គ្រូពេទ្យ​ចិន​៦​នាក់​ស្លាប់​និង​១.៧០០​នាក់​ឆ្លង​វីរុស​

717
ចែករម្លែក

​ពួក​មន្ត្រី​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កុម្ភៈ​ថា បុគ្គលិក​ពេទ្យ​ចិន​៦​នាក់​បាន​ស្លាប់​និង​ជាង​១.៧០០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស ដែល​នេះ​វា​បង្ហាញ​​ពី​ការ​ប្រឈម​ខ្ពស់​សម្រាប់​ពួក​វេជ្ជបណ្ឌិត​និងគិលានុបដ្ឋាក គិលានុបដ្ឋាកយិ​កា ចំពេល​មាន​របាយការណ៍​អំពី​ការខ្វះខាត​គ្រឿង​ប្រដាប់​ការពារ​ខ្លួន​ទល់​នឹង​វីរុស​ឆ្លង​នៅតាមបណ្តាមន្ទីរពេទ្យជួរមុខ។​

​ការបញ្ចេញ​តួលេខ​នេះ​បាន​កើតឡើង​ក្រោយ​ពី​សាធារណជន​បញ្ចេញ​កំហឹង​តាម​បណ្តាញ​ផ្សព្វផ្សាយ​ចំពោះ​ការស្លាប់​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បាន​ចេញ​ការព្រមាន​មុនគេ​អំពី​វីរុស​នេះ តែ​ត្រូវបាន​អាជ្ញាធរ​ហៅ​ទៅ​ព្រមាន​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​។​

​លោ​កហ្សេង យី​ស៊ីន អនុប្រធាន​នៃ​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​ថា​ បុគ្គលិក​វេជ្ជសាស្ត្រ​៦នាក់បាន​ស្លាប់និង១.៧១៦​នាក់​បាន​ឆ្លង​នៅ​​ក្នុង​ប្រទេស​ចិន គិត​មក​ត្រឹម​ថ្ងៃ​១៣​កុម្ភៈ​។​

​លោក​ហ្សេ​ង​បាន​ឲ្យដឹងថា ភាគច្រើន ប្រមាណ​១.១០០​នាក់ ចេញ​ជា​ជំងឺ ដែល​គេ​ដាក់​ឈ្មោះ​ផ្លូវការ​ថា​Covid-19 នៅ​ក្រុង​វូ​ហាន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​វីរុស​​នេះ​។​ប្រមាណ​៤០០​នាក់​ទៀតឆ្លង​នៅ​កន្លែង​ផ្សេងៗ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​។​

​ក្នុងពេល​ជាមួយគ្នា អាជ្ញាធរ​ចិន​កំពុង​ប្រញឹក​ដៃជើង​បញ្ជូន​ឧបករណ៍​ការពារ​ទល់​នឹង​វីរុស​នេះ​ទៅ​កាន់​បណ្តា​មន្ទីរពេទ្យ​ក្នុង​ក្រុង​វូ​ហាន កន្លែង​ដែល​វេជ្ជបណ្ឌិត​​និង​ពួក​គិលានុបដ្ឋាក គិលានុបដ្ឋាកយិ​កា ទទួល​អ្នក​ជំងឺហូរ​ចូល​ដូច​ទឹក​ទាំងថ្ងៃទាំងយប់​។​ពួកគេ​ខ្លះ​ទទួល​និង​ព្យាបាល​អ្នក​ជំងឺទាំង​មិន​មាន​ប្រដាប់​ការពារ​​ខ្លួន​ត្រឹមត្រូវ ។​

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលកណ្តាលចិនបានបញ្ជូនបុគ្គលិកពេទ្យយោធាជិត​៣ពាន់នាក់ទៀតទៅកាន់មន្ទីរពេទ្យដែលទើបសាងសង់ហើយដើម្បីទទួលអ្នកជំងឺ Covid-19នៅក្រុងវូហាន។

​សូមបញ្ជាក់​ថា មនុស្ស​ជាង​៦៤.០០០​នាក់​ហើយ​បាន​ឆ្លង​វីរុស​នេះ​នៅ​ចិន និង​ជិត​១.៥០០​នាក់​ត្រូវ​វីរុស​នេះ​សម្លាប់ គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​១៤​កុម្ភៈ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

វេជ្ជបណ្ឌិត​ម្នាក់​នៅ​ក្រុង​វូ​ហាន​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា យ៉ាងហោច​ណាស់​សហការី​ខ្លួន​១៦​នាក់​ចេញ​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​វីរុស​Covid-19

បុគ្គលិកពេទ្យយោធា ត្រូវបានបញ្ជូនបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ខេត្តហ៊ូប៉ី