ដោយៈចាន់តូ/ភ្នំពេញ៖អគ្គិភ័យឆាបឆេះផ្ទះអាជីវករចំនួន៤ល្វែងជាប់គ្នាផ្តើមចេញពីទុស្សេខ្សែភ្លើងនៅលើបង្គោលភ្លើងខាងក្រៅផ្ទះឆេះរាលចូលដល់ក្នុងផ្ទះជាបន្តបន្ទាប់អស់ទាំងទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់។កើតហេតុកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នៅតាមផ្លូវចោមចៅទល់មុខផ្សារត្រពាំងថ្លឹងភូមិត្រពាំងថ្លឹង២សង្កាត់ចោមចៅ១ខណ្ឌពោធិសែនជ័យ។

តាមអាជ្ញាធរបានឱ្យដឹងថាផ្ទះអាជីវករទាំង៤ល្វែងមាន៣ម្ចាស់មួយល្វែងលក់ពូកគ្រែមួយល្វែងលក់គ្រឿងម៉ូតូជួសជុលម៉ូតូនិង២ល្វែងជាប់មានម្ចាស់តែមួយបើកលក់ម៉ូតូ។មុនកើតហេតុនៅលើបង្គោលភ្លើងខាងមុខផ្ទះកើតមានទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះខ្សែភ្លើងនៅលើបង្គោលហើយនាំគ្នាទៅហៅដាស់ម្ចាស់ផ្ទះលក់ពូកតែមិនងើបបើកទ្វារនៅឡើយ។

ភ្លើងឆេះរាលចូលដល់ក្នុងផ្ទះលក់ពូកទើបផ្អើលឆោឡោកាន់តែខ្លាំងឡើងទោះជាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ក៏មិនអាចទប់ឈ្នះភ្លើងកាន់តែខ្លាំងឡើងរាលចូលដល់ផ្ទះជួសជុលម៉ូតូនិងបន្តទៅផ្ទះលក់ម៉ូតូភ្លើងកាន់តែឆេះសន្ធោសន្ធៅខ្លាំងភ្លើងពេញបន្ទុកតែម្តង ។

ក្នុងហេតុការណ៍នេះត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ជាបន្តបន្ទាប់ សរុប១៩គ្រឿង មកពីអង្គភាព៧១១កងពលតូចលេខ៧០ចំនួន៣គ្រឿងអាវុធហត្ថក្រុង១គ្រឿងស្នងការក្រុងនិងរថយន្តឯកជនចំនួន១៥គ្រឿងរួមសហការបាញ់ទឹកពន្លត់ភ្លើងរហូតដល់វេលាម៉ោង៧និង៥០នាទីបន្ទាប់ ទើបគ្រប់គ្រងបាន ភ្លើងរលត់ទៅវិញ ៕S/
