ដោយ:វិបុល/ភ្នំពេញ ៖ ក្រសួងអភិឌ្ឍជនបទ បានដាក់ចេញនូវទិសដៅស្នូល នៅឆ្នាំ​២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្ដភាព។ នេះបើតាមការបញ្ជាក់ របស់លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០​នេះ។

លោកបានលើក បញ្ជាក់អំពី ភាពរីចម្រើននៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញពី សមិទ្ធផលចម្បងៗ ដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមយុទ្ធសាស្ត្រ ដែលមានកក្តារួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមមានដូចជា ការងារពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តចម្បង ទី១.សម្រាប់គាំទ្រដល់ដំណើរការរបស់ក្រសួងទាំងមូល ជាពិសេសការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដូចជាកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការជាដើម, ២.យុទ្ធសាស្រ្តចម្បងទី២ បានផ្តោតលើវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាពហុភាគី និងទ្វេរភាគី, ៣.យុទ្ធសាស្រ្តចម្បងទី៣ ក្រសួងបានកំណត់លើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដែលធ្លាប់ពឹងផ្អែកស្ទើរទាំងស្រុងទៅលើធម្មជាតិ ពុំមានអនាម័យធ្វើជាមធ្យោបាយក្នុងការរស់នៅ មកជាការរស់នៅ តាមបែបវិទ្យាសាស្រ្ត។ ករណីនេះ ក្រសួងបានកំណត់ចក្ខុវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបរស់នៅ សហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព និង ៤.យុទ្ធសាស្រ្តចម្បងចុងក្រោយ ក្រសួងបានផ្តោលើការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជនបទ និងជនជាតិដើមភាគតិច ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យបានជាង១%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិតកម្មការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។

លោកបានបន្ដថា ដើម្បីសម្រេចបាននូវគោលដៅនេះ ក្រសួងបានធ្វើនូវសកម្មភាពសំខាន់ៗដូចជា ១. ចុះបំផុសការសាងសង់បង្គន់អនាម័យដល់សហគមន៍
២. សាងសង់បង្គន់អនាម័យចាក់ទឹកតាមផ្ទះឯកជន
៣. ចុះពិនិត្យតាមដាន និងបំផុសការលើកកម្ពស់អនាម័យនៅតាមសហគមន៍
៤. រៀបចំវគ្គបណ្ដុះបណ្ដាលមន្រ្ដី ជាគ្រូបង្គោលតាមមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
៥. ចុះពិនិត្យតាមដាន និងវាយតម្លៃ
៦. ផ្ដល់ចានបង្គន់ដល់ប្រជាពលរដ្ឋ៕b/

លោកចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍជនបទ