ដោយៈមុនីរ័ត្ន/ភ្នំពេញ៖អ្នកវិភាគនយោបាយនិងសង្គមលោកហ៊ាងគឹមស្រឿនត្រូវតុលាការចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ខាងមុខ។ករណីលើបណ្តឹងរបស់ខ្លួនដែលបានប្តឹងឈ្មោះអ៊ាគឹមស្រេងពីបទប្រមាថអង្គព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី។
ដីកាកោះនេះចេញដោយលោកសេងហៀងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងជាព្រះរាជអាជ្ញារងកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០។ដើមបណ្តឹងគឺលោកលោកហ៊ាងគឹមស្រឿនទើបតែទទួលបានកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០។លោកហ៊ាងគឹមស្រឿនបានបញ្ជាក់ប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី១៤ខែកុម្ភៈថាដីកាកោះឱ្យចូលបំភ្លឺលោកទទួលបានកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០។
ដោយលោកបញ្ជាក់ថា“ខ្ញុំនឹងចូលបំភ្លឺនៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០តាមការកោះហៅពីព្រោះយើងជាដើមបណ្តឹង”។លោកហ៊ាងគឹមស្រឿនបានដាក់ពាក្យប្តឹងឈ្មោះអ៊ាគឹមស្រេងពីបទប្រមាថអង្គព្រះមហាក្សត្រនិងញុះញង់ឱ្យមានការរើសអើងប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០។
នៅក្នុងពាក្យបណ្តឹងរបស់លោកហ៊ាង គឹមស្រឿន បានជម្រាបជូនព្រះរាជអាជ្ញាថា កាលពីថ្ងៃទី១៨ ខែមករាឆ្នាំ២០២០ឈ្មោះអ៊ាគឹមស្រេងដែលមានAccountfbKimsrengEarបានកាត់តរូបភាពនិងធ្វើវិដេអូឃ្លីបជេរប្រមាថលើព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះបរមរតនកោដនរោត្តមសីហនុនិងសម្តេចព្រះមហាក្សត្រីមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងនោះមានឈ្មោះអ៊ាគឹមស្រេងបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើព្រះអង្គដែលមិនអាចទទួលយកបានឡើយ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះសូមលោកព្រះរាជអាជ្ញាមេត្តាជួយបើកការស៊ើបអង្កេតនិងចោទប្រកាន់ឈ្មោះអ៊ាគឹមស្រេងដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕S/

រូបថតៈ លោកហ៊ាង គឹមស្រឿន អ្នកវិភាគនយោបាយ និងសង្គម