ដោយ: ចាន់តូ / ភ្នំពេញ: យុវជនម្នាក់ជានិស្សិតបានស្លាប់ បន្ទាប់ពីជិះម៉ូតូបានរអិលដួលខ្ទាតចូលកង់ក្រោយរថយន្តកិនខ្ទេច កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃអាទិត្យ ទី១៦ ខែកម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចជិតស្តុបទួលពង្រ ស្ថិតតាមបណ្ដោយផ្លូវបេតុងទួលពង្រ កែងនិងផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះ ឈន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត សំណង់ស៊ីវិល ឆ្នាំទី៤ ស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកនៅ ភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1CF 4750 ជិះតែម្នាក់ឯងបានស្លាប់។ ចំណែករថយន្តកុងតឺន័រ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A 3581 អ្នកបើករត់បាត់ស្រមោល។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវបេតុទួលពង្រ ទិសដៅពីត្បូង ទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរអិលដួល ខណៈផ្លូវកំពុងជួសជុល ខ្ទាតចូលក្រោមកង់រថយន្តបើកស្របគ្នាកិនចំក្បាលស្លាប់មួយរំពេច រួចហើយរថយន្តបង្កព្យាយាមបើករត់រហូតដល់ស្តុបទួលពង្រ ទើបអ្នកបើកបរទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែង យករថយន្តបង្កនិងម៉ុតូរងគ្រោះយកទៅរក្សាទុកការិយាល័យចរាចរផ្លូវគោក រង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ក្រោយពីធ្វើកំណត់ហេតុ រួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ល/Ha