ជនជាតិអាម៉េរិក៤០នាក់ស្ថិតចំណោមមនុស្សឆ្លងកូរ៉ូណាវីរុសរាប់រយនាក់នៅលើវានាទេសចរណ៍ដែលកំពុងត្រូវធ្វើចត្តាឡីស័កនៅជប៉ុន នេះបើតាមមន្ត្រីអាម៉េរិកបានបញ្ជាក់កាលពីថ្ងៃអាទិត្យទី១៦កុម្ភៈ នៅពេលជនជាតិអាម៉េរិកដទៃទៀតបានចាកចេញពីនាវានិងជិះយន្តហោះទៅស្រុកវិញ។
ការជម្លៀសពលរដ្ឋអាម៉េរិកនេះកើតឡើងចំពេលអាជ្ញាធរជប៉ុនបង្កើនការព្រមានអំពីការផ្ទុះជម្ងឺឆ្លងបង្កឡើងដោយវីរុសCOVID-19 ដែលគេជឿថាកើតឡើងដំបូងនៅក្រុងវូហាន ប្រទេសចិន។អាជ្ញាធរជប៉ុនបានអំពាវនាវអោយពលរដ្ឋរបស់ខ្លួនជៀសវាងហ្វូងមនុស្ស ឬចូលរួមការជួបជុំមិនចាំបាច់ណាមួយ។
នាវាDiamond Princess ត្រូវបានអាជ្ញាធរជប៉ុនធ្វើចត្តាឡីស័ក១៤ថ្ងៃចាប់ពីដើមខែកុម្ភៈ បន្ទាប់ពីអ្នកដំណើររបស់វាម្នាក់ចុះនៅហុងកុងនិងត្រូវបានធ្វើតេស្តិ៍ឃើញមានផ្ទុកវីរុសCOVID-19 ។
អាម៉េរិកបានប្រកាសកាលពីថ្ងៃអាទិត្យថា ជនជាតិអាម៉េរិកនៅក្នុងនាវាអាចចាកចេញនិងវិលទៅស្រុក តែពួកគេនឹងប្រឈមការធ្វើចត្តាឡីស័ក(ដាក់នៅដាច់ពីគេ)១៤ថ្ងៃទៀតនៅអាម៉េរិក។
រដ្ឋាភិបាលមួយចំនួនទៀតក៏បានប្រកាសផែនការជម្លៀសពលរដ្ឋរបស់គេចេញពីនាវានេះដែរ។
នាវា Diamond Princess ត្រូវបានធ្វើចត្តាឡីស័កនៅក្រុងយ៉ូកូហាម៉ាតាំងពីថ្ងៃ៥កុម្ភៈ ហើយមកទល់ថ្ងៃអាទិត្យទី១៦កុម្ភៈមនុស្សក្នុងនាវាដែលឆ្លងCOVID-19កើនដល់៣៥៥នាក់៕ប្រែសម្រួល៖វាសនា
Diamond Princess បានមកដល់ជប៉ុនកាលពីដើមខែកុម្ភៈ ជាមួយមនុស្សជាង៣.៧០០នាក់មកពីជាង៥០ប្រទេស។គិតមកត្រឹមថ្ងៃអាទិត្យ មនុស្សជាង៣០០នាក់បានឆ្លងវីរុសនិងអាម៉េរិកចាប់ផ្តើមជម្លៀសពលរដ្ឋខ្លួនចេញ