អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៣កុម្ភៈទីថា ការវាយប្រហារបស់ទាហាននៃរបបគ្រប់គ្រងស៊ីរីដែលគាំទ្រដោយរុស្ស៊ី ទៅលើទីតាំងឧទ្ទាមចុងក្រោយនៅតំបន់ភាគពាយព្យរបស់ប្រទេសនេះ បានបណ្តាលឱ្យមនុស្សជាង ៨០០.០០០ នាក់ រត់ភៀសខ្លួនចេញពីកន្លែងរស់នៅរបស់ពួកគេ នៅចាប់តាំងពីខែធ្នូ។
ការិយាល័យសម្របសម្រួលផ្នែកមនុស្សធម៌(OCHA)របស់អង្គការសហប្រជាជាតិ បាននិយាយថា” ក្នុងចំណោមប្រជាជនជាង៨០០.០០០ នាក់ដែលបានរត់ភៀសខ្លួននៅតំបន់ភាគពាយព្យនៃប្រទេសស៊ីរីចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០១៩ ដល់ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ២០២០ ប្រហែល៦០ ភាគរយត្រូវបានប៉ាន់ស្មានថាជាកុមារ។
តំបន់Idlib ដែលរួមទាំងផ្នែកខ្លះនៃខេត្តAleppo ដែលនៅជិតគ្នានេះ មានប្រជាជនរស់នៅប្រមាណ ៣លាននាក់ដោយពាក់កណ្តាលនៃពួកគេ បានរត់ភៀសខ្លួនចេញពីតំបន់ផ្សេងទៀតនៃប្រទេសនេះ។
វាបានក្លាយជាជម្រកមួយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ប្រជាជនដែលរត់ភៀសខ្លួនឬត្រូវបានជម្លៀសចេញពីតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមពីពេលមុននៅកន្លែងផ្សេងទៀតនៅប្រទេសស៊ីរី។
ប៉ុន្តែ ឥឡូវនេះ តំបន់Idlib នេះកំពុងរងការវាយប្រហារ ហើយមិនមានកន្លែងណាត្រូវចាកចេញទៅទេ។
អ្នកឆ្លើយឆ្លងសារព័ត៌មាន AFPនៅតំបន់Idlibបានឃើញមនុស្សជាច្រើនគ្រួសាររត់ភៀសខ្លួនតាមរយន្តដែលធ្វើដំណើរឆ្លងកាត់ខេត្តដែលត្រូវបានហែកហួរដោយសង្គ្រាម ចំពេលរដូវរងារត្រជាក់ខ្លាំង។
មនុស្សជាច្រើនកំពុងដេកនៅលើរថយន្តនិងនៅតាមទីវាល ទោះបីមានព្រិលធ្លាក់និងសីតុណ្ហភាពក្រោមសូន្យក៏ដោយ ដែលនាំឱ្យមានការភ័យព្រួយអំពីវិបត្តិជំនួយមនុស្សធម៌ខ្លាំងឡើង។
ការិយាល័យសម្របសម្រួលផ្នែកមនុស្សធម៌បានប៉ាន់ស្មានថាមនុស្សប្រមាណ ៨២.០០០ នាក់កំពុងដេកនៅតាមទីវាល។
ជម្លោះនៅប្រទេសស៊ីរីបានសម្លាប់មនុស្សជាង ៣៨០.០០០ នាក់ចាប់តាំងពីជម្លោះនេះបានផ្ទុះឡើងកាលពីឆ្នាំ២០១១មក៕ ប្រែសម្រួល៖សុខា/sn

មនុស្សជាច្រើនគ្រួសាររត់ភៀសខ្លួនតាមរយន្តដែលធ្វើដំណើរឆ្លងកាត់ខេត្តដែលត្រូវបានហែកហួរដោយសង្គ្រាម ចំពេលរដូវរងារត្រជាក់ខ្លាំង