នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមស៊ី ជីនភីងប្រធានាធិបតីចិន បានជួបប្រស្រ័យជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសភាប្រជាជនចិនក្នុងក្រុងប៉េកាំង។
ឯកឧត្តមស៊ី ជីនភីង មានប្រសាសន៍ថាបច្ចុប្បន្ន រដ្ឋាភិបាលនិងប្រជាជនចិនកំពុងខិតខំយ៉ាងពេញទំហឹងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី។ ខណៈពេលដ៏ពិសេសនេះប្រជាជនកម្ពុជាបានឈរជាមួយយើងខ្ញុំដែលបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពចិន-កម្ពុជាដែលមិនអាចបំបែកបានឡើយនិងការជឿទុកចិត្តលើគ្នារវាងប្រទេសទាំងពីរព្រមទាំងបានបង្ហាញឱ្យឃើញពីអត្ថន័យនៃពាក្យ“រួមសុខទុក្ខជាមួយគ្នា”ដែលជាចំណុចស្នូលនៃសហគមន៍រួមវាសនាចិន-កម្ពុជា។
ឯកឧត្តម ស៊ី ជីនភីងសង្កត់ធ្ងន់ថាឈរលើស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់ចំពោះប្រជាជនចិននិងសហគមន៍អន្តរជាតិ គណបក្សនិងរដ្ឋាភិបាលចិនបានចាត់វិធានការតឹងរ៉ឹងបំផុតដើម្បីបង្ការនិងគ្រប់គ្រងជំងឺឆ្លងប្រភេទថ្មីនេះ។ សព្វថ្ងៃ ការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងកំពុងទទួលនូវសមិទ្ធផលជាក់ស្តែង។ ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពអាចទទួលបាននូវជ័យជម្នះក្នុងយុទ្ធនាការទប់ទល់នឹងជំងឺឆ្លងនេះ។ យើងខ្ញុំនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជានិងបណ្តាប្រទេសនានាដោយឈរលើគោលជំហរដែលប្រកាសព័ត៌មានជាសាធារណៈនិងប្រកបដោយតម្លាភាពរួមគ្នាទប់ទល់នឹងជំងឺឆ្លងថែរក្សាសុវត្ថិភាពសុខាភិបាលលើពិភពលោកនិងក្នុងតំបន់ ។យើងខ្ញុំនឹងថែរក្សាឱ្យបានល្អប្រសើរនូវប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសចិនដូចថែរក្សាប្រជាពលរដ្ឋចិនអ៊ីចឹងរួមទាំងនិស្សិតខ្មែរដែលបន្តការសិក្សានៅប្រទេសចិនដើម្បីផ្តល់កិច្ចធានាដល់ការរស់នៅនិងថែរក្សាសុខភាពរបស់ពួកគេ។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថាក្នុងគ្រាដែលប្រទេសចិនបានជួបនឹងការ លំបាកនេះប្រជាជនកម្ពុជាតស៊ូជាមួយប្រជាជនចិនឥតងាករេរួមសុខទុក្ខជាមួយគ្នាសហការគ្នាដើម្បីពុះពារឧបសគ្គជាមិត្តដែកពិតប្រាកដ ។ភាគីកម្ពុជាសូមថ្លែងអំណរ គុណចំពោះភាគីចិនដែលបានយកចិត្តទុកដាក់និងផ្តល់កិច្ចធានាដល់ការរស់នៅនិងថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសចិន ។ខ្ញុំសង្ឃឹមថាដំណើរទស្សនកិច្ចលើកនេះនឹងអាចនាំមកនូវជំនឿចិត្តដល់ពួកគេ។ ភាគីកម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមួយប្រទេសចិនរួមសហការគ្នាក្នុងការកសាងសហគមន៍រួមវាសនាកម្ពុជា-ចិន ៕ (ស៊ីនហួចិន)
