ពិព័រណ៍សមិទ្ធផល២៥ឆ្នាំរបស់អាជ្ញា​ធរជាតិអប្សរានឹងអនុញ្ញាតឲ្យសាធារណ​ជនស្វែងយល់ កាន់តែច្បាស់ពីកិច្ចការដែលបាននិងកំពុងធ្វើក្នុងរមណីយដ្ឋានអង្គរ

ដោយ:គូលែន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់អោយដឹងនៅនៅព្រឹកថ្ងៃ​ទី១៥ ខែកុម្ភៈនេះ ថា អាជ្ញាធរជាតិអប្សរា រៀបចំពិធីបើកពិព័រណ៍ជាផ្លូវការក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិយាយថា សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។

លោកបានបន្តថា ក្នុងពិធីបើកពិព័រណ៍នៅមុខប្រាសាទអង្គរវត្ត ជាកិច្ចការមួយដ៏សំខាន់ ដែលត្រូវបង្ហាញរាល់សមិទ្ធផលនានាដែលកើតចេញពីការខិតខំរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីតាំងពីស្ថាប័ននេះបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីឱ្យសាធារណទាំងអស់បានដឹង។ ការខិតខំប្រឹងប្រែង ចាប់ពីរមណីយដ្ឋានអង្គរត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅឆ្នាំ១៩៩២ រហូតក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកធម្មតានៅឆ្នាំ២០០៤ និងក្លាយជាសម្បត្តិបេតិកភណ្ឌដ៏អស្ចារ្យសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ទៀតថា ក្នុងរយៈពេល៨ថ្ងៃនៃការតាំងពិព័រណ៍ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ គឺច្បាស់ណាស់ថា មិនអាចបង្ហាញរាល់សមិទ្ធផលច្រើនសន្ធឹកសន្ធាប់ដែលសម្រេចបាននារយៈពេល២៥ឆ្នាំទាំងអស់បានទេ តែអាចឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្ដរជាតិ អាចស្វែងយល់កាន់តែច្បាស់ពីកិច្ចការដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងធ្វើ ទាំងកិច្ចការបច្ចេកទេស ក៏ដូចជាទស្សនៈវិស័យទៅខាងមុខរបស់ស្ថាប័នជាតិមួយនេះ ថែមមួយកម្រិតទៀតលើកិច្ចការបេតិកភណ្ឌ។

លោកបាន ពន្យល់ថា សាធារណជនទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញ ការពន្យល់ពីបច្ចេកទេសការជួសជុលប្រាសាទ ការជួសជុលវត្ថុបុរាណ។ល។ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងនោះសាធារណជនក៏អាចចុះទៅស្វែងយល់ដោយផ្ទាល់ នៅតាមការដ្ឋាននីមួយៗ ដើម្បីស្វែងយល់ពីកិច្ចការទាំងនោះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular