ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ លោក ប្រ៊ុយណូ បូដាត (Bruno BODARD)ស្ថាបនិកនិងជាអគ្គនាយកអង្គការអន្តរជាតិឆ្នេរសមុទ្រស្អាតបំផុតលើសាកល លោកបានស្ងើចសរសើរចំពោះសកម្មភាពដ៏ក្លាហាននិងវិជ្ជមានរបស់សម្តេចអគ្គមាហសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រក្នុងការអនុញ្ញាតអោយ នាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុបន្ទាប់ពីនាវាបានជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាយូរថ្ងៃ ។

ការស្ងើចសរសើររបស់អគ្គនាយកអង្គការអន្តរជាតិឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ក្នុងលិខិតនេះលោក ប្រ៊ុយណូ បូដាត បានកត់សម្គាល់ថាការរាតត្បាតនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា»ឬ «COVID 19» មិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសចិនតែមួយប៉ុណ្ណោះទេប៉ុន្តែបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលដោយសារតែការ ថយចុះយ៉ាងខ្លាំងនៃការធ្វើដំណើរដែលពិត ជាជះឥទ្ធិពលជាដំបូងដល់វិស័យទេសចរណ៍ ។ លោក ប្រ៊ុយណូ បូដាត បន្តថាប្រការនេះបានធ្វើឱ្យរូបលោកមានក្តីកង្វល់អំពីការថយចុះនៃសកម្មភាពទេសចរណ៍នៅកម្ពុជាជាពិសេសនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុ ជានិងខេត្តព្រះសីហនុផងដែរ។
លោក ប្រ៊ុយណូ បូដាត បានបញ្ជាក់នៅក្នុងលិខិតថា៖ «នេះជាមូលហេតុដែលធ្វើឲ្យយើងខ្ញុំទាំងអស់មានក្តីរំភើបនិងស្ងើចសរសើរចំពោះសកម្មភាពដ៏ក្លាហាននិងវិជ្ជមានរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុបន្ទាប់ពីបានជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាយូរ»។
លោក ប្រ៊ុយណូ បូដាត បានបន្ថែមថា៖«អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកសូមបង្ហាញនូវគុណូបការៈចំពោះកាយវិការដ៏ទន់ភ្លន់នេះជូនចំពោះសម្តេចនាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានមោទនភាពជាខ្លាំង»។
មេដឹកនាំប្រទេសនិងមេដឹកនាំអង្គការអន្តរជាតិជាច្រើនបានថ្លែងអំណរគុណជាបន្តបន្ទាប់ចំពោះកម្ពុជាដែលអនុញ្ញាតិឲ្យនាវាទេសចរណ៍របសសហរដ្ឋអាមេរិកមួយគ្រឿងដែលផ្ទុកមនុស្សជាងពីរពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីថ្ងៃទី១៣កុម្ភៈ។ការដែលកម្ពុជាអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សនេះចូលចតគឺបន្ទាប់ពីប្រ ទេសចំនួន៤និងកោះចំនួន២ បានបដិសេធមិនឲ្យកប៉ាល់ទេចរណ៍នេះចូលចតដោយបារម្ភខ្លាចអ្នកដំណើរឆ្លងទ្វីបទាំងនោះមានឆ្លងមេរោគកូរ៉ូណា។

នៅថ្ងៃនេះដែរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសរសេរថា «សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់ស្អាត ដែលទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អមួយនេះ»។

បន្ថែមពីលោកដូណាល់ត្រាំអគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាស់វីលី (Zurab Pololikashvili) បានផ្ញើលិខិតមួយជូនលោកយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤កុម្ភៈ ពីទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ។លោក ហ្ស៊ូរ៉ាប់ ប៉ូឡូលីកាស់វីលី បានចាត់ទុកការអនុញ្ញាតរបស់កម្ពុជាថាមានសេចក្តីក្លាហាននិងការបង្ហាញនូវក្តីស្រលាញ់ចំពោះអ្នកដំណើរជាងពីរពាន់នាក់ដែលនៅតែលតោលលើសមុទ្រ ។បើទោះបីស្ថិតក្នុងស្ថានភាពនៃការភ័យខ្លាចនៃវីរុសកូរ៉ូណាក៏ដោយតែកម្ពុជាបានបង្ហាញនូវសាមគ្គីភាពអន្តរជាតិដែលនឹងលើកទឹកចិត្តដល់ប្រទេសផ្សេងៗទៀតឲ្យធ្វើតាម និងផ្តល់នូវការជួយគាំទ្រដ៏ចាំបាច់ជាច្រើននៅពេលណាដែលមានតម្រូវការ ។នេះជាការកត់សំគាល់របស់អង្គការទេសចរណ៍ពិភពលោកខណៈអង្គការសុខភាពពិភពលោកក៏បានកោតសរសើរកម្ពុជាមុននោះបន្តិច។
លោកប្រធានអង្គការ WHO ជាថ្មីម្តងទៀតបានសរសេរនៅលើបណ្តាញ Twitter របស់លោកនៅថ្ងៃនេះផងដែរថា៖« នេះជាកាយវិការដ៏សប្បុរសរបស់ សម្តេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាដែលបានទៅដល់កំពង់ផែខេត្តព្រះសីហនុដើម្បីទទួលស្វាគមន៍អ្នកដំណើរលើនាវាទេសចរណ៍ Westerdamអម ដោយផ្កាកូលាបដែលជាការបញ្ជាក់អំពីថ្ងៃបុណ្យនៃក្តីស្រឡាញ់(Valentines Day) ។ ខ្ញុំសូមសម្តែងការដឹងគុណចំពោះការបង្ហាញចេញនូវសាមគ្គីភាព និងមនុស្សធម៌»។

លើសពីនេះទៀតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនក៏បានថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាផងដែរដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdamចូលចតនិងដោយសង្ឃឹមថាអ្នកដំណើរទាំងនោះនឹងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ បើតាមសហភាពអឺរ៉ុបនៅលើនាវានេះពលរដ្ឋអឺរ៉ុបចំនួន ២៦០ នាក់មកពីប្រទេសនៅអឺរ៉ុបចំនួន ២០ផ្សេងគ្នា។ដោយឡែកក្រៅពីតំណាងសហភាពអឺរ៉ុបក៏មានស្ថានទូតបរទេសនានាដែលរួមានទាំងសហរដ្ឋអាមេរិកបារាំងជាដើមសុទ្ធតែក៏ បានអរគុណដល់កម្ពុជាសម្រាប់ការអនុញ្ញាតឲ្យនាវា Westerdam ចូលចត។

សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាពេលនេះមិនមែនជាពេលត្រូវភ័យខ្លាចនិងធ្វើការរើសអើងទេតែជាពេលត្រូវរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

កប៉ាល់ទេសចរណ៍ Westerdam ដែលដឹកមនុស្សជាង ២២០០នាក់ ក្នុងនោះបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បំណងចូលចតនៅកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ។ ប៉ុន្តែអាជ្ញាធរប្រទេសទាំងអស់នោះបដិសេធមិនឲ្យចូលចតឡើយដោយបារម្ភថាក្នុងចំណោមមនុស្សទាំងនោះមានផ្ទុកវីរុសកូរ៉ូណាដែលត្រូវបានកំណត់ឈ្មោះជាផ្លូវការថាCovid-19 ។តែសម្រាប់កម្ពុជាប្រមុខរាជរដ្ឋាភិបាលបានបញ្ចាក់ថាទោះបីដឹងថានៅលើនាវាមានអ្នកជំងឺក៏យើងអនុញ្ញាតឲ្យវានាចូលចតដែរដើម្បីជួយ សង្គ្រោះអ្នកទាំងនោះយើងមិនអាចឲ្យពួកគេត្រូវស្លាប់ហើយបោះចោលទៅក្នុងទឹកសមុទ្រនោះទេ ៕

