ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋកូសូវ៉ូ ប្រារព្ធទិវាឯករាជ្យជាតិ របស់ពួកគេនៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីរំឭកដល់ថ្ងៃដែលពួកគេប្រកាសឯករាជភាពពី យូហ្គោស្លាវីនៃសហព័ន្ធ ស៊ែប ដោយជោគជ័យ កាលពីឆ្នាំ២០០៨ បន្ទាប់ពីបានតស៊ូរើបម្រះដោយហិង្សានានាក៏ដូចជា សង្គ្រាមយ៉ាងបង្ហូរឈាមផង និងដោយសន្តិវិធីផងមក ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋកូសូវ៉ូ មានផ្ទៃដី ១០.៩០៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទ្វីបអឺរ៉ុប ភាគអាគ្នេយ៍នៃតំបន់ឧបទ្វីបបាល់កង់ មានព្រំដែនជាប់នឹងប្រទេស អាល់បានី ម៉ាសេដូនី ម៉ុងតេណេហ្គ្រោ និងស៊ែប ។ ឆ្នាំ២០២០ មានប្រជាពលរដ្ឋជិត ២ លាននាក់ ភាគច្រើនជាអ្នកកាន់សាសនាអ៊ិស្លាម ។ ភាសាផ្លូវការគឺភាសាអាល់បានី និងភាសាស៊ែប៊ី រដ្ឋធានីគឺទីក្រុងព្រីស្ទីណា ។
ប្រវត្តិសាស្ត្រ
ទឹកដីដែលជាប្រទេស កូសូវ៉ូ បច្ចុប្បន្ននេះ ធ្លាប់ជាផ្នែកមួយ នៃមហាចក្រភពអូតូម៉ង់ ( តួកគី ) ហើយក៏ធ្លាប់ជាផ្នែមួយ នៃចក្រភព Byzantines ( អាល្លឺម៉ង់ ) អស់រាប់រយឆ្នាំ ។
ចាប់ពីថ្ងៃទី ខែតុលា ឆ្នាំ១៩១២ ដល់ខែឧសភា ឆ្នាំ១៩១៣ រដ្ឋទាំងបួននៅតំបន់ បាល់កង់ គឺ ប៊ុលហ្គារី ស៊ែប ក្រិក និង ម៉ុងតេណេហ្គ្រោបានព្រួតគ្នាធ្វើសង្គ្រាមប្រឆាំងនឹងការកាន់កាប់របស់ចក្រភព អូតូម៉ង់ នៅតំបន់នោះ ហើយជាលទ្ធផលពួកគេបានបណ្តេញចក្រភព អូតូម៉ង់ ចេញពីតំបន់បាល់កង់ដោយជោគជ័យ ។
តាមរយៈសន្ធិសញ្ញា ទីក្រុងឡុងដ៍ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩១៣ ទឹកដីភាគខាង លិច នៃតំបន់កូសូវ៉ូ ( ម៉េតូហ៊ីចា ) ត្រូវបានប្រគល់ទៅឱ្យ ម៉ុងតេណេហ្គ្រោ ចំណែកភាគខាងកើត ប្រគល់ទៅឱ្យ ស៊ែប៊ី ។
សង្គ្រាមលោកលើកទី១ ( ២៨ កក្កដា ១៩១៤-១១ វិច្ឆិកា ១៩១៨) កូសូវ៉ូ ត្រូវបានកាន់ កាប់ដោយ ប៊ុលហ្គារី និង អូទ្រីស-ហុងគ្រី ។ លុះចប់សង្គ្រាម កូសូវ៉ូ ត្រូវបានដាក់ បញ្ចូលឱ្យទៅជា អាណាចក្រ ស៊ែប ក្រូអាត និង ស្លូវេនី នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៩១៨ ។
ការរៀបចំទឹកដីមានការប្រែប្រួលជាហូរហែ មួយអន្លើដោយជម្លោះ និងសង្គ្រាម មានសង្គ្រាមលោកលើកទី ២ ជាដើមនោះ នាំឱ្យវាសនា នៃ ដែនដី កូសូវ៉ូ ធ្លាក់ទៅក្នុងការត្រួតត្រារបស់ម្ចាស់ផ្សេងៗគ្នាជាបន្តបន្ទាប់ ។
ជាខេត្តរបស់ យូហ្គោស្លាវី
គិតត្រឹឆ្នាំ១៩៤៦ ខេត្តកូសូវ៉ូ និងម៉េតូហ៊ីចា បានក្លាយជាខេត្តស្វយ័ត របស់សាធារណរដ្ឋ យូ ហ្គោស្លាវី នៃសាធារណរដ្ឋសហព័ន្ធស៊ែប ដែលបានសេចក្តីថា កូសូវ៉ូ ក៏ជាផ្នែកមួយ នៃសហព័ន្ធស៊ែប ដែរ ។
នៅឆ្នាំ១៩៧៤ ខេត្តស្វយ័តកូសូវ៉ូ និង ម៉េតូហ៊ីចា បានក្លាយជា ខេត្តសង្គមនិយម ស្វយ័ត កូសូវ៉ូ ផ្តល់លទ្ធភាពឱ្យខេត្តមួយនេះ អាចគ្រប់គ្រង និងបំពេញមុខងារការងាររដ្ឋបាលសាធារណៈ របស់ខ្លួនដោយឯករាជ្យក្នុងក្របខណ្ឌ យូហ្គោស្លាវី ហើយ កូសូវ៉ូ មានទាំង សភា របស់ខ្លួនទៀតផង ។
បញ្ហាជាតិសាសន៍ អាល់បានី-ស៊ែប៊ី
មិនស្មើភាពគ្នា រវាងជាតិសាសន៍ ស៊ែប៊ី និង អាល់បានី នៅក្នុងទឹកដី កូសូវ៉ា នាំឱ្យមានទំនាស់ ជាបន្តបន្ទាប់ ។ ជនជាតិ អាល់បានី ជាជនភាគច្រើននៅលើខេត្ត កូសូវ៉ូ ប៉ុន្តែជនជាតិ ស៊ែប៊ី មានសិទ្ធិសេរីភាពជាង ព្រោះតែ ជនជាតិ ស៊ែប៊ី មានតួនាទីនៅក្នុង យូហ្គោស្លាវី ។
ជនជាតិអាល់បានី ចាប់ផ្តើមមើលឃើញថា ពួកគេជាជនជាតិភាគតិច នៅក្នុងរដ្ឋ យូហ្គោស្លាវី ដែលបានធ្វើឱ្យពួកគេក្លាយជាជាតិសាសន៍កម្រិតទីពីរបើធៀបទៅនឹងជាតិសាសន៍នានានៅក្នុង សាធារណរដ្ឋ យូហ្គោស្លាវី ។ ដោយហេតុនេះ ពួកគេបានទាម ទារឱ្យដែនដី កូសូវ៉ូ ក្លាយជាសាធារណរដ្ឋ សភានិយម ស្របជាមួយនឹង យូហ្គោស្លាវី គឺមិនមែនជាអាណាខេត្ត របស់ យូហ្គោស្លាវី ទេ ។ ភាពតានតឹងពាក់ព័ន្ធនឹងជាតិសាសន៍នេះ ក៏បានផ្តល់ភាពងាយ ស្រួលដល់ប្រធានាធិបតី ស៊ែប៊ី លោក ស្លូបូដាន់ មីឡូសូវិច លុបបំបាត់ នូវសិទ្ធិស្វ័យភាព ពី កូសូវ៉ូ នៅឆ្នាំ ១៩៧៤ ដដែលនោះ ។ ការលុបបំបាត់នេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំង ពីថ្នាក់ដឹកនាំផ្សេងទៀត នៃ សាធារណរដ្ឋ យូហ្គោស្លាវី ។
ចាប់ផ្តើមពីខែមីនា ឆ្នាំ១៩៨១ និស្សិតអាល់បានី នៅក្នុងដែនដី កូសូវ៉ូ បានធ្វើបាតុកម្មទាមទារ ឱ្យ កូសូវ៉ូ ជាសាធារណរដ្ឋនៅក្នុងក្របខណ្ឌ យូហ្គោស្លាវី ។ ប៉ុន្តែបាតុកម្មទាំងនោះត្រូវបាន បង្ក្រាបយ៉ាងឃោរឃៅដោយប៉ូលិស ។
អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ភាពតានតឹងខាងជាតិសាសន៍នៅតែបន្ត ដោយមានអំពើហិហ្សា ផ្ទុះឡើង ជាញឹកញាប់ប្រឆាំងនឹងអាជ្ញាធររដ្ឋ យូហ្គោស្លាវី ដែលជាលទ្ធផលនាំឱ្យមានការ ភៀសខ្លួនដោយជនជាតិ ស៊ែប និង ក្រុមជាតសាសន៍ផ្សេងៗនៅក្នុងដែនដី កូសូវ៉ូ កើនឡើង ។
ថ្នាក់ដឹកនាំ យូហ្គោស្លាវី បានព្យាយាមបង្ក្រាបពួកប្រឆាំងនឹងជនជាតិស៊ែប នៅដែនដី កូសូវ៉ូ ដោយស្វែងរកការការពារ ដោយហិង្សាប្រឆាំងជាតិសាសន៍ ។ យូហ្គោស្លាវីបាន ដាក់កម្លាំង រក្សាសន្តិសុខ នៅក្នុងដែនដីកូសូវ៉ូ ។ ជនជាតិអាល់បានី ចាត់ទុកថា ការ ដាក់កម្លាំងនោះ គឺដើម្បីការពារជនជាតិ ស៊ែប៊ី និង បង្ក្រាបជនជាតិ អាល់បានី នៅទីនោះតែប៉ុណ្ណោះ ។
សង្គ្រាម កូសូវ៉ូ
ភាពតានតឹងអន្តរជាតិសាសន៍ នៅក្នុងដែនដីកូសូវ៉ូ កាន់តែធ្ងន់ធ្ងរទៅៗ ។ នៅឆ្នាំ ១៩៨៩ ប្រធានាធិបតីស៊ែប៊ី លោក ស្លូបូដាន់ មីឡូសូវិច បានប្រើឧបាយកលចម្រុះ ដូចជាបំភិតបំភ័យ និងការប្រើឧបាយកលនយោបាយ និងបានកាត់បន្ថយលក្ខណៈស្វ័យភាពពិសេស នៅក្នុង សហព័ន្ធ ស៊ែប៊ី និង បានចាប់ផ្តើមសង្កត់សង្កិនវប្បធម៌ នៃ ជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
ជនជាតិ អាល់បានី នៅដែនដី កូសូវ៉ូ បានឆ្លើយតប ដោយចលនា អ្នកផ្តាច់ខ្លួនអហិង្សា ដោយការពង្រីកនូវ “ ការបដិសេធគោរពច្បាប់រដ្ឋ “ ហើយបង្កើតនូវរចនាសម្ព័ន្ធស្មើភាពគ្នា ក្នុងវិស័យអប់រំ សុខាភិបាល និង ពន្ធដារ ដើម្បី “ ឯករាជភាព កូសូវ៉ូ “ ។
លុះដល់ខែ កក្កដា ឆ្នាំ ១៩៩០ ជនជាតិ អាល់បានី នៅក្នុងដែនដី កូសូវ៉ូ បានប្រកាសវត្តមាន នៃ សាធារណរដ្ឋ កូសូវ៉ូ ហើយប្រកាសថា កូសូវ៉ូ គឺជារដ្ឋអធិបតេយ្យ ។ កងទ័ពរដោះ កូសូវ៉ូ ( KLA ) ត្រូវបានបង្កើតនៅឆ្នាំ ១៩៩១ ដែលតាមពិតទៅពេលនេះពួកគេឋិតក្នុងសភាពជាកងទ័ព ឧទ្ទាមនៅឡើយ គឺត្រៀមនឹងធ្វើសង្ក្រាម ដើម្បី ឯករាជ្យរបស់ដែនដី កូសូវ៉ូ ។
ខែ កញ្ញា ឆ្នាំ ១៩៩២ ពួកគេបានប្រកាសថា កូសូវ៉ូ គឺជារដ្ឋឯករាជ្យ ។ ខែ ឧសភា ឆ្នាំ ១៩៩២ លោក អ៊ីប្រាហ៊ីម រូហ្កូវ៉ា ត្រូវបានបោះឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះ ឆ្នោតដែលមាន តែជនជាតិ អាល់បានី ប៉ុណ្ណោះ បានចេញទៅបោះឆ្នោត ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សាធារណរដ្ឋកូសូវ៉ូត្រូវបានទទួលស្គាល់ជាផ្លូវការ ត្រឹមតែពីសំណាក់ជនជាតិ អាល់បានី ប៉ុណ្ណោះ ។
គិតត្រឹមពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ ប្រជាពលរដ្ឋ អាល់បាល់នី នៅក្នុងដែនដី កូសូវ៉ូ បានកើនឡើងឥតឈប់ឈរ ខណៈស្ថានភាពរបស់កូសូវ៉ូនៅតែមិនទាន់ត្រូវបានដោះស្រាយ បញ្ចប់ ។
ឆ្នាំ ១៩៩៦ កងទ័ពរំដោះ កូសូវ៉ូ (KLA) ជាកងទ័ពឧទ្ទាមរបស់ជនជាតិ អាល់បានីដែលស្វែងរក ការផ្តាច់ខ្លួនរបស់ កូសូវ៉ូ ដើម្បី បង្កើតនូវ មហាអាល់បានី បានឈ្នះលើក្រុមចលនា អហិង្សា របស់លោក រូហ្កូវ៉ា ហើយក៏បានចាប់ផ្តើមបើកការវាយលុកទៅលើ កងកម្លាំងសន្តិសុខ យូហ្គោស្លាវី នៅក្នុងដែនដី កូសូវ៉ូ ។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៨ កងទ័ព KLA បានបើកការវាយលុកលើកងទ័ព និងនគរបាល យូហ្គោស្លាវី ដែលមានវត្តមាននៅលើដែនដី កូសូវ៉ូ ក្នុងគោលបំណងបណ្តេញកងកម្លាំង របស់យូហ្គោស្លាវី ចេញពីដែនដីកូសូវ៉ូ ។ កងទ័ពឆ័ត្រយោង និងកងកម្លាំងសន្តិសុខរបស់ស៊ែប៊ី បែរជាត្រូវបានបន្ថែមចំនួន នៅលើទឹកដីជម្លោះដ៏រ៉ាំរ៉ៃនេះទៅវិញ។ ការកាប់សម្លាប់ និងការ ធ្វើទុក្ខបុកម្នេញយ៉ាងឃោរឃៅ ដោយរូបភាពជាច្រើនត្រូវបានស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ រកឃើញថា ត្រូវបានធ្វើដោយកងកម្លាំង ស៊ែប៊ី ( ឬ យូហ្គោស្លាវី ) ប្រឆាំង នឹងជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
អន្តរាគមន៍ពីសហគមន៍អន្តរជាតិ
អង្គការណាតូ បានចាត់ទុកទង្វើរបស់ ស៊ែប៊ី ថាជាការបំពានទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅដែនដី កូសូវ៉ូ ។ ឆ្នាំ ១៩៩៨ នោះ សហគមន៍អន្តរជាតិ បានបង្គាប់ ឱ្យ យូហ្គោស្លាវី ចុះហត្ថលេខាលើបទឈប់បាញ់គ្នា និង ដកកងកម្លាំងសន្តិសុខរបស់ខ្លួនចេញពី ដែនដី កូសូវ៉ូ ។ ប៉ុន្តែបទឈប់បាញ់នេះមិនត្រូវបានធ្វើឡើយ ហើយរហូតដល់ខែ ធ្នូ ឆ្នាំដដែលនោះ ការប្រយុទ្ធគ្នានៅតែបន្ត ក៏បានទាក់ទាញសហគមន៍អន្តរជាតិឱ្យចូលជាប់ពាក់ព័ន្ធក្នុងជម្លោះ នេះកាន់តែខ្លាំង ។
ខែមករា ឆ្នាំ១៩៩៩ អង្គការ ណាតូ បានព្រមានថា នឹងធ្វើអន្តរាគមន៍យោធា ប្រឆាំងនឹង យូហ្គោស្លាវី ប្រសិនបើ យូហ្គោស្លាវី មិនយល់ព្រមទៅនឹងការណែនាំរបស់ កងកម្លាំងថែរក្សា សន្តិភាពអន្តរជាតិ និងការបង្កើតរដ្ឋាភិបាលមូលដ្ឋាន នៅកូសូវ៉ូ ។
ប៉ុន្មានសប្តាហ៍ក្រោយមកសន្និសីទពហុជាតិសាសន៍ មួយត្រូវបានប្រារព្ធឡើង ។ ខែ មីនា ឆ្នាំ ១៩៩៩ ពួកគេបាន ព្រាងកិច្ចព្រមព្រៀងមួយឈ្មោះថា Rambouillet Accords ដោយបានអំពាវ នាវឱ្យស្តារឡើងវិញនូវ ស្វ័យភាព របស់ កូសូវ៉ូ និង ដាក់ពង្រាយកងរក្សាសន្តិសុខរបស់អង្គការ ណាតូ នៅលើដែនដី កូសូវ៉ូ ។
ប៉ុន្តែគណៈប្រតិភូភាគី យូហ្គោស្លាវី មើលឃើញថា លក្ខន្តិកៈនៅក្នុងសេចក្តីព្រាងនោះជារឿង មិនអាចទទួលយកបាន ទើបពួកគេមិនបានចុះហត្ថលេខាលើសេចក្តីព្រាងនោះឡើយ ។ សង្គ្រាម និងអំពើព្រៃផ្សៃនៅតែបន្តកើតមានពីសំណាក់កងកម្លាំង យូហ្គោស្លាវី ចំពោះជនជាតិ អាល់បានី នៅលើដែនដី កូសូវ៉ូ ។
បន្ទាប់ពីការពិភាក្សា ដើម្បីសន្តិភាព បានបរាជ័យមក ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ១៩៩៩ អង្គការណាតូ បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងកងកម្លាំង យូហ្គោស្លាវី ដោយរួមទាំងគោលដៅនានានៅក្នុង កូសូវ៉ូ ផង ។ ចំណែកកងទ័ព KLA បានធ្វើសង្គ្រាមប្រឆាំងនឹង យូហ្គោស្លាវី នៅលើដីនោះ ។
ទ្រាំនឹងការព្រួតគ្នានេះមិនបាន សង្គ្រាមក៏ត្រូវបានបញ្ចប់ទៅនៅថ្ងៃទ១០ ( ១១ ?) ខែ មិថុនា ឆ្នាំ ១៩៩៩ ដោយលោក ស្លូបូដាន់ មីឡូសូវិច យល់ព្រមអនុញ្ញាតឱ្យកងកម្លាំងថែរក្សាសន្តិភាព ចូលទៅក្នុងដែនដី កូសូវ៉ូ ហើយដកកងកម្លាំងសន្តិសុខទាំងអស់របស់ យូហ្គោស្លាវី ចេញពី កូសូវ៉ូ ដោយប្រគល់កិច្ចការគ្រប់គ្រង កូសូវ៉ូ បណ្តោះអាសន្នទៅឱ្យ អង្គការសហប្រជាជាតិ ។ ស្ថិតនៅក្រោមកិច្ចគ្រប់គ្រង់របស់អង្គការសហប្រជាជាតិនេះ កងទ័ពរបស់ KLA ត្រូវបានដាក់ ឱ្យនៅក្រោមការគ្រប់គ្រងរបស់អង្គការ ណាតូ ។
ប្រកាសឯករាជ្យភាព
នៅខែវិច្ឆិកា ឆ្នាំ២០០១ កូសូវ៉ូ បានបោះឆ្នោតជ្រើសតាំងសភារបស់ខ្លួនក្រោមការឃ្លាំ មើលរបស់អង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការ នៅក្នុងអឺរ៉ុប ។ គណបក្ស នយោបាយ ទាំងឡាយដែលមាសំឡេងបានរួបរួមគ្នា ហើយបោះឆ្នោតជ្រើសរើសលោក អ៊ីប្រាហ៊ី រូហ្កូវ៉ា ជាប្រធានាធិបតី (ជាលើកទី ២) ។
ការបោះឆ្នោតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៧ ជ័យជម្នះបានទៅលើគណបក្សប្រជាធិប តេយ្យ កូសូវ៉ូ ដឹកនាំដោយលោក Hashim Thaci ដែលបានប្រកាសថា គោលដៅរបស់គាត់ គឺនឹងប្រកាសឯករាជភាព កូសូវ៉ូ ។
ដោយហេតុនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨ កូសូវ៉ូ បានប្រកាសឯករាជភាព របស់ខ្លួន ។ ពេលនោះ អង្គការសហប្រជាជាតិ បានទទួលស្គាល់ កូសូវ៉ូ ថាជារដ្ឋឯករាជ្យ ។ ចំណែក ស៊ែប៊ី ក៏ទទួលស្គាល់ដែរ ។ ដោយហេតុនេះ កូសូវ៉ូ ក្លាយជារដ្ឋឯករាជ្យដោយសុខសាន្តចាប់ពីពេល នោះមក ។
រដ្ឋាភិបាល និងប្រជាពលរដ្ឋកូសូវ៉ូ ប្រារព្ធទិវាឯករាជ្យរបស់ខ្លួន ដើម្បីរំឭកដល់ថ្ងៃនេះឯង ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា


