នៅបណ្តាប្រទេសដែលចាត់ទុកទិវានៃក្តីស្រឡាញ់ថាជាការល្អសម្រាប់ពួកគេនោះ គេតែងឃើញស្រានិងសូកូឡានិងចំណីអាហារផ្សងៗ នៅបន្ទប់សណ្ឋាគារ ឬនៅតាមផ្ទះ ពីព្រោះមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកប្រារព្ធទិវានៃក្តីស្រឡាញ់នៅថ្ងៃទី១៤ខែកុម្ភៈជាមួយនឹងកាយវិការពិសេសសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។ ប៉ុន្តែ មិនដូច្នេះទាំងអស់នោះទេ នៅផ្នែកខ្លះនៃប្រទេសឥណ្ឌូនេស៊ីដែលមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននេះការប្រារព្ធទិវានៃក្តីស្រឡាញ់បែបនេះ ត្រូវបានហាមឃាត់ដោយសាររំលោភលើ”វប្បធម៌និងក្រមសីលធម៌របស់ប្រទេសនេះ”។
ក្រុមអាជ្ញាធរនៅទីក្រុងម៉ាកាសសានៅកោះស៊ូឡាវេស៊ីនិងទីក្រុងដេប៉ុកបានព្រមានប្រជាជនកុំឱ្យប្រារព្ធទិវានៃក្តីស្រឡាញ់ក្នុងការបង្ហាញសេចក្តីស្រឡាញ់ជាសាធារណៈខណៈដែលការប្រារព្ធពិធីនេះក៏ត្រូវបានហាមឃាត់ទូទាំងខេត្តបាន់ដា អាសេ ដែលជាខេត្តអនុវត្តច្បាប់អ៊ីស្លាមតឹងរឹងនេះ។
ប៉ូលិសនៅទីក្រុងម៉ាកាសសាបានធ្វើការឆ្មក់ចូលផ្ទះសំណាក់កាលពីថ្ងៃសុក្រទី១៤កុម្ភៈនិងបានចាប់ខ្លួនគូស្នេហ៍ដែលមិនទាន់រៀបការរាប់សិបនាក់នាក់ចេញពីបន្ទប់រួមគ្នាដោយរួមទាំងជនជាតិអាល្លឺម៉ង់ម្នាក់។
ប្រធានប៉ូលិសក្នុងស្រុកបាននិយាយប្រាប់សារព័ត៌មានAFPថា”យើងបានចាប់ជនជាតិអាល្លឺម៉ង់នោះជាមួយដៃគូឥណ្ឌូនេស៊ីរបស់គាត់នៅក្នុងសណ្ឋាគារមួយហើយពួកគេមិនមែនជាប្តីប្រពន្ធនឹងគ្នាទេដូច្នេះហើយបានជាយើងចាប់ខ្លួនពួកគេ” ។
លោកបានបន្ថែមថា ពួកគេត្រូវបានដោះលែងភ្លាមៗ បន្ទាប់ពីអប់រំប៉ុន្តែអ្នករកស៊ីផ្លូវភេទចំនួន ៥ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងពេលនោះ នឹងត្រូវបញ្ជូនទៅមណ្ឌលស្តារនីតិសម្បទា៕ប្រែសម្រួល៖សុខា
គូស្នេហ៍រាប់សិបនាក់ ត្រូវបានចាប់ខ្លួនក្នុងការបង្ក្រាប