ដោយៈមុនីរ័ត្ន/ភ្នំពេញ:លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថាការដឹកនាំដោយធម៌គឺសំខាន់ណាស់។រាជរដ្ឋាភិបាលសព្វថ្ងៃ ដឹកនាំដោយផ្អែកលើគោលការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋចេះរស់នៅដោយធម៌, ចេះគោរពគ្នា, ចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នា, មានគុណធម៌, មានសីលធម៌។

គោលការណ៍ទាំងនេះមាននៅក្នុងការបង្រៀនរបស់គ្រប់សាសនាហើយដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការគោរពប្រតិបត្តិប្រកបដោយសុខដុមនីយកម្មគ្មានជម្លោះដោយសារអំពើជ្រុលនិយមណាមួយឡើយ។គ្មានអ្វីដែលលំបាកជាងពេលដែលខ្មែរបែកបាក់គ្នានោះទេ។ពិតណាស់បច្ចុប្បន្នយើងមានបញ្ហាប្រឈមដែលត្រូវដោះស្រាយហើយការអភិវឌ្ឍតែងតែមានតម្រូវការជាប់ជានិច្ចមិនអាចបានគ្រប់គ្រាន់។
ប៉ុន្តែយើងមិនអាចត្រឡប់ទៅអតីតកាលដ៏ជូរចត់ទៀតបានឡើយ។ការដឹកនាំដោយធម៌របស់សម្តេចតេជោគឺជួយសង្គ្រោះជីវិតប្រជាពលរដ្ឋពីរបបប៉ុលពតជាបុណ្យធំមួយជាបុណ្យជួយជីវិតមនុស្សនិងការបញ្ចប់សង្គ្រាមទាំងស្រុងដោយនយោបាយឈ្នះឈ្នះនាំមកនូវសន្តិភាពពេញផ្ទៃប្រទេស។ការថ្លែងនេះ នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តដងទង់ស្ថិតក្នុងស្រុកដងទង់,ខេត្តកំពត, កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ខ្លឹមសារនៃពាក្យអភិវឌ្ឍសម្រាប់សម្តេចតេជោ គឺការធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរមានបាន,ផ្តោតលើសុខទុក្ខប្រជាជន,ការពារផលប្រយោជន៍ប្រជាជន,ដោះស្រាយបញ្ហាជូនប្រជាជន,យកប្រជាជនជាគោលដោយបានខិតខំថែរក្សាសន្តិភាពជូនប្រជាជន,បង្កើតឱកាសសិក្សារៀនសូត្រជូនកូនចៅប្រជាជន,បង្កើតច្បាប់គ្រប់គ្រងដឹកនាំប្រទេសឱ្យមានការរីកចម្រើនក្រោមគោលការណ៍នីតិរដ្ឋ,ជំរុញមន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យជួយបម្រើប្រជាពលរដ្ឋឱ្យបានល្អ,ស្វែងរកទីផ្សារនិងកៀគរអ្នកវិនិយោគបង្កើតការងារជូនប្រជាជនហើយមិនដែលបង្កើតការសន្យានោះទេ ប៉ុន្តែបានខិតខំប្រឹងធ្វើជាក់ស្តែង ហើយអាចធ្វើបានពិតប្រាកដ។

ជាមួយគ្នានេះលោកហ៊ុនម៉ាណែតបានអរគុណប្រជាពលរដ្ឋទូទាំងប្រទេសរួមទាំងប្រជាពលរដ្ឋក្នុងស្រុកដងទុងនិងខេត្តកំពតផ្ទាល់ដែលតែងជឿជាក់លើរាជរដ្ឋាភិបាលនិងបានចូលរួមក្នុងការថែរក្សាសន្តិភាពនិងស្ថិរភាពរបស់ប្រទេសយើង។ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវដែលប្រកបដោយធម៌,យុត្តិធម៌,គុណធម៌,មិនរត់ចោលប្រជាពលរដ្ឋ,មិនរត់ចោលមិត្តក្នុងកាលៈទេសៈលំបាក ជាពិសេសរក្សាជំហរច្បាស់លាស់ប្រយ័ត្នប្រយែងចំពោះកិច្ចមនុស្សធម៌សម្រាប់មនុស្សជាតិគ្រប់ជាតិសាសន៍ក្នុងសហគមន៍អន្តរជាតិដោយគ្មានការរើសអើងទន្ទឹមនឹងការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាអនាគតជាតិ និងប្រជាជន។

លោកហ៊ុនម៉ាណែតក៏សូមចូលរួមអបអរសាទរចំពោះការជួបជុំគ្នាសប្បាយរីករាយជាមួយនឹងសេចក្តីស្រឡាញ់, ភាពកក់ក្តៅ និងការគោរពប្រតិបត្តិ ដើម្បីសម្ពោធសមិទ្ធិផលថ្មីៗ នៅក្នុងវត្តដងទុង ស្ថិតក្នុងស្រុកដងទង់ខេត្តកំពតដែលមានអាយុកាលដ៏ចំណាស់ជាងបីសតវត្សរ៍ក្រោមការរួបរួមគ្នាកសាងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។តាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋហើយដែលបច្ចុប្បន្នយើងមានលទ្ធភាពច្រើនដូច្នេះបានចូលរួមគ្នាកសាងចែករំលែកបានច្រើនស្របតាមសា្ថនភាពអភិវឌ្ឍរបស់ប្រទេសជាតិ៕S/


