ដោយៈសុផល/ភ្នំពេញៈក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីដែលផលិតស៊ីម៉ងត៍អូដ្ឋនិងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)បានសហការរៀបចំបើកវគ្គបណ្តុះបណ្តាលដល់មេជាងសំណង់ចំនួន៦០នាក់បន្ថែមទៀត។ដើម្បីឆ្លើយតបចំពោះការសំណូមពររបស់មេជាងនិងដើម្បីរួមចំណែកកសាងធនធានមនុស្សជំនាញក្នុងវិស័យសំណង់ និង កសាងការជឿទំនុកចិត្តពីម្ចាស់សំណង់នានា។

ពិធីបើកវគ្គបណ្តុះបណ្តាលកាលពីព្រឹកថ្ងៃទី១៥ខែកុម្ភៈនេះមានការចូលរួម ពីលោក ប៊ុន ភារិន្ទ នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និង លោក Nicolas George នាយកប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍ អូដ្ឋ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទវិទ្យាស្ថានក៏ដូចជា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី។

លោកNicolasGeorgeបានមានប្រសាសន៍ថា៖ការបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវជំនាញពិតនិងកាន់តែប្រសើរជាងមុនដល់មេជាងសំណង់។ ក្នុង១វគ្គបណ្តុះបណ្តាលរយៈពេល៣ខែ មេជាង៣០នាក់នឹងទទួលបានឱកាសសិក្សារៀនសូត្រនូវ មុខវិជ្ជាសំខាន់ៗតាមដំណាក់កាលនិមួយៗ ។

ដូចជាការងាររៀបចំផែនការការងាររៀបចំការដ្ឋានការងាររៀបឥដ្ឋការងារបូកស៊ីម៉ងត៍ការងារសុវត្ថិភាពការងារតម្លើងគ្រោងដែកការងារចាក់បេតុងការងារចាក់ពុម្ពព្រមទាំងការអនុវត្តន៏ផ្ទាល់នៅតាមការដ្ឋានជាដើម។មេជាងទាំងនេះមកពីរាជធានីភ្នំពេញខេត្តកណ្តាលនិងខេត្តកំពង់ចាមបានសំណូមពរមកកាន់ក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីផលិតស៊ីម៉ងត៍អូដ្ឋដើម្បីបើកវគ្គបណ្តុះបណ្តាលជាថ្មីបន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលមេជាង៩០រូបក្នុងដំណាក់កាលទី១ប្រកបដោយជោគជ័យ។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យមេជាងសំណង់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីផលិតស៊ីម៉ងត៍អូដ្ឋ។ លើសពីនេះមេជាងក៏ទទួលបានកម្រៃឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ចំនួន១៥ដុល្លារជារៀងរាល់ថ្ងៃសៅរិ៍សម្រាប់ថ្លៃអាហារក្នុងកំឡុងពេលសិក្សា។ការបណ្តុះបណ្តាលប្រព្រឹត្តិទៅរៀងរាល់ថ្ងៃសៅរិ៍ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាចនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានទីតាំងនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយកប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី បានឱ្យដឹងទៀតថា៖លោក ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍អូដ្ឋនឹងបន្តសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)សម្រាប់ការបណ្តុះបណ្តាលនេះនៅក្នុងពេលអនាគត។បេក្ខជនដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលនេះត្រូវជាមេជាងសំណង់ឬអ្នកម៉ៅការសំណង់និងជាសមាជិកក្លឹបស៊ីម៉ងត៍អូដ្ឋនៅគ្រប់ខេត្តក្រុងទាំងអស់នៅក្នុងប្រទេសកម្ពុជា។

លោកប៊ុនភារិន្ទនាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍ថា៖កម្មវិធីអភិវឌ្ឍន៍ជំនាញរបស់NPICមានគោលដៅអភិវឌ្ឍជំនាញបច្ចេកទេសនិងជំនាញទន់ដល់អ្នកជំនាញបច្ចេកទេសដែលកំពុងធ្វើការតាមបណ្តាក្រុមហ៊ុនឯកជននិងកម្លាំងពលកម្មថ្មីដែលត្រៀមចូលបម្រើការងារឱ្យមានលទ្ធភាពល្អប្រសើរសម្រាប់ការងារនាពេលអនាគត។

លោកនាយកបានបញ្ជាក់ថា៖វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានិងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ីបានធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដើម្បីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈTVETនៅប្រទេសកម្ពុជា ក្នុងភាពជាដៃគូរដ្ឋនិងឯកជន។ការបណ្តុះបណ្តាលដល់មេជាងសំណង់នេះគឺមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសំណង់ដែលជួយឱ្យសំនង់មានគុណភាពនិងសុវត្ថិភាព៕S/
