បន្តពូជ ។
ហេតុអ្វីអភិរក្សសត្វឃ្មុំធម្មជាតិ ហើយអភិរក្សដោយរបៀបណា ?
ដូចដែលបានលើកឡើងពីខាងដើមនេះ គឺជាមូលហេតុដែលចាំបាច់ ត្រូវតែថែរក្សាការពារសត្វឃ្មុំឱ្យបានល្អ ព្រោះថា ប្រសិនបើគ្មានឃ្មុំទេនោះ ក៏គ្មានបន្លែផ្លែឈើ និង ព្រៃឈើដែរ ។
លោក អេរិក ហ្គឺរីន ជីវវិទូ បារាំង ដែលជាអ្នកឯកទេសខាងសត្វឃ្មុំ បានផ្តល់អនុសាសន៍ថា ដើម្បី អភរិក្សសត្វឃ្មុំធម្មជាតិឱ្យបានគង់វង្ស ទី ១ ត្រូវរក្សាព្រៃឈើឱ្យបានល្អ ហើយក៏ត្រូវតែដាំដើមឈើបន្ថែមទៀត ព្រោះឃ្មុំត្រូវការលម្អងផ្កាឈើជាអាហារ និង សម្រាប់ចិញ្ចឹមកូនបន្តពូជ ដែលក្នុងន័យនេះបានសេចក្តីថា បើគ្មានឃ្មុំ ក៏គ្មានបន្លែផ្លឈើ និង ព្រៃឈើ ហើយបើគ្មានបន្លែផ្លែឈើ និង ព្រៃឈើ ក៏គ្មានឃ្មុំដែរ ។
ម្យ៉ាងទៀត លោក អេរិក ហ្គឺរីន បន្តថា ពេលយកឃ្មុំ ត្រូវយកតែទឹកឃ្មុំបានហើយ មិនត្រូវយកសំបុកឃ្មុំ ឬ កូនឃ្មុំឡើយ គឺដើម្បី ទុកឱ្យកូនឃ្មុំញាស់ឡើងបន្តពូជតទៅទៀត ។ ចំណែកសាធារណជន ក៏ត្រូវតែប្តូរឥរិយាបថដែរ គឺសូមកុំបរិភោគសំបុកឃ្មុំ ឬ កូនឃ្មុំ ទើបអ្នកយកឃ្មុំ មិនយកសំបុក និង កូនឃ្មុំ ។ រីឯការយកឃ្មុំតែក្បាលទឹកនេះទៀតសោត ក៏ត្រូវយកតែ ៧០ ទៅ ៨០ ភាគរយបានហើយ គឺមិនត្រូវយកទាំងអស់ទេ ។ ធ្វើបែបនេះ គឺរយៈពេលជាង ២០ ថ្ងៃក្រោយ មេឃ្មុំអាចបង្កើតទឹកឃ្មុំឡើងវិញ ដែលក្នុង ១ សំបុក ឬ ១ បង្គងគេអាចយកទឹកឃ្មុំបាន ២ ទៅ ៣ ដងឯណោះ ដែលនេះគឺជាមធ្យោបាយដ៏ល្អបំផុត ។
លើសពីនេះទៅ មិនត្រូវប្រើភ្លើងយកឃ្មុំឡើយ ហើយក៏មិនត្រូវយកថ្នាំពុល ដូចជាថ្នាំបាញ់មូសជាដើម ទៅបាញ់ដាក់សំបុកឃ្មុំ ដើម្បី យកឃ្មុំឡើយ ព្រោះវាបណ្តាលឱ្យឃ្មុំស្លាប់ ហើយក៏ប៉ះពាល់ដល់សុខភាពអ្នកបរិភោគដែរ ។
កាន់តែសំខាន់ជាងនេះទៅទៀត គឺមិនត្រូវប្រើប្រាស់ថ្នាំគីមីពុលនៅក្នុងគ្រាប់ពូជដំណាំ និង ពេលដាំដំណាំឡើយ ព្រោះវានាំឱ្យពុលស្លាប់សត្វឃ្មុំ ។
កម្ពុជាមោទនភាពបំផុតដែលមានឃ្មុំច្រើនប្រភេទជាងគេក្នុងលោក
អ្នកជំនាញទាំងឡាយ បានអះអាងថា នៅលើពិភពលោកមានឃ្មុំប្រមាណជា ២ ម៉ឺនប្រភេទ ប៉ុន្តែឃ្មុំដែលផលិតទឹកបានច្រើនមានតែ ៩ ប្រភេទប៉ុណ្ណោះ ។ ក្នុងចំណោម ៩ ប្រភេទនោះ មាន ១ ប្រភេទ គឺជាឃ្មុំនៅទ្វីបអាហ្វ្រិក និង ទ្វីបអឺរ៉ុប ចំណែក ៨ ប្រភេទទៀត គឺជាឃ្មុំនៅក្នុងបណ្តាប្រទេសក្នុងទ្វីបអាស៊ី ។
អ្វីដែលជាប្រការគួរមោទនភាពបំផុតនោះ គឺក្នុងចំណោមឃ្មុំទាំង ៨ ប្រភេទនៅទ្វីបអាស៊ីនោះ គឺមានឃ្មុំ ៤ ប្រភេទគឺជាឃ្មុំរបស់ប្រទេសកម្ពុជានេះតែម្តង ហើយឃ្មុំទាំង ៤ ប្រភេទនោះ គឺ ១. ឃ្មុំចង្អេរ ឬ ឃ្មុំយក្ស , ២. ឃ្មុំផ្លិតពណ៌ក្រហម , ៣. ឃ្មុំផ្លិតពណ៌ខ្មៅ , និង ៤. ឃ្មុំរូង ៕ Kh