ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ប្រធានាធិបតី សហរដ្ឋអាម៉េរិក Donald Trump បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​បានទទួល​នាវា Westerdam ឲ្យ​ចូល​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុ នៅលើ​បណ្ដាញ​សង្គម Twitter ផ្លូវការ​របស់លោក​នៅ​ថ្ងៃទី​១៥​កុម្ភៈ​ ឆ្នាំ​២០២០​នេះ​។

​លោក Donald Trump បាន​បន្ថែមថា សហរដ្ឋអាម៉េរិក នឹង​ចងចាំ​អំពើ​ល្អ​របស់​អ្នក (​កម្ពុជា​)។

សូម​រម្លឹកថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​ទេសចរ​នៅលើ​នាវា​ទេសចរណ៍ Westerdam ដែល​កំពុង​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សី​ហនុ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​។​

​នៅពេល​វត្តមាន​សម្តេច​អញ្ជើញ​ដល់ សំឡេង​ស្វាគមន៍​ជា​ភាសាបរទេស​បាន​បន្លឺឡើង Welcome Priministe ជាមួយ​សំ​ឡេ​ងហ៊ោ និង​ការ​គ្រវី​ក្រមា បង្ហាញ​នូវ​ការស្វាគមន៍​ពីលើ​នាវា​មកកាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ការរំភើប​រីករាយ​។​

​សម្តេច​បាន​ស្វាគមន៍​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ដែល​ត្រូវ​ចាក​ចេញពី​នាវា ដើម្បី​ទៅកាន់​ព្រលានយន្តហោះ​កងកេង​ចំនួន​ជាង ១០០​នាក់ ជាមួយ​ពាក្យ Welcome និង​ការ​ចាប់ដៃនិង​ការជូន​នូវ​ផ្កា​កុលាប​មួយទង​។​

​នៅ​ទីនោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ទៅកាន់​ជនរួមជាតិ​និង​អ្នកទេសចរ​បរទេស ដោយ​បង្ហាញ​ពី​សន្ដាន​ចិត្ត​មនុស្ស និង​ឋានៈ​ជា​សមាជិក​សហគមន៍​អន្តរជាតិ​ដែល​ត្រូវមាន​កាតព្វកិច្ច​ជួយសង្គ្រោះ​មនុស្ស​ដោយ​គ្មាន​ការរើសអើង​។ កម្ពុជា​បាន​អនុវត្ត​នូវ​ការគោរព​សិទ្ធិមនុស្ស ដែល​ការគោរព​សិទ្ធិមនុស្ស​នេះ​វា​ចេញ​ពីសិទ្ធិ​រស់រានមានជីវិត​ជាមុនសិន​៕ ​/Ha