ដំរី និង​សិស្ស​ថៃ ផ្ញើ​ក្ដី​ស្រឡាញ់​ក្នុង​ទិវា​ក្ដី​ស្រលាញ់​ដល់​ចិន ដែល​កំពុងមាន​គ្រោះ​ដោយ សារ​វីរុស​កូ​រ៉ូ​ណា

431
ចែករម្លែក

ឆ្លៀតឱកាស​ក្នុង​ទិវា​ក្ដី​ស្រឡាញ់ ឬ Valentine’s Day ថ្ងៃទី​១៤ ខែកុម្ភៈ ដំរី និង​សិស្សសាលា ប្រមាណ ៣.០០០ នាក់​នៅ​ខេត្ត​អាយុ​ធ្យា ប្រទេស​ថៃ បាន​ប្រមូល​ផ្ដុំគ្នា​លើក​ម្រាមដៃ​ធ្វើជា សញ្ញា​បេះដូង ដើម្បី​ផ្ញើ​ក្ដី​ស្រលាញ់​ដល់​ប្រទេស​ចិន​ដែល​កំពុង​ជួប​គ្រោះ​កំណាច​ដោយសារ ការឆ្លង​រាលដាល នៃ​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា (Coronavirus)​។​
​ ​
ក្រុមសិស្ស និង​គ្រូបង្រៀន​នៅ​សាលា ជី​រ៉ា​សាត វីត​តា​យ៉ា (Jirasat Wittaya School) បាន​ស្រែក​ខ្លាំងៗ​ព្រម​គ្នា​ថា “​ប្រទេស​ចិន បន្ត​ប្រយុទ្ធ​កុំ​ចុះចាញ់​” នៅពេល​ពួកគេ​ឈរ​ជាមួយ​ដំរី​មួយគូ​ផ្គុំ​ចេញ​ជា​រូប​បេះដូង​។​
​ ​
គ្រូ​ភាសា​ចិន ម្នាក់​ឈ្មោះ លាំង ជា (Liang Jie) មកពី​ក្រុង​ស៊ា​មិន (Xiamen) ប្រទេស​ចិន ដែល​បង្រៀន​នៅ​សាលា​ខាងលើនេះ​និយាយថា “​ពេលនេះ​នៅ​ប្រទេស​ចិន​មនុស្ស​កំពុងមាន​អារម្មណ៍​អន្ទះសា និង​ព្រួយបារម្ភ ដូច្នេះ​ប្រជាជន​ពី​បណ្ដា​ប្រទេស​ផ្សេង​គួរតែ​ផ្ដល់ទំនុកចិត្ត​ដល់​ពួកគេ ដើម្បីឱ្យ​ពួកគេ​អាច​បន្ត​ប្រឹងប្រែង​ទៅមុខ​។ ដូចនេះ​បើ​ប្រជាជន​ថៃ អាច​ផ្ដល់​ទំនុកចិត្ត និង​ការគាំទ្រ​ដល់​ពួកយើង ពួកយើង​ពិតជា​អរគុណ​យ៉ាង​ជ្រាលជ្រៅ​”​។​
​ ​
សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​ថៃ រហូតមកទល់​ពេលនេះ​មាន​ករណី​ឆ្លង វីរុស​កូ​រ៉ូ​ណា សរុប៣៣ករណី ប៉ុន្តែ​សំណាងល្អ​មិនទាន់មាន​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​ទេ​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ