សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ​យន្តការច្រកចេញចូលតែមួយ របស់​រដ្ឋបាលស្រុកក្រឡាញ់

179
ចែករម្លែក

ដោយគូលែន/សៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ នៅរដ្ឋបាលស្រុកក្រឡាញ់ ។

លោក ទៀ សីហា បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត នៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសវានឹងរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ការកែទម្រង់រដ្ឋបាល ដោយពង្រីកវិសាលភាព សេវាកម្ម ដែលផ្តល់ដោយរដ្ឋបាលស្រុក កែលម្អការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ លើប្រព័ន្ធរដ្ឋបាល ម្យ៉ាងវិញទៀតដើម្បីប្រកាសជូនបងប្អូនប្រជាពលរដ្ឋអោយមកទទួលសេវា ប្រើប្រាស់សេវានេះតាមស្ថានភាព និងតាមតម្រូវការដូច ដែលរដ្ឋបាលស្រុកបានទទួលប្រតិភូកម្ម មុខងារពីថ្នាក់ជាតិ ។

លោកមានប្រសាសន៍បន្ថែមថា ការិយាល័យច្រកចេញចូលតែមួយ គឺមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ ខណៈកន្លងមក ការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត និងបណ្ដារដ្ឋបាលក្រុង-ស្រុកក្នុងខេត្តសៀមរាប គឺមានការគាំទ្រ និងវាយតម្លៃខ្ពស់ ពីសំណាក់អ្នកប្រើប្រាស់សេវា ដោយសារបានកាត់បន្ថយជាអតិបរមានូវការិយា ធិបតេយ្យ និងអំពើពុករលួយក្នុងដំណើរការសុំសេវាផ្សេងៗពីស្ថាប័នរដ្ឋ ហើយនៅតាមបណ្ដាប្រទេសដែល មានធនធានមនុស្ស មានសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន គេក៏បានអភិវឌ្ឍន៍នូវប្រព័ន្ធ និងយន្តការនេះរហូតដល់តាមប្រព័ន្ធអនឡាញ និងឌីជីថលទៀតផង ។

លោក បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រឡាញ់ទាំងអស់ សូមអញ្ជើញមកទំនាក់ទំនង ប្រើប្រាស់សេវាយន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកក្រឡញ់ដោយផ្ទាល់ ដើម្បីចំណេញពេលវេលា គ្មានអំពើរពុករលួយ និង តម្លាភាព ប្រកបដោយភាពជឿទុកចិត្តបាន ។

កាលពីពេលថ្មីៗកន្លងទៅនេះ សម្ដេចក្រឡា ហោម ស ខេង បានបព្ជាក់ថា ការិយាល័យច្រកចេញតែមួយនៅក្នុងរាជធានីខេត្តទូទាំងប្រទេស បានដំណើរការផ្ដល់សេវាជិត៦០០ ប្រភេទ សេវា ក្នុងនោះរាជរដ្ឋាភិបាលក៏បានចេញអនុក្រឹត្យពាក់ព័ន្ធនឹងការផ្ទេរមុខងារ និងធនធានមួយចំនួនពីថ្នាក់ជាតិមកឲ្យថ្នាក់ក្រោមជាតិ ព្រមទាំងបានកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រងស្រុក និងបង្កើនថវិកាឃុំសង្កាត់នៅឆ្នាំ២០២០ដែរ៕B/