​ព្រឹត្តិការណ៍​នៃ​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​ចំពោះ​នាវា​ទេសចរណ៍ WESTERDAM នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​ ដែល​គាប់​ជួន​គ្នាទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​ពិភពលោក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ រាប់លាន រាប់សែន ចាក់​ធ្លុះ​ទៅដល់​បេះដូង​របស់​មនុស្សជាតិ​ទាំងមូល​។
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​មនុស្សជាតិទាំងឡាយ​គោរព​ស្រឡាញ់​លោក​ កោតសរសើរ​វីរភាព និង​សេចក្តីក្លាហាន​របស់លោក កោតស្ញប់ស្ញែង​នូវ​ភាពឈ្លាសវៃ​របស់លោក សុទ្ធតែ​បាន​ចាត់ទុកថា សម្តេច​តេ​ជោ ហ៊ុន សែន នៃ​កម្ពុជា គឺជា​កំពូល​មេដឹកនាំ​ម្នាក់​ដែលមាន​បេះដូង​ប្រកបដោយ​គុណធម៌ មនុស្សធម៌ មេត្តាធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ព្រំដែន​។ សម្រាប់​អ្នក​ដែល​បាន​ជិះ​នៅលើ​នាវា ទេសចរណ៍ WESTERDAM ទាំង​២.២៥៧ នាក់ ដែល​បាន​រសាត់អណ្តែត​នៅ​កណ្តាល​សាគរ ដ៏​ធំ​ល្វឹងល្វើយ និង​អស់សង្ឃឹម​ទៅហើយនោះ​ក៏​កាន់​តែមាន​អារម្មណ៍​រំភើបចិត្ត រំជួលចិត្ត រក​ទីបំផុត​គ្មាន​ឡើយ​។ យើង​សាក​គិត​ទៅ​មើលថា​តើ​អារម្មណ៍​របស់​យើង​នឹង​ទៅជា​យ៉ាងណា នៅពេល​យើង​ជិះ​នាវា​ទេសចរណ៍ WESTERDAM ជាមួយ​ចម្រុះ​ច្រើន​ជាតិ​សាសន៍ ដើម្បីធ្វើដំណើរ​កម្សាន្ត ដ្បិត​ជាតិ​សាសន៍​ខុសគ្នា ប៉ុន្តែ​បំណង​តែមួយ​របស់​យើង​គឺ​សប្បាយជាមួយគ្នា រួមសុខ រួមទុក្ខ​ជាមួយគ្នា​ រួម​ឈ្វងយល់​ជាមួយគ្នា​នូវ​ទឹកដី​ភូមិសាស្ត្រ​ដ៏​គួរ​ឲ្យស្រឡាញ់​របស់​ពិភពលោក​មួយ​នេះ​។​

​ប៉ុន្តែ​ជា​អកុសល ​នៅពេលដែល​មានការ​បំភិតបំភ័យ​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ស្រាប់តែ​មនុស្ស​ទាំង​២.២៥៧​នាក់ ត្រូវជា​៤១​ជាតិ​សាសន៍ បានក្លាយទៅជា​មនុស្ស​ដែល​ត្រូវគេ​ផាត់​ចោល​ដោយសារតែ​ការរើសអើង​ទៅវិញ ។ នាវា​នេះ​មិនត្រូវបានអនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​ប្រទេស និង​កោះ​មួយចំនួន ដែល​សូម្បីតែ​មនុស្ស​នៅលើ​នាវានោះ ក៏​ជា​ប្រជាជន​របស់​ប្រទេស​នោះ​ក៏ដោយចុះ​។​ក្រៅតែពី​ការភ័យខ្លាច​ចំពោះ​បច្ច័យ​អាក្រក់ណាមួយ ដែល​អាច​កើតឡើង​បាន​គ្រប់​វិនាទី​ក្នុងពេលដែល​នាវា​ស្ថិតនៅ​តែលតោល​កណ្តាលសាគរ និង​គ្មាន​ទីកន្លែង​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត តើ​អ្នក​ទាំងនោះ​មាន​អារម្មណ៍​ភ័យ ព្រួយ​យ៉ាងណា​? កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ តើ​ពួកគេ​មាន​អារម្មណ៍​ឈឺចាប់​ដូចម្តេច និង​ស្លុតរន្ធត់ចិត្ត​យ៉ាងណា​នៅពេលដែល​ដឹងថា​ពួកគេ​ទទួលបាន​នូវ​ការរើសអើង​សូម្បីតែ​រដ្ឋាភិបាល​របស់ប្រទេស​ខ្លួន​ផង​នោះ​។
​ ​
​ក្នុងស្ថានភាព​ដ៏​អស់សង្ឃឹម​នេះ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន សម្រេច​អនុញ្ញាត​ឲ្យ​នាវា​នោះ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ដោយ​សម្តេច​បាន​លើក​ហេតុផល​ថា បញ្ហា​នេះ​វា​បាន​ក្លាយជា​បញ្ហា​ប្រឈម​សកល​រួច​ទៅហើយ ហើយក៏​ជា​បញ្ហា​មនុស្សធម៌​ដ៏​គ្មាន​ព្រំដែន​ដែរ​។​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ប្រកាន់ពូជសាសន៍ ដែល​កិច្ចការ​នេះ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ការងារ​មនុស្សធម៌​ដ៏​ប្រពៃ​និង​សន្តានចិត្ត​យកអាសារបស់​ប្រជាជន​កម្ពុជា សម្រាប់​មនុស្ស​ទាំងអស់​លើ​ពិភពលោក​។ ជាមួយគ្នានេះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការទទួលខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការគោរព​សិទ្ធិជា​ចម្បង​ដោយ​ដំបូង​បំផុត​គឺ​គោរព​ដល់​សិទ្ធិ​នៃ​ការរស់រានមានជីវិត​របស់​មនុស្ស​២.២៥៧​នាក់​នៅលើ​នាវា​នេះ​។
​ ​
នៅពេល​ទទួល​ស្វាគមន៍​អ្នក​ដែល​ចុះ​ចេញពី​នាវា​ទេសចរណ៍ WESTERDAM សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ពិភពលោក​ប្រសិទ្ធ​នាម​ថា ជា​មេដឹកនាំ​កំពូល​ម្នាក់​ដែលមាន​បេះដូង​ប្រកបដោយ​គុណធម៌ មនុស្សធម៌ មេត្តាធម៌​និងសេចក្តីស្រឡាញ់​ដោយ​គ្មាន​ព្រំដែន បាន​ហុច​ជូន​ផ្កា​មួយទង​ម្នាក់ៗ​ក្នុង​មនោសញ្ចេតនា​រីករាយ កក់ក្តៅ យ៉ាង​ក្រៃលែង​។ នោះ​ជា​ក្តីរំភើប​មួយ​ដ៏​អស្ចារ្យ​។ ជា​ក្តីរំភើប​មិនមែន​សម្រាប់តែ​មនុ​ស្សទាំង​២.២៥៧​នាក់ ដែល​ត្រូវបាន​គេ​ផាត់​ចេញពី​ពិភពលោក​មួយ​ដែល​កំពុង​រងគ្រោះដោយ​ជំងឺ​ភ័យខ្លាច និង​តក់ស្លុត តាមរយៈ​ការរើសអើង​និង​ការ​បណ្តោយ​ទុក​ឲ្យ​រសាត់អណ្តែតទាំងអស់​សង្ឃឹម​នៅ​កណ្តាល​សាគរ​នោះទេ ប៉ុន្តែ​ក៏​ជា​ក្តីរំភើប​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​ប្រជាជន​កម្ពុជា​ដ៏​ស្លូតបូត ប្រជាជន​កម្ពុជា​ដែល​ធ្លាប់មាន​អារ្យធម៌​ដ៏​រុងរឿង​តាំងពី​អតីតកាល គឺជា​ប្រជាជាតិ​ដែលមាន​បេះដូង​ទូលាយ មាន​សន្តាន​ចិត្ត​ស្មោះត្រង់​សន្ដោស​ប្រណី ​ហើយជា​ប្រពៃណី​របស់​ប្រជាជាតិ​មួយ​នេះ ការជួយ​គ្នា​ក្នុង​គ្រាអាសន្ន​បែបនេះ​គឺ តែងតែ​កើតមានជា​រៀង​ដរាប និង​មិនដែល​កំណត់ព្រំដែន​ទេ​។ ប្រជាជន​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ប្រវត្តិ នៃ​សោកនាដកម្ម​រាប់មិនអស់ ធ្លាប់​ត្រូវគេ​ជាន់ពន្លិច ត្រូវគេ​ប្រមាថ ត្រូវគេ​រើសអើង​ពិតជាស្គាល់​ច្បាស់​ណាស់​អំពី​ជម្រៅ​នៃ​ការឈឺចាប់​នេះ ។
​ ​
នៅ​ថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ​២០២០ ដែលជា​ទិវា​នៃ​ក្តី​ស្រឡាញ់​របស់​ពិភពលោក ប្រជាជន​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ពិតជា​បាន​ចែករំលែកនូវ​ក្តី​ស្រឡាញ់​របស់ខ្លួន ជូន​ចំពោះ​មនុស្ស​ទាំង ២.២៥៧​នាក់ នៅលើ​នាវា​ទេសចរណ៍ WESTERDAM ។ ប៉ុន្តែ​អ្វីដែល​ប្រជាជន​កម្ពុជា​ធ្វើបាន គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមានសុខសន្តិភាព ។ អ្វី​ដែលជា​អត្ថន័យ​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ គឺ​អ្នកទេសចរទាំងអស់នេះ​ក៏​ទទួលបាន​មនុញ្ញផល​សន្តិភាព​រប​ស់​កម្ពុជា​ដែរ​។ សូម​អរគុណ​សន្តិភាព​!៕​ ដោយ: លីទួង/Ha