ដោយ:មុនីរ័ត្ន/ភ្នំពេញៈលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុបានបញ្ជាក់ថា៛”រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា”។ដោយសារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូតសេដ្ឋកិច្ចទេសចរណ៍។«ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាលអនុញ្ញាតប្រើប្រាស់កញ្ចប់ថវិកាចំនួន៣០០លានដុល្លារដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន៣៤ខ្សែប្រវែងជាង៩០គីឡូម៉ែត្ររួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀងលូទឹកកខ្វក់និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព»។ការបញ្ជាក់នេះនៅអំឡុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទានក្នុងវិស័យធុរកិច្ចនិងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំាំ២០២០។
លោកសាយសំអាល់បានគូសបញ្ជាក់ថា«យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ។វិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទាក់ទាញទាំងភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្សាន្ត។
យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះនិងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀតព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។បង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្មបដិសណ្ឋារកិច្ចនិងផាសុកភាពរបស់ភ្ញៀវទេសចរ។ដូច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ានព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរកាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ”។
លោកសាយសំអាល់បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ។លោកសាយសំអាល់បានគូសបញ្ជាក់ថា៖«យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់បងប្អូនឱ្យអស់លទ្ធភាពព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ»៕S/