ដោយៈ មេសា/ភ្នំពេញៈ តាមរយៈសេចក្តីប្រកាសរបស់ អង្គការចលនា ដើម្បី សុខភាពកម្ពុជា ( CMH ) ដែលបានចេញផ្សាយនៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃ អង្គការនេះ បានគាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសូមអំពាវនាវដល់អ្នកលក់បារីរាយទាំងអស់ កុំចូលរួមក្នុងការផ្សាយពាណិជ្ជកម្មខុសច្បាប់តាមការអូសទាញរបស់ក្រុមហ៊ុនផលិតថ្នាំជក់។
គប្បីរំឭកថា កាលពីថ្ងៃ ទី៥ កុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំដល់ក្រុមហ៊ុនថ្នាំជក់ទាំងអស់ ឲ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសកម្មវិធីប្រកួតប្រជែងការតាំងកញ្ចប់បារីដែលល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយ ក្រុមហ៊ុនថ្នាំជក់ត្រូវប្រមូលយកចេញ ឲ្យអស់នៅសម្ភារផ្សាយពាណិជ្ជកម្មកន្លងមក រួមទាំងលុបការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅ ក្នុង វេបសាយរបស់ក្រុមហ៊ុន និងតាមបណ្ដាញព័ត៍មានសង្គម។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបន្តតាមដានក្រុមហ៊ុនថ្នាំជក់ទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីចាត់វិធានតាមផ្លូវច្បាប់។
តាមរយៈការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១៩ បានរកឃើញថា មានក្រុមហ៊ុនមួយចំនួនដែលបានធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មល្មើសនឹងច្បាប់ ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ ដោយពួកគេបានបិទផ្ទាំងរូបភាពផ្សាយពាណិជ្ជកម្មបារី និងបង្គាប់ឲ្យអ្នកលក់បារីដាក់ទូតាំងបារីដែលមានរូបបារី ឫស្លាកក្រុមហ៊ុនផលិតបារី ហើយនៅតែបញ្ជូនបុគ្គលិករបស់ខ្លួនដើរលក់បារីជាដើម ។
លើសពីនេះទៅ អង្គការ CMH បានហៅទង្វើមួយចំនួនរបស់ក្រុមហ៊ុនថ្នាំជក់ ដែលបំពានច្បាប់ទាំងនោះថា ជាការប្រើក្បិចកល ដោយសារ ក្រុមហ៊ុនទាំងនេះ បានផ្តល់ជារង្វាន់ និង ការឧបត្ថម្ភផ្សេងៗដល់អ្នកលក់ ដូចជាឆ្នាំងដាំបាយ ដែកកេស អាវយឺត បារី ឧបករណ៍បញ្ចូលថ្មទូរស័ព្ទ ប្រតិទិន លុយ និងអញ្ជើញពួកគេឲ្យចូលរួមពិធីជប់លៀងជាដើម ដើម្បីឲ្យអ្នកលក់ ដាក់លក់បារីឲ្យដាច់កាន់តែច្រើន ហើយជាលទ្ធផលក្រុមហ៊ុនទាំងនោះបានទាក់ទាញអ្នកលក់រាយមួយចំនួនដែលចង់បានផលប្រយោជន៍ ភ្លេចគិតពីការផាកពិន័យដែលមានចំពោះខ្លួន ក្នុងគោលបំណងអូសទាញអ្នកលក់ទាំងនោះ ឲ្យចូលរួមកម្មវិធីប្រកួតប្រជែងដាក់តាំងបារី និងចូលរួមចំណែកប្រព្រឹត្តល្មើសដូចខ្លួនដែរ។
កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ឲ្យមានប្រសិទ្ធភាព ហើយបើតាមច្បាប់ស្តីពីការគ្រប់គ្រងផលិតផលថ្នាំជក់ បុគ្គលដែលល្មើសច្បាប់ នៅតែបន្តដាក់តាំងបង្ហាញបារី ក្នុងទម្រង់ផ្សាយពាណិជ្ជកម្មបារី និងត្រូវផ្ដន្ទាទោសផាកពិន័យពី ១.០០០ .០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។ បុគ្គលដែលនៅតែបន្តផ្សាយពាណិជ្ជកម្មល្មើសច្បាប់ និងត្រូវផ្ដន្ទាទោសផាកពិន័យពី ៨.០០០.០០០ (ប្រាំបីលាន) ទៅ ៤០.០០០.០០០ (សែសិបលាន) រៀល ហើយអាចឈានដល់ការព្រមានជាអក្សរ និង បិទអាជីវកម្មរបស់ក្រុហ៊ុននោះទាំងស្រុង ។
ថ្នាំជក់ជាផលិតផលតែមយយគត់ ដែលសម្លាប់អ្នកប្រើប្រាស់ពាក់កណ្តាល។ ប្រជាជនកម្ពុជាស្លាប់ប្រមាណ ១៥. ០០០នាក់ ជារៀងរាល់ឆ្នាំដោយសារការប្រើ ប្រាស់ថ្នាំជក់ និងខាតបង់ថវិកា ៦៤៩ ទៅ ៦៦០ លានដុល្លាអាមេរិក ជារៀងរាល់ឆ្នាំ ដែលស្មើរនឹង ៣ ភាគរយ នៃផលិតផលក្នុង ស្រុកសរុប៕ Kh





