ដើម្បីដឹកនាំប្រទេសមួយឲ្យរីក​ចម្រើន​ និងអភិវឌ្ឍន៍លុះត្រាមានអ្នកចេះដឹង

ដោយ:គង់ហេង/កំពង់ចាម ៖ ដើម្បីដឹកនាំប្រទេសជាតិមួយមានការរីកចម្រើន និងអភិវឌ្ឍន៍នោះ គឺលុះត្រាប្រទេសនោះមានអ្នកចេះដឹង ហើយដើម្បីឳ្យមានអ្នកចេះដឹងបាន ត្រូវបង្កើតសាលារៀន វត្តអារាម មន្ទីរពេទ្យ។ ដោយផ្ទុយពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលបានលុបបំបាត់ ឬបិទទ្វារវិស័យទាំងនេះចោលកាលពីជាង ៤០ឆ្នាំមុននោះ។

នេះជាការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងពិធីពុទ្ធាភិសេកសម្ពោធឆ្លងប្រាសាទ ព្រះពុទ្ធដិមា ស្រះទឹក និងសមិទ្ធផលនានាក្នុងវត្តអម្ពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃនាព្រឹកថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០២០។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ជាក់ស្តែងសមិទ្ធផលដែលមានតម្លៃសរុបជាង ១៣ម៉ឺន ដុល្លារ បានកើតឡើងដោយសារការខិតខំកៀរគររយ:ពេលពីរឆ្នាំ របស់ព្រះសង្ឃ លោកតា លោកយាយ ជាគណ:កម្មការចំណុះជើងវត្ត រួមជាមួយសប្បុរសជនជិតឆ្ងាយ គឺបង្កើតបានជាសុទ្ធាដ៏ជ្រះថ្លា អាចចាត់ជាប្រវត្តិសាស្រ្តសម្រាប់ទុកឳ្យមនុស្សជំនាន់ក្រាយៗទៀត។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ទៀតថា កត្តាទាំងអស់នេះ គឺអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព ដែលមានអ្នកដឹកនាំប្រកបដោយការវៃឆ្លាត គឺសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាព ឳ្យវិស័យពុទ្ធចក្រ និងវិស័យអាណាចក្ររួមសាមគ្គីគ្នា និងដើរទន្ទឹមគ្នា គឺនាំឳ្យប្រទេសជាតិរីកចម្រើននោះ។

លោកបានមានប្រសាសន៍បន្តថា អ្វីៗដែលបានឡើងនាពេលបច្ចុប្បន្ន គឺបានផ្ទុយស្រឡះកាលពីជាង៤០ ឆ្នាំមុន គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺគាត់( ប៉ុល ពត) ចាប់ផ្តើមបិទទ្វារសាលារៀនមុនគេ បិទវត្តអារ៉ាម បិទមន្ទីរពេទ្យ។ បន្ទាប់មកសម្លាប់អ្នកចេះដឹង ទុកតែមួយក្រុមរបស់ខ្លួននោះ គឺចុងក្រោយកាន់ចំណាចបានតែរយ:ពេល បីឆ្នាំ ប្រាំបីខែ និង២០ថ្ងៃប៉ុណ្ណោះ បានដួលរលំទាំងស្រុងដោយគ្មានការគាំទ្រពីប្រជាពលរដ្ឋ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular