​របាយការណ៍​វេទិកា​ថ្នាក់រៀន​ស្តីពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​

492
ចែករម្លែក
-​សិស្សានុសិស្ស​នៅក្នុង​ថ្នាក់​កំពុង​បំពេញ​សំណួរ​ស្ទាបស្ទង់​មតិ មុនពេល​វេទិកា​ថ្នាក់រៀន​ចាប់ផ្តើម​។​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ដោយ​៖ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
សេចក្តី​ផ្តើម​
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ បានធ្វើ​វេទិកា​ថ្នាក់រៀន​លើក​ទី​៤៤ ក្រោម​ប្រធានបទ «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​។ វេទិកា​ថ្នាក់រៀន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កម្មវិធី​ស្រាវជ្រាវ និង​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា​។ មុន​ថ្ងៃ​ប្រារព្ធ​ធ្វើ​វេទិកា​ថ្នាក់រៀន ក្រុមការងារ​នៃ​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ទំនាក់ទំនង​ទៅ​សាលា​ដោយផ្ទាល់​ដើម្បី​ជូនដំណឹង ជូន​លិខិត​សុំ​ការអនុញ្ញាត និង​ជម្រាប​ពី​គោលបំណង​នៃ​វេទិកា​នេះ​។​


​វេទិកា​ថ្នាក់រៀន មាន​គោលបំណង​ដើម្បី​អប់រំ​សិស្ស​វិទ្យាល័យ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ «​ខ្មែរក្រហម​» ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ហើយក៏​ជាការ​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដើម្បី​ពិភាក្សា សួរ​សំណួរ និង​រិះគិត​ដោយមាន​ការវិភាគ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុងសម័យ​ខ្មែរក្រហម​។

លោក ផេង ពង្ស​រ៉ាស៊ី ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ក្នុង​របប​ខ្មែរក្រហម​ប្រាប់​ដល់​សិស្សានុសិស្ស​នៅ​អំឡុង​ពេលធ្វើ​វេទិកា​ថ្នាក់រៀន​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​


​វេទិកា​ថ្នាក់រៀន​នេះ​មានកម្ម​វត្ថុ​ចំនួន ៥ គឺ ៖ ១) ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដើម្បី​ចែករំលែក​នូវ​ចំណាប់អារម្មណ៍​ពី​ចំណេះដឹង​ផ្ទាល់ខ្លួន ទៅលើ​អ្វីដែល​បានកើត​ឡើង​នៅ​សម័យ​ខ្មែរក្រហម​។ ២) ដើម្បី​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​គិត និង​វិភាគ​ពី​ផលវិបាក​នៃ​កេរដំណែល​អន្តរកាល​ទៅលើ​សង្គម​កម្ពុជា​បច្ចុប្បន្ន​។ ៣) ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ពិភាក្សា​ទៅលើ​កេរដំណែល​នេះ​នៅក្នុង​គ្រួសារ និង​សហគមន៍​។ ៤) ដើម្បី​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) ដល់​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​វេទិកា​។ ៥) ផ្ដល់​ចំណេះដឹង​ពី​អំពើ​ប្រល័យពូជសាសន៍ និង​របៀប​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។ និង​ទី​៦) ផ្សព្វផ្សាយ​ពី​ទីតាំង​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង ដែល​ស្ថិតនៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​។​
​វេទិកា​ថ្នាក់រៀន​នេះ​បាន​ប្រារព្ធ​ឡើង​នៅវេលា​ម៉ោង​៨​កន្លះ​ព្រឹក រហូតដល់​ម៉ោង​១១​ថ្ងៃត្រង់ ដោយមាន​ការចូលរួម​ពី​សិស្សានុសិស្ស​ចំនួន​៦៣​នាក់ ក្នុងនោះ​មាន​សិស្សស្រី​ចំនួន​៣០​នាក់​។​


វិទ្យាល័យ​ព្រៃ​ព្នៅ​
​វិទ្យាល័យ​ព្រៃ​ព្នៅ ស្ថិតនៅ​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។ កាលពីមុន​បរិវេណ​វិទ្យាល័យ​នេះ​គឺជា​ដីស្រែ​ត្រពាំង និង​មាន​ទួល​មួយ​ដែលជា​ទីកន្លែង​សក្ការៈបូជា​។ សាលា​នេះ​បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ​១៩៨៧ ដោយ​គំនិត​ផ្ដួចផ្ដើម​ពី​ព្រះចៅអធិការ​វត្ត​ព្រៃ​ព្នៅ​ខាងជើង ព្រះនាម សួស ប៊ុត ក្នុង​គោលបំណង​សម្រួលការ​លំបាក​របស់​សិស្សានុសិស្ស និង​ចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​ឆ្នាំ​សិក្សា​១៩៨៨​។
¬​ ​វិទ្យាល័យ​ព្រៃ​ព្នៅ​មាន​ចម្ងាយ​ប្រមាណ​៧៤​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨​។ ចាប់តាំងពី​ឆ្នាំ​២០០៧ ចំនួន​សិស្សានុសិស្ស​បាន​កើន​ឡើងជា​លំដាប់ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ពង្រីក​អនុវិទ្យាល័យ​ព្រៃ​ព្នៅ ទៅជា​វិទ្យាល័យ​ព្រៃ​ព្នៅ​វិញ​។
​ស្ថិតិ​អគារ ថ្នាក់ បុគ្គលិក សិស្ស​ ​
o​ ​អគារសិក្សា​ចំនួន ៥​ខ្នង ស្មើនឹង ៣១ បន្ទប់​
o​ ​បុគ្គលិក​សរុប ៦៤ នាក់ ស្រី ១៥ នាក់​


រចនាសម្ព័ន្ធ​នៃ​វេទិកា​ថ្នាក់រៀន​
​ការស្ទង់មតិ​មុន​វេទិកា​ថ្នាក់រៀន​
​នៅពេល​វេទិកា​ថ្នាក់រៀន​ចាប់ផ្តើម លោកនាយក​វិទ្យាល័យ ឆាយ ប៉េង​ឆាន បាន​ថ្លែង​សុន្ទរកថា​ស្វាគមន៍ និង​អរគុណ​មកកាន់​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ព្រមទាំង​បាន​ណែនាំ​សិស្សានុសិស្ស​ឲ្យ​យកចិត្តទុកដាក់​ស្ដាប់​លោកគ្រូ ផេង ពង្ស​រ៉ាស៊ី ដែលជា​គ្រូឧទ្ទេស​។ បន្ទាប់មក លោក ផេង ពង្ស​រ៉ាស៊ី បានធ្វើ​ការណែនាំ​ខ្លួន និង​រៀបរាប់​ពី​មាតិកា​នៃ​វេទិកា​ថ្នាក់រៀន​ទៅកាន់​សិស្សានុសិស្ស និង​គ្រូៗ​ដែល​ចូលរួម​។ សមាជិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បានចាប់ផ្តើម​ចែក​កម្រង​សំណួរ​ទៅកាន់​សិស្ស​គ្រប់គ្នា​ដើម្បី​បំពេញ ដោយមាន​បុគ្គលិក​ម្នាក់​ធ្វើការ​ពន្យល់​ពី​កម្រង​សំណួរ​នីមួយៗ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ឲ្យ​សិស្ស​ឆ្លើយ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​រយៈពេល​២០​នាទី​។ វិធីសាស្ត្រ​នេះ​គឺ​ដើម្បី​កំណត់​នូវ​អ្វីដែល​សិស្ស​បាន​រៀន បានដឹង និង​ជឿ​លើ​អ្វីដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម ក៏ដូចជា​ការពិភាក្សា​ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ និង​បងប្អូន​ពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​។​

-​កញ្ញា មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា កំពុង​សម្ភាសន៍​សិស្ស​ដែល​បាន​ចូលរួម​វេទិកា​ថ្នាក់រៀន​ស្តីពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩»​។​
​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។​


​ការធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​
​មុននឹង​ចាប់​ផ្តើមធ្វើ​បទ​បង្ហាញ លោក ផេង ពង្ស​រ៉ាស៊ី បាន​លើក​សំណួរ​ចំនួន​៤ ក្នុង​វេទិកា​ថ្នាក់រៀន​ដើម្បី​បញ្ជ្រាប​កម្រិត​នៃ​ការយល់ដឹង​របស់​សិស្ស​ពី​របប​ខ្មែរក្រហម​។
​សំណួរ​ទាំង​៤​គឺ ៖
​ ​១) តើ​ប្អូនៗ​មាន​ធ្លាប់​ឮ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែរឬទេ​?
​ ​២) តើ​ពាក្យ​ថា ខ្មែរក្រហម កើតចេញ​មកពីណា​?
​ ​២) តើ​ថ្ងៃខែ​ឆ្នាំ​ណា​ដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច​ទាំងស្រុង​?
​ ​៣) តើ​អ្វីខ្លះ​ជា​គោលនយោបាយ​របស់រប​ប​ខ្មែរក្រហម​?
​ចម្លើយ​ទៅនឹង​សំណួរ​ទាំងនេះ នឹង​បង្ហាញ​ក្នុងពេល​ធ្វើ​បទ​បង្ហាញ​។ បន្ទាប់មក លោក ផេង ពង្ស​រ៉ាស៊ី ចាប់ផ្តើម​ធ្វើ​បទ​បង្ហាញ​ចំណុច​មួយៗ និង​ច្បាស់លាស់​ដល់​សិស្សានុសិស្ស​ពី​គោលនយោបាយ​៨​ចំណុច ដែល​ខ្មែរក្រហម​បាន​ប្រើ​ទៅលើ​ប្រជាជន និង​ប្រទេសជាតិ ៖
១) ជម្លៀស​ប្រជាជន​ចេញពី​ក្រុងភ្នំពេញ​។
២) លុបបំបាត់ចោល​ទាំងស្រុង​នូវ​សេដ្ឋកិច្ច​ទីផ្សារសេរី
៣) លុបបំបាត់ចោល​នូវ​ការចាយ​លុយ
៤) លុបបំបាត់​សាសនា និង​ការ​គោរពបូជា​
៥) បន្សុទ្ធកម្ម​
៦) បង្កើតជា​សហករណ៍​នៅ​ទូទាំងប្រទេស​
៧) បណ្ដេញ​ជនជាតិ​វៀតណាម​ឲ្យ​អស់ពី​ប្រទេស​កម្ពុជា​
៨) សង្គ្រាម​ជាមួយ​វៀតណាម​។​


​មេដឹកនាំ​ខ្មែរក្រហម​ចង់​ផ្លាស់ប្ដូរ​ការរស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​យ៉ាង​ឆាប់រហ័ស ដើម្បី​ឈានទៅដល់​ប្រទេស​ដែលមាន​វិស័យ​កសិកម្ម​ជឿនលឿន​នៅពេល​អនាគត​។ តម​កលោក ផេង ពង្ស​រ៉ាស៊ី បាន​ពន្យល់​អំពី​រចនាសម្ព័ន្ធ​របស់​ខ្មែរក្រហម និង​គោលនយោបាយ​។ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​បាន​ទាក់ទាញ​ដោយ​បទ​បង្ហាញ និង​ឯកសារ​រូបថត​។ សិស្ស​ខំប្រឹង​ស្តាប់ កត់ត្រា​យ៉ាង​យកចិត្តទុកដាក់​រាល់​អ្វីដែល​លោក ផេង ពង្ស​រ៉ាស៊ី បាន​ពន្យល់​ដោយសារតែ​ការចង់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។


​ការ​បញ្ចាំង​វីដេអូ​ឯកសារ​ខ្លី​
​កម្មវិធី​បន្ទាប់ លោក ផេង ពង្ស​រ៉ាស៊ី បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​មាន​ចំណងជើង​ថា «​កុមារ​កម្ពុជា​»​។ វីដេអូ​ឯកសារ​នេះ​ត្រូវបាន​ថត​ភ្លាមៗ​បន្ទាប់ពី​ឆ្នាំ​១៩៧៩ ដែល​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​កុមារ​ក្នុងប្រទេស​កម្ពុជា​បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួលរលំ​។ សិស្សានុសិស្ស​មើល​ភាពយន្ត​ឯកសារ​នេះ​ដោយ​ស្ងៀមស្ងាត់ ជាមួយ​ទឹកមុខ​ក្រៀមក្រំ លើកលែងតែ​សិស្ស​មួយចំនួន​តូច​បាន​សើច​ពេល​ឃើញ​កុមារ​ក្នុង​វីដេអូ​មាន​ពោះធំ​ដែល​បណ្តាលមកពី​ជំងឺ និង​ខ្វះ​អាហារូបត្ថម្ភ​។ សិស្ស​ខ្លះទៀត​បាន​លាន់មាត់ និង​បង្ហាញ​អារម្មណ៍​រន្ធត់​នៅពេល​ឃើញ​កុមារៗ​ហូបបាយ​ដោយមាន​រុយ​រោម គ្មាន​សម្លៀកបំពាក់​ត្រឹមត្រូវ ហូប​ស្លឹកឈើ និង​ឃើញ​សាកសព​ដែលមាន​ខ្សែចំណង​ជាប់ជើង​។ បន្ទាប់ពី​ទស្សនា​វីដេអូ​រួច វាគ្មិន​បាន​ប្រាប់​សិស្ស​ថា កុមារ​ទាំងអស់​ក្នុង​វីដេអូ​នេះ​សុទ្ធតែជា​ក្មេង​កំព្រា ដែល​បាន​ដើរ​ចេញពី​តំបន់​ដែល​ខ្លួន​រស់នៅក្នុង​របប​ខ្មែរក្រហម​។ នៅក្នុង​ចំណោម​កុមារ​ទាំងនោះ កុមារ​មួយចំនួន​ត្រូវបាន​ជនបរទេស​យកទៅ​ចិញ្ចឹម និង​មួយចំនួនទៀត​ចូលទៅ​រស់នៅក្នុង​មណ្ឌលកុមារ​កំព្រា (​កុលាប​១ និង​កុលាប​២) ហើយ​មួយចំនួនទៀត​ក៏បាន​ស្លាប់​ដោយសារ​ខ្វះ​អាហារូបត្ថម្ភ​។​
​និយមន័យ​នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ការទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍
​ចុងបញ្ចប់​នៃ​ការធ្វើ​បទ​បង្ហាញ លោក ផេង ពង្ស​រ៉ាស៊ី លើក​សំណួរ​មួយ តើ​អ្វី​ទៅជា​អំពើ​ប្រល័យពូជសាសន៍​? ក្នុង​ចម្លើយ​លោក​បាន​លើក​ពី​ធាតុ​ផ្សំ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​មក​ពន្យល់ រួមមាន ៖
-​ ​ការសម្លាប់​សមាជិក​ទាំ​ង​ឡាយ​នៃ​ក្រុម​
-​ ​ការបង្ក​ការឈឺចាប់ និង​ខូចខាត​យ៉ាងដំណំ​លើ​ផ្នែក​រាងកាយ ឬ​ស្មារតី​នៃ​សមាជិក​ទាំងឡាយ​នៅក្នុង​ក្រុម​។
-​ ​ការបង្កឡើង​ដោយ​ចេតនា​ជា​មហន្តរាយ​ក្នុងស្ថានភាព​រស់នៅក្នុង​ក្រុម ដែល​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ទាំងស្រុង ឬ​ផ្នែក​នៃ​ក្រុម​។​
-​ ​ការ​បង្ខាំង និង​ប្រើប្រាស់​វិធានការ​នានា ដើម្បី​បង្ការ​មិន​ឲ្យ​មានកំណើត​ទារក​នៅក្នុង​សង្គម​។
-​ ​ការយក​កុមារ​ចេញពី​សង្គម​មួយ​ទៅ​ដាក់​សង្គម​មួយទៀត​ដោយ​បង្ខំ​។
​អំពើ​ប្រល័យពូជសាសន៍​គឺជា​ចេតនា​ផ្ដាច់​ពូជ ជាតិពន្ធុ ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ​ជីវិត​មនុស្ស​។ អំពើ​ប្រល័យពូជសាសន៍ ប៉ះពាល់​ដល់​មនុស្ស​ម្នាក់ៗ សហគមន៍ និង​ប៉ះពាល់​ដល់​ប្រជាជាតិ​ទាំងមូល​។ ហេតុដូច្នេះ​ដើម្បី​ជៀស​ឲ្យ​ផុតពី​អំពើ​ប្រល័យពូជសាសន៍​យើង​ត្រូវ ៖
-​ ​បដិសេធ​ចំពោះ​អំពើហិង្សា លើកទឹកចិត្ត​ឲ្យ​មាន​ដំណោះស្រាយ​សន្តិវិធី​ចំពោះ​ជម្លោះ និង​ចេះ​មាន​ស្មារតី​បង្រួបបង្រួម​។​
-​ ​ការពារ​សិទ្ធិ​ជា​បុគ្គល​របស់​សមាជិក​ក្នុង​សហគមន៍ ដោយ​មិន​គិត​គិតពី​ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​។​
-​ ​ទប់ស្កាត់​អំពើហិង្សា តាមរយៈ​ការអប់រំ និង​ទំនាក់ទំនង​ការទូត​
​នៅ​ចុងបញ្ចប់​នៃ​ការធ្វើ​បទ​បង្ហាញ​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏បាន​ផ្សព្វផ្សាយ​ពី​ទីតាំង​ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង ស្ថិតនៅក្នុង​បរិវេណ​នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​។ ការិយាល័យ​ស្រាវជ្រាវ និង​បណ្ណាល័យ​ឯកសារ​ខ្មែរក្រហម ខេត្តព្រៃវែង មាន​តួនាទី​បម្រើ​ដល់​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ព្រមទាំង​ជួយ​សម្របសម្រួល​ក្នុងការ​បង្កើត​កន្លែង​ស្រាវជ្រាវ កន្លែង​ផ្ដល់ព័ត៌មាន និង​ចែកចាយ ព័ត៌មាន​អំពើ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​សហគមន៍​។
​ការស្ទង់មតិ​ក្រោយ​វេទិកា​ថ្នាក់រៀន​
​មុនពេល​បញ្ចប់​នៃ​វេទិកា​ថា្នក់​រៀន សមាជិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ចែក​កម្រង​សំណួរ​ផ្សេងទៀត​ទៅ​សិស្ស​ម្នាក់ៗ​។ ដើម្បី​ជួយ​ដល់​សិស្សានុសិស្ស បុគ្គលិក​ម្នាក់​ធ្វើការ​ណែនាំ​សិស្ស​ពី​របៀប​ឆ្លើយ​សំណួរ​នីមួយៗ និង​ធ្វើជា​អ្នកសម្របសម្រួល​ក្នុងការ​បំពេញ​ចម្លើយ​។ បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ប្រើ​វិធីសាស្ត្រ​នេះ​ដើម្បី​ស្វែងរក​ចំណេះដឹង និង​សេចក្តី​ពេញចិត្ត បន្ទាប់ពី​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។
​ការ​ចែកចាយ​សៀវភៅ​ដល់​សិស្សានុសិស្ស​


​បន្ទាប់ពី​បំពេញ​តារាង​ស្ទង់​មតិ​ក្រោយ​វេទិកា​រួចមក បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ចាប់ផ្តើម​ចែក​សៀវភៅ ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) ជា​ភាសា​អង់គ្លេស និង​សៀវភៅ​អត្តសញ្ញាណ​ជនជាតិ​ចាម​នៅក្នុង​យុគសម័យ​សកលភាវូបនីយកម្ម​ដល់​សិស្ស​គ្រប់ៗ​គ្នា​។ សៀវភៅ​សិក្សា​ទាំងនេះ​គឺជា​ឯកសារ​សម្រាប់​ការស្រាវជ្រាវ និង​រៀន​បន្ថែម​ដើម្បី​ត្រៀមប្រឡង​ថ្នាក់ជាតិ​។ មាន​មូលហេតុ​ពីរ​ក្នុង​ការចែក​សៀវភៅ​សិក្សា​នេះ​គឺ ទី​១) ផ្តល់​ជា​សម្ភារ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា និង​ទី​២) ជំរុញ និង​លើកកម្ពស់​វប្បធម៌​នៃ​ការអាន​ដល់​សិស្ស​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​។​
​លទ្ធផល​ការស្ទង់មតិ​មុន និង​ក្រោយ​វេទិកា​ថ្នាក់រៀន​


​ដើម្បី​កំណត់​ចំណេះដឹង​របស់​សិស្ស​មុន និង​ក្រោយ​វេទិកា​ថ្នាក់រៀន​ស្តីពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ មាន​វិធីសាស្ត្រ​ប្រមូល​ទន្ន​ន័យ​ពីរ​ប្រភេទ​ត្រូវបាន​ប្រើប្រាស់​គឺ ការស្ទង់មតិ​តាមរយៈ​កម្រង​សំណួរ និង​ការសង្កេត​។ វិធីសាស្ត្រ​ទី​១) គឺ​ត្រូវបាន​បែង​ចែកជា​ពីរ​ផ្នែក ដោយ​ផ្នែក​ទីមួយ ៖ គឺជា​ការស្ទង់មតិ​មុន​វេទិកា​ដែល​ត្រូវ​ចែក​កម្រង​សំណួរ​មុនពេល​វេទិកា​ចាប់ផ្ដើម​ដើម្បី​វាស់​ស្ទង់​ចំណេះដឹង​ដែល​សិស្ស​បាន​រៀន​នៅ​សាលា និង​នៅផ្ទះ​។ ផ្នែក​ទី​ពីរ ៖ គឺជា​ការស្ទង់មតិ​ក្រោយ​វេទិកា​ដើម្បី​ស្វែងយល់​អំពី​អ្វីដែល​សិស្ស​បាន​រៀន​ពី​វេទិកា​ថ្នាក់រៀន​។ ចំណែកឯ វិធីសាស្ត្រ​ទី​២) គឺជា​ការសង្កេត ៖ សង្កេត​ទៅលើ​ឥរិយាបថ និង​អាក្បកិរិយា​របស់​សិស្ស​ពេលដែល​បាន​ចូលរួម​វេទិកា​នេះ​។



​ ​លទ្ធផល​ដែល​បានមកពី​តារាង​ស្ទាបស្ទង់​មតិ​ទាំង​២​លើក ត្រូវបាន​វិភាគ​នៅក្នុង​ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ឈ្មោះថា «SPSS IBM 25» ដើម្បី​វាស់​ស្ទង់​ចំណេះដឹង​របស់​សិស្ស​ទាំង​មុន និង​ក្រោយ​ការធ្វើ​វេទិកា​។ ខាងក្រោម​នេះ គឺជា​លទ្ធផល​ក​ដែល​បានមកពី​ការវិភាគ ៖
​ ​យោងតាម​ដ្យា​ក្រាម​ខាងក្រោម សិស្សានុសិស្ស​ភាគច្រើន​ដែល​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន មានចំណេះដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​រួចមកហើយ មុនពេល​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។ សិស្ស​ដែល​យល់ដឹង​ច្រើន​ពីរ​បប​ខ្មែរក្រហម​កើនឡើង​ពី ៥% ទៅ ២៧% បន្ទាប់ពី​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់រៀន​។​
​សិស្ស​ទាំងអស់​ជឿថា ការសម្លាប់​រង្គាល​ពិតជា​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​ពិតមែន​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​ការឈឺ​ចាប់​ក្នុងសម័យ​នោះ​។ លទ្ធផល​ដែល​បានមកពី​ការស្ទង់មតិ​មុន និង​ក្រោយ​វេទិកា​ថ្នាក់រៀន​បាន​បង្ហាញថា សិស្ស​ដែល​មិន​យល់ស្រប​លើ​ការរើសអើង​ទៅលើ​កូនចៅ​របស់​កម្មាភិបាល​ខ្មែរក្រហម​មាន​ចំនួន​៩៥%​។ កម្រិត​នៃ​ការរើសអើង​នេះ​នៅ​តិច​នៅឡើយ​។ សិស្ស​ទាំងអស់​យល់ស្រប​ថា ការសិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពិតជា​សំខាន់​។
​ ​សិស្ស​ទាំងអស់​យល់ស្រប​ថា​ការ សិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​នឹង​ជួយ​ជំរុញ​ឲ្យ​មានការ​កសាង​សន្តិភាព​ក្នុងសង្គម​កម្ពុជា ការព្យាបាល​របួស​ផ្លូវចិត្ត​ជនរងគ្រោះ​ក្នុង​របប​នោះ បង្កើត​ឲ្យ​មានការ​ផ្សះផ្សា និង​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​នាពេល​អនាគត​។
សេចក្ដីសន្និដ្ឋាន​
​វេទិកា​ថ្នាក់រៀន​ដែល​ធ្វើឡើង​កន្លងមក តាមរយៈ​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បានផ្តល់​ឱកាស​ដ៏​ល្អ​ដល់​សិស្សានុសិស្ស​វិទ្យាល័យ​ព្រៃ​ព្នៅ​ដើម្បី​ពិភាក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ ការស្ទង់មតិ និង​ការសង្កេត​របស់​យើង​បានបញ្ជាក់​យ៉ាងច្បាស់​ថា សិស្ស​ទាំងអស់​សប្បាយរីករាយ​ក្នុងការ​ចូលរួម​វេទិកា​ថ្នាក់រៀន​នេះ​។ សិស្ស​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​ផ្សេងៗ​នៃ​វេទិកា​ថ្នាក់រៀន​នេះ ដូចជា​ចូលរួម​បំពេញ​សំណួរ​ស្ទង់​មតិ​មុន និង​ក្រោយ ដែលមាន​ការលើកទឹកចិត្ត​ដោយ​ក្រុម​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ វេទិកា​នេះ​គឺជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​បង្កើន​ចំណេះដឹង និង​ទំនុកចិត្ត​ផ្ទាល់ខ្លួន​សម្រាប់​ការសិក្សា​នាពេល​អនាគត និង​ពេលធ្វើ​ការងារ​៕SRN