IMF ៖ វីរុស Covid-19 អាចធ្វើឱ្យខូចខាតដល់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០

840
ចែករម្លែក

ប្រធានអង្គការមូលនិធិរូបិយវត្ថុអន្តរអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃ អាទិត្យ ទី ១៦ កុម្ភៈថា ការរីករាលដាលនៃវីរុសកូរ៉ូណាអាចធ្វើឱ្យខូចខាត ដល់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ប៉ុន្តែការស្ទុះងើបឡើងវិញយ៉ាងខ្លាំង និងឆាប់រហ័សនៃសេដ្ឋកិច្ចក៏អាចនឹងកើតឡើងបន្ទាប់ពីនោះផងដែរ។

នាយកគ្រប់គ្រងអង្គការ IMF លោកស្រី គ្រីស្តាលីណា ចចជីអេវ៉ា (Kristalina Georgieva) បានប្រាប់វេទិកាស្ត្រីសកលនៅឌូបៃថា “អាចនឹងមានការ កាត់បន្ថយកំណើនសេដ្ឋកិច្ច ដែលយើងនៅតែសង្ឃឹមថានឹងមានចន្លោះពី ០,១ ទៅ ០,២ ភាគរយ”។

លោកស្រីបាននិយាយថា ផលប៉ះពាល់ពេញលេញនៃការរីករាលដាលនៃវីរុស កូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ១.៧០០ នាក់រួចទៅហើយនោះ គឺអាស្រ័យលើថាតើគេអាចទប់ស្កាត់វាបានលឿនកម្រិតណា។

លោកស្រីចចជីអេវ៉ា និយាយថា “ខ្ញុំណែនាំឱ្យអ្នករាល់គ្នាកុំឆាប់ធ្វើការសន្និដ្ឋាន ពេក។ នៅមានភាពមិនប្រាកដប្រជាច្រើននៅឡើយ។ យើងធ្វើប្រតិបត្តិការជាមួយ សេណារីយ៉ូដែលមិនទាន់មានការព្យាករណ៍នៅឡើយ សូមមកសួរខ្ញុំក្នុងពេល ១០ ថ្ងៃទៀត”។

នៅក្នុងការធ្វើបច្ចុប្បន្នភាពខែមករារបស់ខ្លួនចំពោះចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក អង្គការ IMF បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២០ ដោយធ្លាក់ចុះ ០,១ ភាគរយទៅ ៣,៣ ភាគរយ បន្ទាប់ពីព្យាករណ៍ឃើញកំណើន ២,៩ ភាគរយកាលពីឆ្នាំមុន ដែលជាកំណើនទាបបំផុតក្នុងរយៈពេល មួយទសវត្សរ៍។

លោកស្រីចចជីអេវ៉ានិយាយថា វាឆាប់ពេកហើយក្នុងការវាយតម្លៃពីផលប៉ះពាល់ ពេញលេញនៃការរាលដាលមេរោគ ប៉ុន្តែបានទទួលស្គាល់ថាវាបានជះឥទ្ធិពល ដល់វិស័យមួយចំនួនរួចទៅហើយ ដូចជាទេសចរណ៍និងដឹកជញ្ជូន។

លោកស្រីនិយាយទៀតថា “វាឆាប់ពេកហើយដើម្បីនិយាយ ពីព្រោះយើង មិនទាន់ដឹងថាតើវីរុសប្រភេទនេះមានលក្ខណៈយ៉ាងដូចម្តេចនៅឡើយទេ។ យើងមិនដឹងថាតើចិនអាចទប់ទល់នឹងមេរោគនេះបានលឿនកម្រិតណានោះទេ។ យើងមិនដឹងថាតើវានឹងរាលដាលដល់ប្រទេសទាំងអស់លើពិភពលោកឬយ៉ាងណានោះដែរ”។

លោកស្រីនិយាយថា ប្រសិនបើជំងឺនេះត្រូវបានទប់ស្កាត់បានយ៉ាងឆាប់រហ័ស នោះអាចនឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនិងការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងអ្វីដែលគេហៅថាផលប៉ះពាល់រាងអក្សរ V ។

បើប្រៀបធៀបទៅនឹងផលប៉ះពាល់នៃជំងឺសាក្នុងឆ្នាំ ២០០២ លោកស្រីបាន និយាយថា សេដ្ឋកិច្ចចិនកាលណោះមានត្រឹមតែ ៨,០ ភាគរយនៃសេដ្ឋកិច្ច ពិភពលោក ប៉ុណ្ណោះ។ ឥឡូវតួលេខគឺ ១៩ ភាគរយ។

លោកស្រីបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាកាលពីខែមុនដោយសហរដ្ឋអាម៉េរិកនិងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំ ជាងគេទី ១ និងទី ២ លើពិភពលោក៕ ដោយ៖ កញ្ញាដាលីស/Ha

អង្គការមូលនិធិរូបិយវត្ថុអន្តរអន្តរជាតិនិយាយថាផលប៉ះពាល់របស់វីរុសកូរ៉ូណាអាចធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០