ដោយ: គ្រញូង / បាត់ដំបង: បុរស ម្នាក់ រងរបួស ធ្ងន់បែកមុខមាត់ដោយសារតែជិះម៉ូតូពេលយប់ទៅបុកគូទរថយន្ត ធុនធំមួយគ្រឿង មកឈប់ចតនៅលើទ្រូងផ្លូវ ដោយគ្មានដាក់ភ្លើងសញ្ញាអ្វីជាសម្គាល់ឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៥-២២៦ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោក ឆៃ ច័ន្ទដារ៉ា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានឱ្យដឹងថា ជនរងគ្រោះឈ្មោះខា ស៊ីណាភេទ ប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សាក្សីបានប្រាប់សមត្ថកិច្ចដែលចុះវាស់វែងថា នៅមុនពេលកើតហេតុ គឺមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប.មានជ័យ 1J-1759 បើកបរ ដោយបុរសម្នាក់យ៉ាងលឿន។ ពេលមកដល់ចំណុចកើតហេតុម៉ូតូនោះ បានបុកគូទរថយន្តធុនធំមួយគ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ ភ្នំពេញ 3A 2750 ដែលចតនៅលើទ្រូងផ្លូវ ដោយគ្មានដាក់ផ្លាកសញ្ញាអ្វីជាសម្គាល់ធ្វើឲ្យ អ្នកបើកបរម៉ូតូរងរបួសបែកមុខមាត់ហូរឈាមកក្លាក់របួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកអ្នកបើកបរ រថយន្ត មិនស្គាល់អត្តសញ្ញាណដោយទុករថយន្តចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ។ ដោយឡែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញយកទៅ រក្សាទុក នៅ អធិការ នគរបាល ស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ល
