បើកការដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែក១១ខ្សែនិងដាក់ប្រព័ន្ធលូ នៅបុរី​ឡេង ណាវ៉ាត្រា ក្នុងសង្កាត់ចោម​ចៅ១ ខណ្ឌពោធិ៍សែនជ័យ

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ កំណាត់ផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែដែលមានប្រវែងជាង៣គីឡូម៉ែត្រ និងការដាក់ប្រព័ន្ធលូ តាមបណ្តោយផ្លូវទាំង១១ខ្សែនេះ ជាមួយនឹងការសាងសង់បុរីឡេង ណាវ៉ាត្រា របស់ក្រុមហ៊ុនហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រឹកថ្ងៃទី១៥ កុម្ភៈឆ្នាំ ២០២០ ដើម្បីសម្រួលដល់ជូនប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកឧកញ៉ាឡេង ណាវ៉ាតត្រានិងលោកស្រីនិងដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជិត១០០០នាក់ នៅក្នុងបុរីឡេង ណាវ៉ាត្រាស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងពិធីនោះលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍លើកឡើងថា៖ វិស័យឯកជន មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូល ដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ជាក់ស្តែងលោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកដល់ពេលនេះ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រនិងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន៨៧២៤៧១ ដុល្លារសហរដ្ឋអាមេរិក ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។

លោកអភិបាលខណ្ឌបន្តថា៖ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាតនិងមានទឹកលិចផ្លូវលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ ថ្ងៃនេះសាលាខណ្ឌពោធិ៍សែនជ័យជាពិសេស សង្កាត់ចោមចៅទី១ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេស ពីលោកឧកញ៉ាឡេង ណាវ៉ាត្រា ដោយក្រុមហ៊ុនរបស់លោកឧកញ៉ាបន្តធ្វើការវិនិយោគសាងសង់បុរីឡេង ណាវ៉ាត្រាលើផ្ទៃដីទំហំ១៥ ហិកតា សាងសង់លំនៅដ្ឋានចំនួន១៣០០ល្វែង រួមជាមួយគ្នានេះលោកឧកញ៉ាឡេង ណាវ៉ាត្រានិង ចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន ១១ខ្សែ ប្រវែង ៣១៩៥ ម៉ែត្រចំណាយថវិកាចំនួន ជាង៦១ម៉ឺនដុល្លារ និងដាក់ប្រព័ន្ធលូអស់ថវិកាចំនួនជាង១៥ម៉ឺនដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ដែលបាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

ក្នុងឱកាសនោះលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប មកគឺបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះជាច្រើន។

ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុនសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន១១ខ្សែដែលមានប្រវែងជាង៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយថវិកាអស់ប្រមាណជាង៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

លោកអភិបាលរងរាជធានីបានបញ្ជាក់ថា៖ ការវិនិយោគទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំងពីរផ្នែក ពោលគឺចំណេញទាំងរដ្ឋផងនិងវិស័យឯកជនផង ។ប្រទេសជាតិមួយដែលរីកចម្រើនខ្លាំងដាច់ខាតត្រូវតែមានការចូលរួមពីវិស័យឯកជន ។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុបបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានទាំងផ្លូវមានទាំងការដាក់បណ្ដាញលូសងខាងផ្លូវ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុងដ៏តូចមួយដែលមានផ្ទៃបៃតង។

លោកស៊ុយ សេរិទ្ធក៏បានបញ្ជាក់ផងដែរថា សម្រាប់រាជធានីភ្នំពេញរបស់យើងនាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាស្ទះ៣ នោះគឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាមនិងការកស្ទះបណ្ដាញលូ ដែលបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាទាំងបីនេះឱ្យបានប្រសើរឡើង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...

អ្នក​នាំចេញ​សង្ឃឹមថា ការន...

ដោយ: ពៅនិមល/ភ្នំពេញ​: លោក...