ដោយ៖រ៉ាម៉ន/ភ្នំពេញ៖លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានីមានលោកកើតឆែនិងលោកមានចាន់យ៉ាដាព្រមទាំងអភិបាលខណ្ឌពោធិ៍សែនជ័យព្រមទាំងមន្ដ្រីមួយចំនួនទៀតនារសៀលថ្ងៃទី១៤កុម្ភៈនេះបានធ្វើដំណើរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញដើម្បីទទួលស្វាគមន៍និងជូនដំណើរក្រុមភ្ញៀវទេសចរណ៍ជើងទី២ចំនួន១៤១នាក់ដែលបានជិះប៉ាល់Westerdamមុននឹងបន្តហោះហើរតាមយន្តហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគាត់វិញ ។

លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញក្នុងឱកាសអញ្ជើញស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ទាំងនេះ នៅក្នុងព្រលានយន្តហោះអន្តជាតិភ្នំពេញបានមានប្រសាសន៍លើកឡើងថា៖កម្ពុជាពិតជាប្រទេសគោរពនូវសិទ្ធិមនុស្សនិងមានមនុស្សធម៌ពិតប្រាដក។ខណៈដែលរាជរដ្ឋាភិបាលបានជួយសង្គ្រោះមនុស្សចម្រុះជាតិសាសន៍ឱ្យមានសេរីភាពវិញក្រោយមានការជាប់គាំងនៅលើនាវាWesterdamអស់រយៈពេលជាងពីរសប្តាហ៍ហើយត្រូវបានប្រទេសដទៃនិងកោះនានាបដិសេធមិនឱ្យពួកគេចូលសំចតដោយភ័យខ្លាចពួកគេមានផ្ទុកមេរោគកូរ៉ូណាថ្មីនោះ។

លោកអភិបាលរាជធានីភ្នំពេញបានអះអាងថា៖មិនត្រឹមតែប៉ុណ្ណោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ភ្ញៀវបរទេសចំនួនជាង២.០០០នាក់ដែលជិះលើកប៉ាល់ចូលចតនៅក្រុងព្រះសីហនុដល់ក្រុងព្រះសីហនុ។សម្ដេចបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះភ្ញៀវអន្តរជាតិដែលមកលេងនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា៖ក្រុមភ្ញៀវទេសចរនៅលើនាវាWesterdamចំនួន១១៩នាក់ជាក្រុមជើងទី១បានធ្វើដំណើរតាមយន្ដហោះត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញនៅវេលាថ្ងៃត្រង់ទី១៤ខែកុម្ភៈឆ្នាំ២០២០នេះ។ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅវេលាម៉ោង៩និង២០នាទីព្រឹកមិញ។នៅរសៀលថ្ងៃដដែលនេះក្រុមទី២ដែលមានជាង១០០នាក់ផងដែរនោះក៏បានធ្វើដំណើរចេញពីខេត្តព្រះសីហនុនិងបន្ដចាកចេញតាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញឆ្ពោះទៅកាន់ទឹកដីកំណើតរបស់ពួកគេវិញ។

គួរបញ្ជាក់បន្ថែមទៀតថា៖ កប៉ាល់ទេសចរណ៍ Westerdam ដឹកមនុស្សសរុបជាង ២.២០០នាក់ ក្នុងនោះអ្នកដំណើរ១.៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូងកោះហ្គាំ(អាមេរិក)និងប្រទេសថៃបដិសេធមិនឲ្យចូលចតឡើយដោយសារតែការព្រួយបារម្ភថាក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះអាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
ប៉ុន្តែនៅទីបំផុត សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឲ្យនាវាអាមេរិកមួយនេះ ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ។

យោងតាមបញ្ជីអ្នកដំណើរបង្ហាញឲ្យឃើញថានាវាទេសចរណ៍ខ្នាតយក្សនេះផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍។ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេមានចំនួនរហូតដល់៦៥១នាក់ជនជាតិកាណាដា២៧១នាក់អង់គ្លេស១២៧នាក់ជាតិសាសន៍ដទៃជាបន្តបន្ទាប់ក្នុងនោះមានជនជាតិខ្មែរដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់៕S/
