ដោយៈសុផល/ភ្នំពេញៈ ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារជីបម៉ុង»ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័សសុវត្ថិភាពចំណេញទាំងពេលវេលានិងថវិកាដល់ពលរដ្ឋកម្ពុជា។

ជាមួយភ្នាក់ងារធនាគារជីបម៉ុងអតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជាបង់វិក្កយបត្រផ្សេងៗបញ្ចូលលុយទូរស័ព្ទនិងដក/ដាក់ប្រាក់ក្នុងគណនីធនាគារជីបម៉ុងហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។

ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារជីបម៉ុងលោកឧកញ៉ាលាងម៉េងប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជនក្នុងការបង្វិលនិងទូទាត់ប្រាក់។

ក្នុងនោះដែរធនាគារជីបម៉ុងជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិលនិងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាពដែលមានភាពរហ័សមានសុវត្ថិភាពចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។

តាមរយៈភ្នាក់ងារធនាគារជីបម៉ុងប្រជាពលរដ្ឋកម្ពុជាមិនថានៅទីក្រុងទីរួមខេត្តឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តាភូមិឃុំដាច់ស្រយាលក៏អាចធ្វើការបង់វិក្កយបត្រផ្សេងៗបញ្ចូលលុយទូរស័ព្ទនិងដក/ដាក់ប្រាក់ក្នុងគណនីធនាគារជីបម៉ុងគ្រប់ពេលវេលាដោយមានភាពរហ័សនិងសុវត្ថិភាពខ្ពស់៕S/

ចំណងជើងរូបថត៖ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា





