
ដោយៈសុផានីតា/កោះកុងៈមន្ទីរពេទ្យបង្អែកខេត្តកោះកុងធ្លាប់ជាជ័យលាភីជាអង្គភាពគំរូខាងផ្នែកបម្រើសេវាសាធារណៈវិស័យសុខាភិបាលនៅខែសីហា ឆ្នាំ២០១៩កន្លងទៅ ជាក់ស្តែងគេសង្កេតឃើញមានក្រុមថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលជាង៣០០នាក់មកពីមន្ទីរពេទ្យតាមបណ្តាចំនួនខេត្ត២៤ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីភាពជោគជ័យរបស់មន្ទីរពេទ្យបង្អែកមួយនេះដើម្បីដកស្រង់បទពិសោធន៍និងកែលម្អក្នុងអង្គភាពរបស់ពួកគេឱ្យមានទំនុកចិត្តខ្ពស់ពីអ្នកមកទទួលសេវា។
លោកស្រី គៀត គិច អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ និងលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យក្នុងចំណោមក្រុមអ្នកដឹកនាំវិស័យសុខាភិបាលប្រមាណ៣០០នាក់ផ្សេងទៀតនោះ បានឱ្យដឹងក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចកាលពីថ្ងៃទី១៤ ខែកុម្ភៈ ថា ពួកគាត់មើលឃើញពីមានវិជ្ជាមានជាច្រើន រាប់ចាប់តាំងពីខ្វោងទ្វារចូលមន្ទីរពេទ្យរហូតដល់បន្ទប់ទទួល និងសង្គ្រោះអ្នកជំងឺ។ ជាពិសេសអនាម័យបរិស្ថានសោភ័ណតែម្តង គឺមានការរៀបចំតុបតែងបានល្អ ហើយធ្វើមិនមែននៅពេលដែលត្រៀមទទួលក្រុមអ្នកទស្សកិច្ចនោះទេ អាចធ្វើអនុវត្តរយៈយូរឆ្នាំមកហើយដែរ។

បើតាមក្រុមអ្នកដឹកនាំមន្ទីរពេទ្យរដ្ឋខាងលើអ្វីដែលពួកគាត់បានឃើញគឺជាគន្លឹះថ្មីមួយដើម្បីយកនូវចំណុចល្អៗរបស់មន្ទីរពេទ្យខេត្តកោះកុងទៅអនុវត្តបំពេញបន្ថែមនៅមន្ទីរពេទ្យពួកគាត់ដើម្បីតបនឹងការចលានាប្រកួតប្រជែងកែលម្អគុណភាពសេវាសាធារណៈគំរូ និងលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋក្នុងវិស័យសុខាភិបាល។
ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅសាលមហាស្រពខេត្ត លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បាននិយាយដែរថា បញ្ហាដែលនាំឱ្យមន្ទីរពេទ្យរបស់លោកជាប់ជ័យលាភីជាអង្គភាពផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាលបង្គ្រប់កម្រិត២ ក៏ព្រោះតែមានបេសកម្ម និងទស្សនវិស័យច្បាស់លាស់ រួមមាន៖ របៀបគ្រប់គ្រងធនធានមនុស្ស ការបែងចែកថវិកាតាមទិសដៅ ភាពរាក់ទាក់ពាក្យសម្តីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសោភណ្ឌភាពបរិស្ថានស្អាតល្អគួរឱ្យទាក់ទាញនៅជុំវិញមន្ទីរពេទ្យ និងកិច្ចការតាមដានពិនិត្យ និងព្យាបាលអ្នកជំងឺបានទៀតទាត់ពេលវេលា។
គួររម្លឹកដែរថាមន្ទីរពេទ្យបង្អែកខេត្តកោះកុងកាលពីខែសីហាឆ្នាំ២០១៩ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្តល់ជាប់ជ័យលាភីលេខ១ និងប្រាក់រង្វាន់២០០លានរៀល ជាអង្គភាពផ្តល់សេវាសាធារណៈគំរូលើការលើកកម្ពស់ គុណភាពសុខាភិបាលជូនសាធារណជនក្រោយមានការវាយតម្លៃប្រកួតប្រជែងពីអន្តរក្រសួងជាច្រើនលើកច្រើនសារកម្រិត២(CPA2) ទូទាំងប្រទេស។

កន្លងទៅក៏មានការតាំងពិព័រណ៍សមិទ្ធផលនិងនវានុវត្តរបស់មន្ទីរពេទ្យបង្អែកជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលនិងការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមនិងទស្សនកិច្ចសិក្សាស្តីពីប្រព័ន្ធសុខាភិបាល និងការគ្រប់គ្រងមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ កម្មវិធីនេះនឹងផ្តល់ឱកាសសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផ្គួបផ្សំបញ្ញាញាណធ្វើការកែលម្អសេវាសាធារណៈវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅ។
ដោយឡែកលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ យល់ឃើញថា វិស័យសុខាភិបាល ដែលជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ដល់សុខុមាលភាពនៃប្រជាជនទាំងមូល ត្រូវតែមានការកែលម្អជាប្រចាំ ដើម្បីប្រជាជនយើង មានសុខភាព និងថាមភាពល្អ សម្រាប់បំពេញការងារក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ដូច្នេះឯកឧត្តម ពេញចិត្តចំពោះភាពជោគជ័យរបស់មន្ទីរពេទ្យខេត្តកោះកុង បើធៀបនឹងមន្ទីរពេទ្យនៅបរទេសមិនចាញ់គេនោះទេ។

រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ក៏ជំរុញដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានមកទស្សនកិច្ចនៅមន្ទីរពេទ្យខេត្តកោះកុង សិក្សារៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីអនុវត្តកែលម្អចំណុចខ្វះចន្លោះនៅតាមអង្គភាព ឱ្យកាន់តែល្អប្រសើរ សំដៅប្រែក្លាយខ្លួនជាមន្ទីរពេទ្យផ្តល់សេវាសុខាភិបាលសាធារណៈប្រកបដោយទំនុកចិត្តពីប្រជាពលរដ្ឋ
សម្រាប់ឆ្នាំ២០២០នេះដែរ រដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងមានរៀបចំការប្រកួតប្រជែងការផ្តល់សេវាសាធារណៈគំរូផ្នែកសុខាភិបាល កម្រិតមណ្ឌលសុខភាពទូទាំងប្រទេសដែលផ្តើមនៅខែមិថុនា ឬខែកក្កដា ខាងមុខ។ រីឯមន្ទីរពេទ្យថ្នាក់រាជធានី ខេត្ត នឹងរៀបចំជាថ្មីម្តងនៅឆ្នាំ២០២២ ដើម្បីទុកពេលវេលាចែករំលែកបទពិសោធន៍ចំណេះដឹងទៅវិញទៅមក៕សរន

