ម្ចាស់​រ៉ឺ​មក​ដឹក​គល់រាំង​ពី​ប៉ូលិស​ស្រុក​ស្វាយ​អ​ន្ទ​រ​ត្រូវ​បង់លុយ​ចំនួន​៦០​ម៉ឺន​រៀល​

969
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​រ៉ឺម៉ក​ដឹក​គល់រាំង​ដែល​បំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​នៅ​វត្ត​”​ស្វាយ​បូ​ព្រឹក​”​ហៅ​វត្ត​ចិន​យ៉ង​ស្ថិតនៅ​ភូមិ​ឆ្កែ​កូន​ឃុំ​ជា​ខ្លាង​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​កន្លង​ទៅនោះ​និង​បាន​បែកធ្លាយ​ចំនួន​ទូរលេខ​នៃ​ការ​បង់លុយ​ឲ្យ​មន្ត្រី​យ៉ាងច្រើន​លើសលប់​សម្រាប់​រត់ការ​ដឹកជញ្ជូន​តាមផ្លូវ​នោះ​។ពេលនេះ​បាន​បន្ត​បែកធ្លាយ​ទៀតថា ឈ្មួញ​រត់ការ​ដោះយក​រ៉ឺម៉ក​ដឹក​គល់រាំង​នោះ​ពី​មន្ត្រីនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ក្នុងតម្លៃ​ក្រោម​តុ​ស្ងាត់ៗ​ចំនួន​៦០​ម៉ឺន​រៀល​ក្រោយពេល​ឃាត់​បាន​បី​ថ្ងៃ​។​

​ជាការ​ពិតណាស់​ករណី​ចាប់​គល់រាំង នៅ​ចំណុច​នឹង​វេលា​ខាងលើ គឺ​ពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ប្ដឹង​មេព្រៃ​ឲ្យ​ចុះ​ពិនិត្យ ។​លុះ​មេព្រៃ​ចុះ​ពិនិត្យ​រួច បាន​ហៅ​មន្ត្រី​ជំនាញ​ជលផល​និង​អាវុធហត្ថ នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ ឲ្យ​មកឃាត់​និង​បំពេញ​នីតិវិធី​។​

​ជាមួយគ្នា​នោះ​គល់រាំង​ខាងលើ ត្រូវបាន​គេ​យកមក​ដាំ​នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ​។ រីឯ​រ៉ឺម៉ក​ដែលជា​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស គេ​មិនបាន​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់ការ​តាមច្បាប់​ទេ​។​គឺ​តម្រូវ​ឲ្យ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ យកមក​រក្សាទុក ។​លុះ​ទុក​បាន​រយៈពេល​តែ​៣​ថ្ងៃ ស្រាប់​ឈ្មួញ​មក​ដោះស្រាយ​រ៉ឺ​មក​នោះ ពី​នគរបាល​យកទៅ​វិញ​ដោយ​ក្នុងតម្លៃ​ក្រោម​តុ​ចំនួន​៦០​ម៉ឺន​រៀល​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ថា​អធិការនគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​កំពុងតែ​ត្រូវប៉ាន់​ហើយ​ខណៈ​បទល្មើស​នានា​មាន​ច្រើន​ទាំង​ក្នុង​មូលដ្ឋាន នឹង​បទល្មើស​ឆ្លងកាត់ ហើយ​ឈ្មួញ​អ្នករកស៊ី​ខុសច្បាប់​មួយចំនួន​កំពុងតែ​អែបអប​ឱបដៃឱបជើង លោក​អធិការ​ផងដែរ​។​

​ជាក់ស្ដែងរ​ណី​ចាប់​គល់រាំង​ខាងលើ​បាន​បែកធ្លាយ​ចំនួន​ទូរលេខ​នៃ​ការ​បង់លុយ​ឲ្យ​មន្ត្រី មានដូចជា​បង​អឿ​៩០​ម៉ឺន​រៀល​, ស្រុក​ស្វាយ​អ​ន្ទ​រ​១​លាន​១០​ម៉ឺន​រៀល​, កំចាយមារ​រមាសហែក​១​លាន​រៀល​,​ព្រំដែន​៨០​ម៉ឺន​រៀល​, ប៉ុស្តិ៍​ដូង ១០​ម៉ឺន​រៀល​, ជលផល​១០​ម៉ឺន​រៀល​, ថ្លៃ​រ៉ឺម៉ក​៦០​ម៉ឺន​រៀល​, កម្មករ​៧៨​ម៉ឺន​រៀល​, សរុប​ការចំណាយ​ស្មើ​៣​លាន​រៀល​។​

​ប្រភព​បាន​បញ្ជាក់ថា ការចាប់​គល់រាំង​នោះ មកពី​រ៉ឺម៉ក​បែក​កង់​ទេ​កុំ​អី​គេ​មិន​ចាប់​ឡើយ​ព្រោះ​មាន​អ្នករត់​ការសុំ​ផ្លូវ​ជាមុន​រួចហើយ​។ខណៈពេល​នោះ​មាន​រ៉ឺម៉ក​ចំនួន​២​គ្រឿង​បាន​ដឹក​គល់រាំង​ចេញពី​ឃុំ​បា​រ៉ុង ស្រុក​ល្វាឯម​ខេត្តកណ្ដាល ឆ្ពោះ​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ដោយ​ឆ្លងកាត់​ចរាចរណ៍​តាមផ្លូវ​ជាតិ​លេខ​៨​។​រ៉ឺម៉ក​មួយ​បាន​ដឹក​ដល់​កន្លែង​គោលដៅ។

រីឯ​រ៉ឺម៉ក​ដែល​គេ​ចាប់បាន​នោះ​គឺ​ដោយសារ​បែក​កង់​អូស​យក​ទុក​ក្នុង វត្ត​ហើយ​មាន​ពលរដ្ឋ​ប្ដឹង​។​ជាមួយគ្នា​នោះ​គល់រាំង​ដែល​ចាប់បាន​គឺ​ពិតជា យកមក​ដាំ​នៅ​សាលាស្រុក​ស្វាយ​អ​ន្ទ​រ​មែន​។​ប៉ុន្តែ​រ៉ឺម៉ក​ត្រូវបាន​ឈ្មួញ​មក​លោះ​យកទៅ​បាត់​។​

​ឆ្លើយតប​និង​ករណី​ខាងលើ​លោក ម៉ៃ គី​រី នាយប៉ុស្តិ៍​ជា​ខ្លាង មិនអាច​សុំ​ការបកស្រាយ​បានទេ​ព្រោះ​ទូរ​សព្ទ័​ចូល​២​ដង​លោក​អត់​ទទួល​។​​ប៉ុន្តែ​លោក ប៉ិច សុង អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ​បាន​ឲ្យ​ដឹងថា រ៉ឺម៉ក​នោះ​ចាស់​ពេក​ហើយ​គេ​យកទៅ​ទុក ប៉ុន្តែ​មិនដឹង​ទុក​កន្លែង​ទេ​៕S/

​ម្ចាស់​រ៉ឺ​មក​ដឹក​គល់រាំង​ពី​ប៉ូលិស​ស្រុក​ស្វាយ​អ​ន្ទ​រ​ត្រូវ​បង់លុយ​ចំនួន​៦០​ម៉ឺន​រៀល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ