ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់ដែលគេអះអាងថា ជាជនអនាថាត្រូវបានកម្មករសំណង់ប្រទះដេកស្តូកស្តឹងក្អួតឈាមនៅលើផ្លូវក្នុងដីវាលក្រុមហ៊ុន OCIC ហើយរាយការណ៍ប្រាប់នគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត កាលពីវេលាម៉ោងប្រមាណ៦និង១៥នាទី ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ នៅក្នុងដីវាល ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
បុរសរូបនោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ អត់អាវ ស្លៀកខោខ្លី អត់ស្បែកជើង ដោយសមត្ថកិច្ច អះអាងថា ជាមនុស្សអនាថា។
តាមប្រភព បានឲ្យដឹងថា នៅវេលាព្រឹកកម្មករសំណង់ បានធ្វើដំណើរទៅធ្វើការក៏បានប្រទះបុរសរូបនោះដេកស្តូកស្តឹង ដោយក្អួតធ្លាក់ឈាម ហើយរាយការណ៍ប្រាប់សន្តិសុខ ក៏បានរាយការណ៍ទៅនគរបាលមូលដ្ឋាន។
តាមនគរបាលឲ្យដឹងថា បុរសអនាថារូបនោះមិនមាននរណាវាយដំនោះទេ គឺក្អួតធ្លាក់ឈាមដោយសារតែជំងឺប្រចាំកាយ។ បុរសរូបនោះ ត្រូវបាននគរបាលហៅរថយន្តបញ្ជូនទៅសង្គ្រោះនោះមន្ទីរពេទ្យកាល់ម៉ែត៕ ល/Ha