សុំឱ្យ​ជំនាញ​និង​អាជ្ញាធរ​ពិនិត្យមើល​បទល្មើស​នេសាទ​ក្នុងស្រុក​ក្រគរ​ផង​

1251
ចែករម្លែក

​ដោយ​៖​សហការី​/​ពោធិសាត់​៖​ប្រជាពលរដ្ឋ​បាន​សុំឱ្យ​ជំនាញ​និង​អាជ្ញាធរខេត្ត​ពិនិត្យមើល​បទល្មើស​នេសាទ​ក្នុងស្រុក​ក្រគរ​ផង​ដែល​សព្វថ្ងៃ​បទល្មើស​នេសាទ​ដូចជា​ការដាក់​សម្រាស់​ដើម្បី​ហ៊ុំ​ចាប់​ត្រី​ស្ថិតក្នុង​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​ខេត្តពោធិសាត់​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​សកម្មភាព​ដែល​កើត​មាននៅ​តំបន់​ខាងលើនេះ ដោយមាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ សុខ រស់នៅក្នុង ភូមិ​កំពង់​ថ្កោល​ឃុំ​អ​ន្សា​ចំបក់​ស្រុក​ក្រគរ​ជា​អ្នក​កាន់​កញ្ចប់​ថវិកា​ដែល​ប្រមូលបាន​ពី​ប្រជា​នេសាទ​រកស៊ី​ដាក់​សម្រាស់​ក្នុង​ឃុំ​អ​ន្សា​ចំបក់ ជាច្រើន​លាន​រៀល​ដើម្បី​យកទៅ​ថ្វាយ​មន្ត្រី​ជំនាញ​ក្នុង​ខេត្តពោធិសាត់​។​

​ប្រភព​ដដែល​បាន​បន្តថា​ប្រជា​ពល​រដ្ន​រកស៊ី​លក្ខណៈ​គ្រួសារ​រស់នៅ​ឃុំ​អ​ន្សា​ចំបក់​និង​រស់នៅ​ភូមិ​ថ្កោល​ស្រុក​ក្រគរ​ខេត្តពោធិសាត់​បាន​រិះគន់​រដ្ឋបាល​ជលផល​ខេត្តពោធិសាត់​ទំនងជា​ឃុបឃិត​បើកដៃ​ឱ្យ​ក្រុម​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ហ៊ុំ​សម្រាស់​។​ក្នុងនោះ​ប្រភព​បានបញ្ជាក់​ទីតាំង​ដាក់​សម្រាស់​ជា​បទល្មើស​នេសាទ​នៅ​ចំណុច​ព្រែក​យាយ​ហ៊ីង​,​ព្រែក​កំពង់​ស្ទឹង​,​ព្រែក​កំពង់​ថ្កោល​,​ព្រែក​តូច​,​ព្រែក​ធំ​,​ទន្លេ​កំពង់​ប្រាក់​,​និង​តាម​ទន្លេ​ខាងក្រៅ​ទៀតផង​,​នេះ​និយាយ​តែ​ឃុំ​អ​ន្សា​ចំបក់​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​រក​នេសាទ​លក្ខណៈ​គ្រួសារ​សុំ​ទៅ​អភិបាលខេត្តលោក​ម៉ៅ​ធនិន​គណៈបញ្ជាការ​ឯកភាព​ខេត្តពោធិសាត់ ត្រូវតែមាន​វិធាន​ការចុះ​ត្រួត​ពិនិត្យមើល​ចំណុច​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​នោះ​ផង​៕S/

សុំឱ្យ​ជំនាញ​និង​អាជ្ញាធរ​ពិនិត្យមើល​បទល្មើស​នេសាទ​ក្នុងស្រុក​ក្រគរ​ផង​