ដោយៈ មេសា/ភ្នំពេញៈ លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុក ដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រាប់រស្មីកម្ពុជា តាមរយៈការឆ្លើយឆ្លងសារនៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះថា គិតមកដល់ពេលនេះ មានមនុស្សច្រើនគួរសមដែលបានដាក់ពាក្យសុំប្រឡងយកអាហារូបករណ៍ ហើយមិនទាន់យឺតពេលនៅឡើយទេ សម្រាប់អ្នកដែលមានបំណងចង់បានអាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ ឆ្នាំ នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ! មិនទាន់យឺតពេលដោយសារគ្រឹះស្ថានឧត្តមសិក្សាមួយនេះ នៅតែបន្តទទួលពាក្យសុំប្រឡងចូលរៀនពីសំណាក់សាធារណជននៅឡើយ ។
សូមជម្រាបថា កាលពីអំឡុងពាក់កណ្តាលខែ មករា កន្លងទៅ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ ឆ្នាំ ចំនួន ១ ១៥០ កន្លែង ដែលក្នុងនោះ មាន ដូចជា មហាវិទ្យាល័យ នីតិសាស្ត្រ រដ្ឋបាលអប់រំ អក្សរសាស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង គ្រប់គ្រងទូទៅ ជាដើម ហើយលោក ព្រើន សុវង្ស បានឱ្យដឹងថា លក្ខន្តិកៈ នៃ ការប្រឡង យកអាហារូបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូម បាក់ឌុប ឬ សញ្ញាបត្រដែលមានតម្លៃស្មើ គឺទទួលយកទាំងបេក្ខសមណៈ ( ព្រះសង្ឃ ) គ្រហស្ថទាំងប្រុស ទាំងស្រី មន្ត្រីរាជការ បុគ្គលិកស្ថាប័ននានា ដោយមិនគិតកំណត់អាយុឡើយ សំខាន់ឱ្យតែមានសញ្ញាបត្រដូចដែលលើកខាងដើមនេះ ។
កាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំអាហារូបករណ៍ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូដល់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅទីតាំងទាំង ៣ គឺ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ ស្ថិតនៅទល់មុខសាលមហោស្រពចតុមុខ នាមុខព្រះបរមរាជវាំង , ព្រះសីហនុរាជខេត្ត កំពង់ឆ្នាំ ស្ថិតនៅក្នុងវត្ត អារញ្ញិការាម ក្រុងកំពុងឆ្នាំង និង ព្រះសីហនុរាជ បាត់ដំបង ក្រុងបាត់ដំបង។
ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សារដ្ឋដ៏មានវ័យចំណាស់ និង កិត្តិនាមជាងគេនៅកម្ពុជា ហើយអ្នកដែលសិក្សានៅទីនោះ ក៏មានទាំងនិស្សិតជាគ្រហស្ថប្រមាណជា ៥០ ភាគរយ ។ ព័ត៌មានបន្ថែមអាចទាក់ទងតាម ទូរសព្ទលេខ ៖ ០៩២ ៩៤ ៧៧ ២២/ ០១២ ៤៨ ៧៦ ៩៨/០១៧ ៨៣ ០៥ ៤៣ ៕ Kh