ការងូតទឹក គឺសំខាន់ណាស់ដើម្បីជួយពួកយើងឱ្យមានភាពស្អាតនិងទទួលបានការការពារហើយចៀសផុតបញ្ហាក្លិនខ្លួនមិនល្អ។ ទោះជាយ៉ាងណាក៏ដោយមានពេល ខ្លះយើងមិនអាច ឆ្លៀតពេលងូតទឹកបាន ឧទាហរណ៍កំឡុងពេលធ្វើដំណើរឆ្ងាយ។ ដូច្នេះថាតើធ្វើយ៉ាងណា ទើបអាចរក្សាក្លិនខ្លួនប្រសើរពេលមិនបានងូតទឹក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលជួយការពាររាងកាយពីក្លិនអាក្រក់ ៖
១. ប្រើប្រាស់ប្រេង ឬឡេក្រអូប
ការប្រើប្រាស់ប្រេងក្រអូប ឬឡេក្រអូប គឺប្រសើរជាងការបាញ់ទឹកអប់ក្នុងករណីមិនអាច មានពេលងូតទឹក! នេះក៏ព្រោះតែប្រេង ឬឡេក្រអូបអាចជាប់ក្លិនលើស្បែកបានយូរជាង។ អ្នកក៏គួរចេះជ្រើសរើសប្រភេទនៃឡេ ឬប្រេងក្រអូនដែលមានក្លិនសមស្របមិនឈួលខ្លាំង ពេកខុសក្លិនធម្មជាតិ។ ចូរព្យាយាមលាបឱ្យចូលសព្វនឹងស្បែក។
២. ប្រើប្រាស់ក្រដាសសើមសម្រាប់ជូតកូនក្មេង
ក្រដាសសើមសម្រាប់ជូតកូនក្មេង គឺជាជម្រើសប្រសើរដែលអាចជួយឱ្យអ្នកមានអារម្មណ៍ ថាស្អាតស្បែកនិងស្រស់ស្រាយ!នេះក៏ព្រោះតែក្រដាសសើមសម្រាប់ជូតក្មេងមានប្រសិទ្ធភាព កម្ចាត់បាក់តេរីនិងក្លិនមិនល្អ។
៣. ប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួនច្រើនស្រទាប់ ឬទ្វេដង
ការប្រើប្រាស់ផលិតផលបំបាត់ក្លិនខ្លួននឹងជួយកម្ចាត់ក្លិនញើស។ ហើយនៅពេលប្រើប្រាស់ច្រើនស្រទាប់ ឬទ្វេដងវាអាចបង្កើនប្រសិទ្ធភាពនិងកម្ចាត់បាក់តេរីបានប្រសើរជាងធម្មតា។
៤. ផ្លាស់ប្តូរខោអាវក្នុង
ការផ្លាស់ប្ដូរខោអាវក្នុងក៏អាចកាត់បន្ថយក្លិនមិនល្អដែលកើតមានចេញពីការបែកញើសច្រើនផងដែរ។
៥. ផ្លាស់ប្ដូរស្រោមជើង
ជើង គឺជាផ្នែកមួយនៃរាងកាយដែលងាយនឹងបែកញើសនាំឱ្យកើតមានក្លិនមិនល្អ។ ការផ្លាស់ប្ដូរស្រោមជើងទៀងទាត់នឹងជួយកាត់បន្ថយ ឬទប់ស្កាត់ក្លិនមិនល្អគួរឱ្យកត់ សម្គាល់។ ដើម្បី ជាការប្រសើរអ្នកគួររោយម្សៅបំបាត់ក្លិនខ្លះក្នុងស្បែកជើងមុននឹងពាក់។
៦. ចៀសវាងអាហារដែលមានខ្ទឹមស ខ្ទឹមបារាំង និងគ្រឿងទេសហឹរ
អាហារក៏ជះឥទ្ធិពលលើក្លិនខ្លួនផងដែរ! ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទាន អាហារដែលមានក្លិនខ្លាំងដូចជាខ្ទឹមស ខ្ទឹមបារាំង និងគ្រឿងទេសហឹរជាដើមកំឡុងពេលធ្វើ ដំណើរឆ្ងាយមិនអាចងូតទឹកបាន។ ចូរព្យាយាមទទួលទានបន្លែនិងផ្លែឈើជំនួសវិញ។
៧. ចៀសវាងស្លៀកពាក់រឹបតឹងពេក
សម្លៀកបំពាក់រឹបតឹងងាយនឹងធ្វើឱ្យបែកញើសត្រង់ផ្នែកខ្លះនៃរាងកាយដែលបង្កជាក្លិនមិនល្អ។ ដូច្នេះគួរជ្រើសរើសស្លៀកពាក់សម្លៀកបំពាក់រលុងៗ។
៨. រក្សាសំណើមនៃស្បែក
ការផ្ដល់សំណើមដល់ស្បែកក៏អាចជួយឱ្យរាងកាយមានក្លិនល្អស្រស់ស្រាយផងដែរ។ អ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ហើយកុំភ្លេចប្រើប្រាស់ក្រែមផ្ដល់ សំណើមដល់ស្បែកផង៕ ដោយៈ health.com.kh